សហរដ្ឋអាមេរិក និងហ្វីលីពីន កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលនឹងអនុញ្ញាតឱ្យអាមេរិក នាំចេញបច្ចេកវិទ្យា និងសម្ភារនុយក្លេអ៊ែរ ទៅកាន់ហ្វីលីពីន ដែលកំពុងស្វែងរកការប្រើប្រាស់ ថាមពលនុយ ក្លេអ៊ែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលដែលបញ្ចេញកាបូន និងជំរុញឯករាជភាពថាមពល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ីនកែន បាននិយាយក្នុងពិធីចុះហត្ថលេខាខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាក្រុងសានហ្រ្វានស៊ីស្កូថា៖«សហរដ្ឋអាមេរិក នឹងអាចចែករំលែកឧបករណ៍ និងសម្ភារជាមួយហ្វីលីពីន នៅ ពេលពួកគេធ្វើការដើម្បីបង្កើតរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច និងហេដ្ឋារចនាសម្ព័ន្ធថាមពលនុយក្លេអ៊ែរស៊ីវិលដទៃទៀត»។
ការចរចាផ្សេងៗសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលគេឱ្យឈ្មោះថា៖ «កិច្ចព្រមព្រៀង១២៣» បានចាប់ផ្ដើមតាំងពីខែវិច្ឆិកា ឆ្នាំមុន។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ឺឌីណង់ ម៉ាកូស ជូនៀរ បានថ្លែងក្នុងសុន្ទរកថាមួយថា៖«យើងមើលឃើញថា ថាមពល នុយក្លេអ៊ែរ នឹងរួមចំណែកក្នុងល្បាយថាមពលរបស់ប្រទេសហ្វីលីពីន នៅឆ្នាំ ២០៣២ ហើយយើងលើសពីសប្បាយចិត្តទៅទៀតក្នុងការបន្តផ្លូវនេះជាមួយអាមេរិក»។
លោកបន្តថា៖«ថាមពលនុយក្លេអ៊ែរគឺជាវិស័យមួយដែលយើងអាចបង្ហាញថា សម្ព័ន្ធភាពនិងភាពជាដៃគូរបស់ហ្វីលីពីន-អាមេរិក ពិតជាដំណើរការ»។
ក្រោមកិច្ចព្រមព្រៀងដដែល គេត្រូវការការអនុម័តពីសភាអាមេរិក ជាចាំបាច់ នៅពេលមានការផ្ទេរដោយសន្តិវិធីនៃសម្ភារ បរិក្ខារ និងព័ត៌មាននុយក្លេអ៊ែរ ដោយប្រកាន់ខ្ជាប់នូវតម្រូវការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
គិតត្រឹមចុងឆ្នាំ ២០២២ សហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងទាក់ទងនុយក្លេអ៊ែរចំនួន ២៣ ជាមួយប្រទេសចំនួន ៤៧ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងកោះតៃវ៉ាន់។
ហ្វីលីពីនចង់ទាញយកថាមពលនុយក្លេអ៊ែរ ជាប្រភពថាមពលជំនួសខណៈស្វែងរកការបញ្ឈប់ការប្រើប្រាស់ថាមពលពីធ្យូងថ្ម ដើម្បីជួយបំពេញគោលដៅអាកាសធាតុ និងជំរុញសន្តិសុខថាមពល។ ប្រទេសនេះ ងាយរងគ្រោះដោយសារតម្លៃប្រេងពិភពលោក ការដាច់ចរន្តអគ្គិសនីតាមរដូវកាលនិងអត្រាអគ្គិសនីខ្ពស់។ ថាមពលនុយក្លេអ៊ែរ នៅហ្វីលីពីនពីមុនត្រូវបានបញ្ឈប់ដោយសារការបារម្ភអំពីបញ្ហាសុវត្ថិភាព៕