ប្រឈមការគំរាមកំហែងពីកងទ័ពចិនលើតំបន់កោះមួយចំនួនដែលភាគីទាំង ២ ទាមទារធ្វើជាម្ចាស់លើប្រជុំកោះនៅសមុទ្រចិនខាងត្បូង ទាហានជប៉ុនធ្វើសមយុទ្ធលើកោះដែលគេមើលឃើញថាងាយរងគ្រោះពីសំណាក់ការវាយប្រហារពីកងទ័ពចិនដែលកំពុងកើនឡើងនូវឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់។ នេះតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេចក្តីរាយការណ៍បានឱ្យដឹងថា កងទ័ពជើងទឹក ឬហៅថា «កងម៉ារីន» ជប៉ុនស្ថិតក្នុងរថយន្តវាយប្រហារតាមអាកាសបានវាយលុកឆ្នេរកោះមួយនៅមាត់សមុទ្រចិនខាងកើតកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាក្នុងការវាយប្រហារក្លែងក្លាយមួយដែលធ្វើត្រាប់ដូចមែនទែនដើម្បីបណ្តេញកងទ័ពឈ្លានពានចេញពីទឹកដីដែលទីក្រុងតូក្យូព្រួយបារម្ភថា ងាយរងការវាយប្រហារណាមួយពីសំណាក់ប្រទេសចិន។
ការកើនឡើងឥទ្ធិពលរបស់ចិនទាំងវិស័យយោធា សេដ្ឋកិច្ច និងនយោបាយ បានធ្វើឱ្យប្រទេសមួយចំនួនដែលជាសម្ព័ន្ធមិត្តអាមេរិកមានកង្វល់ជាខ្លាំង និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការឈ្លានពានណាមួយក្នុងថ្ងៃអនាគត ជាពិសេសការប្រើប្រាស់យោធាប្រឆាំងតៃវ៉ាន់ដើម្បីក្រសោបយកកោះដែលមានប្រជាជនជាង ២៣ លាននាក់វិលមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។
ប្រទេសជប៉ុនមិនត្រឹមតែប្រឈមជាមួយចិនប៉ុណ្ណោះទេ ប៉ុន្តែក៏នៅប្រឈមជាមួយនឹងរុស្ស៊ី និងកុម្មុយនីស្តកូរ៉េខាងជើងដែលមានមីស៊ីលផ្លោងអន្តរទ្វីបផងដែរ។
សមយុទ្ធយោធានៅលើកោះ Tokunoshima ភាគនិរតីប្រទេសជប៉ុន បានបិទបញ្ចប់សមយុទ្ធរយៈពេល ១១ ថ្ងៃទូទាំងប្រទេសដែលមានឈ្មោះថា 05JX ដែលមានន័យថាដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងជើងគោក ជើងទឹក/សមុទ្រ និងអាកាសដើម្បីការពារទឹកដីជប៉ុន និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ។
រ៉យទ័របានដកស្រង់សម្តី ឧត្តមសេនីយ៍ Yoshihide Yoshida នាយសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារ បាននិយាយ បន្ទាប់ពីនោះថា៖ «គោលដៅរបស់សមយុទ្ធ JX គឺដើម្បីបង្ហាញថា បើសិនមានស្ថានការណ៍គ្រាអាសន្នដែលកើតចេញពីការវាយប្រហារ នោះយើងអាចឆ្លើយតបតាមវិធីរួមគ្នា»។
តាមការសរសេររៀបរាប់ពីព្រឹត្តិការណ៍ធ្វើសមយុទ្ធនោះ យានជំនិះវាយលុករបស់កងកម្លាំងស្វ័យការពារជើងគោក បានចាប់ផ្តើមវាយប្រហារចេញពីនាវាចតរបស់កង-កម្លាំងការពារស្វ័យការពារដែនសមុទ្រចំនួន ២ ដែលបោះយុថ្កានៅឆ្នេរសមុទ្រ។ កងទ័ពផ្សេងទៀតបានមកដល់ទូកកៅស៊ូពាក់កណ្តាលដែលអណ្តែត ដោយមានឧបករណ៍ធុនធ្ងន់ដឹកទៅច្រាំងនៅលើយន្តហោះយោធា។
មិនដូចឆ្នេរជាច្រើននៅតាមខ្សែច្រវាក់កោះភាគនិរតីរបស់ប្រទេសជប៉ុនដែលលាតសន្ធឹងឆ្ពោះទៅកាន់កោះតៃវ៉ាន់នោះទេ ឆ្នេរមួយនៅលើកោះ Tokunoshima មិនមានថ្មប៉ប្រះទឹកផ្កាថ្មដែលនឹងធ្វើឱ្យប្រតិបត្តិការយោធាកាន់តែលំបាកនោះទេ។
វិសាលភាព និងល្បឿននៃសមយុទ្ធយោធានៅក្នុងប្រទេសជប៉ុនទំនងជានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ រួមទាំងជាមួយកងកម្លាំងសហរដ្ឋអាមេរិក បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) ក្នុងខែធ្នូ បានបង្ហាញពីការកសាងយោធាដ៏ធំបំផុតរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី ២ ជាមួយនឹងការសន្យាបង្កើនការចំណាយទ្វេដងលើវិស័យការពារជាតិរយៈពេលជាង ៥ ឆ្នាំ។
សង្គ្រាមឈ្លានពានកើតមាននៅតំបន់ផ្សេងៗ បញ្ហាតៃវ៉ាន់ និងអាស៊ីបូព៌ាក៏កាន់តែផុយស្រួយដូចគ្នា៕