រដ្ឋមន្ត្រីអារ៉ាប់ និងប្រទេសមូស្លីម បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដែលជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម ៥ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាជាបន្ទាន់។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រីអារ៉ាប់ និងប្រទេសមូស្លីមបានអំពាវនាវកាលពីថ្ងៃចន្ទសម្រាប់បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា ខណៈគណៈប្រតិភូរបស់ប្រទេសទាំងនេះ បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងជាទីដែលពួកគេចុះចតលើកដំបូងនៃដំណើរទស្សនកិច្ចដើម្បីជំរុញឲ្យបញ្ចប់អរិភាពនិងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា។
គណៈប្រតិភូដែលគ្រោងនឹងជួបជាមួយមន្ត្រីតំណាងឱ្យសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏កំពុងដាក់សម្ពាធលើលោកខាងលិចដើម្បីបដិសេធយុត្តិកម្មរបស់អ៊ីស្រាអែលចំពោះសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីន ក្រោមហេតុផល«ការការពារខ្លួន»។
មន្ត្រីការទូតអារ៉ាប់និងប្រទេសមូស្លីមដែលជួបប្រជុំជាមួយអ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ គឺមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អេហ្ស៊ីប ឥណ្ឌូនេស៊ី ប៉ាឡេស្ទីន និងអង្គការសហប្រតិបត្តិការឥស្លាម។
កិច្ចប្រជុំកំពូលវិសាមញ្ញអ៊ីស្លាម-អារ៉ាប់រួមនៅទីក្រុងរីយ៉ាដក្នុងខែនេះក៏បានជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិស៊ើបអង្កេត «ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអ៊ីស្រាអែលកំពុងប្រព្រឹត្ត» នៅក្នុងទឹកដីប៉ាឡេស្ទីន។
អារ៉ាប៊ីសាអូឌីត បានព្យាយាមដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សម្រាប់ការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា ហើយព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាអ្នកគ្រប់គ្រងជាក់ស្តែងរបស់អារ៉ាប៊ីសាអូឌីត បានប្រមូលផ្តុំមេដឹកនាំអារ៉ាប់ និងមូស្លីម ដើម្បីធ្វើឱ្យសេចក្តីថ្លែងការណ៍របស់ពួកគេមានទម្ងន់។
កិច្ចប្រជុំកំពូលក៏បានទាមទារឱ្យបញ្ចប់ការឡោមព័ទ្ធតំបន់ហ្គាហ្សា ការទទួលបានជំនួយមនុស្សធម៌ និងការបញ្ឈប់ការលក់អាវុធទៅឱ្យអ៊ីស្រាអែល។
ប្រទេសអ៊ីស្រាអែលបានប្រកាសធ្វើសង្គ្រាមវាយបកលើក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលបានបើកការវាយប្រហារដំបូងក្នុងសង្គ្រាមចុងក្រោយកាលពីថ្ងៃទី៧ខែតុលា ចំពេលប្រទេសអ៊ីស្រាអែលប្រារព្ធពិធីបុណ្យឈប់សម្រាប់រយៈពេល១សប្តាហ៍ ហើយប្រជាជនកំពុងតែស្ថិតនៅក្នុងពេលវេលាវិសមកាល ជប់លៀង និងការកម្សាន្តសប្បាយ៕