អាជ្ញាធរ​មូលដ្ឋាន​បាន​​ឱ្យ​ដឹង​ថា​ មនុស្ស​​យ៉ាង​ហោច​ណាស់​​ ៣២ ​នាក់​ រួម​ទាំង​កង​រក្សា​សន្តិភាព ​របស់​អង្គការ​សហប្រជាជាតិ​ម្នាក់​ ត្រូវ​បាន​សម្លាប់​​​​ក្នុង​​ការ​​វាយ​ប្រហារ​ដ៏​បង្ហូរ​​​ឈាម​​នៅ​តំបន់រដ្ឋបាល​​​ Abyei ​ដែល​ជា​តំបន់​ជម្លោះ​រវាង​ស៊ូដង់​ និង​ស៊ូដង់​ខាង​ត្បូង​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

 ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​ ​ក្រៅពី​ទាហាននៃ​ប្រទេស​​ហ្គាណា​ម្នាក់​ដែល​បម្រើ​ការ​​ជា​កង​​កម្លាំង​រក្សាសន្តិភាព អ្នក​ដែល​ស្លាប់​​ផ្សេងទៀ​ត​សុទ្ធ​សឹង​តែ​ជា​ជន​ស៊ីវិល​។ ពួក​គេ​ស្លាប់​នៅ​ពេល​​​ក្រុម​ប្រដាប់​អាវុធ​​មិន​ស្គាល់​មុខ​ ចូល​បាញ់​​ប្រហារ​ភូមិ​ចំនួន​​២​នៅ​ភាគ​ខា​ង​ត្បូង​នៃ​ក្រុង​ Abyei​ នៃ​តំបន់ ​Abyei ។​​

​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ប្រចាំ​តំបន់​ Abyei​លោក​ BolisKuoch​ បាន​និយាយ​ថា​ មនុស្ស​ ៣២​ នាក់​ត្រូវ​បា​ន​​សម្លាប់​ និង​២០​ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ «​ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​គ្នា​បាន​បញ្ឈប់​​ ហើយ​ស្ថានភាព​បាន​ស្ង​ប់​​ស្ងាត់​វិញ​ហើយ​»​។

ចំណែក​ឯ​លោក​ Arou Manyiel Arou​ អគ្គលេខាធិការ​នៃ​ការិយាល័យ​អ្នក​គ្រប់​គ្រង​តំបន់​រដ្ឋបាល​ Abyei​ បាន​​និយាយ​ប្រាប់​សារព័ត៌មាន​ចិន​ស៊ីនហួ​ ​​​ថា​​ អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​​អាទិត្យ​ ដែល​បង្ក​ឡើង​ដោយ​​យុវជន​ប្រដាប់​អាវុធ​មក​ពី​តំបន់​ Twic County ​នៃ​រដ្ឋ​ស៊ូដង់​ខាង​ត្បូង​ Warrap ដែល​នៅ​ជាប់​តំ​បន់​ Abyei។

​លោក​ Arou បាន​បន្ថែម​ថា​ មាន​សេចក្ដី​រាយការណ៍​ថា​ ក្រុម​ប្រដាប់​អាវុធ​​ធ្វើ​ការ​វាយ​ប្រហារដោយអាច​​មាន​ជំនួយ​ពី​កង​កម្លាំង​ការពារ​ប្រជាជន​ស៊ូដង់​ខាង​ត្បូង​ (SSPDF) ដោយ​មាន​ប្រជាជនក្នុង​ភូមិ​រង​គ្រោះ​​​​អះ​អា​ង​ថា​ ពួក​គេ​​​គេ​ក្រុម​ប្រដាប់​អាវុធមួយ​ចំនួន​​ស្លៀក​ពាក់​ឯក​សណ្ធាន​ SSPDF។ 

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សហគមន៍ក្នុង​តំបន់​​ និង​ឆ្លង​​ដែន​ បាន​កើន​ឡើង​ចាប់​តាំង​ពី​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ដាក់​ពង្រាយ​កង​ទ័ព​របស់​ខ្លួន​ទៅ​កាន់​ទឹក​ដី​ជម្លោះ​កាល​ពី​ខែ​មីនា​។​ បេសកកម្ម​រក្សា​សន្តិភាព​នៅ​​ទីនោះ​បាន​ថ្កោល​ទោស​ការ​ដាក់​ពង្រាយ​កង​ទ័ព​ ដោយ​និយាយ​ថា​ វា​នឹង​បង្កើត​ «​ការ​ឈឺ​ចាប់​ដែល​មិន​អាច​បំភ្លេច​បាន​ និង​កង្វល់​ផ្នែក​មនុស្ស​ធម៌​» ​សម្រាប់​ជន​ស៊ីវិល​។​

កន្លង​មក​ ​ទាហាន​អន្តរជាតិ​ត្រូវ​បាន​បញ្ជូ​ន​ទៅ​តំបន់​ Abyei​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​កង​កម្លាំង​សន្តិសុខ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ ​ក្នុង​ការ​ជួយ​លុប​បំបាត់​ជម្លោះ​ដែល​កំពុង​កើន​ឡើង​។​

​​កាល​ពី​ដើម​ខែ​នេះ​ បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ប្រចាំ​តំបន់​ស្នែង​អាហ្វ្រិក​ លោក​ស្រី​​​Hanna SerwaaTetteh​បាន​ព្រមាន​ថា​ សង្រ្គាមជាង ​​៧​ ខែ​ នៅ​ស៊ូដង់ ​ដែល​អូស​បន្លាយ​តាំង​ពីពាក់​កណ្ដាល​​ខែ​មេសា​មក​រវាង​កង​​ទ័ព​ស៊ូដង់​ និង​ទាហាន​ប៉ារ៉ា​របស់​ប្រទេស​ ​ហើយ​សម្លាប់​មនុស្ស​ជាង​ ៩ ០​០​០ នាក់​នោះ​​ ​កំពុង​រាល​ដាល​ចូល​ទៅ​ជិត​​ស៊ូដង់ខាងត្បូង​ និង​តំបន់​ Abyei។​​

​ប្រទេស​ស៊ូដង់ ​និង​ស៊ូដង់​ខាង​ត្បូង​ បាន​ខ្វែង​គំនិត​គ្នា​លើ​ការ​គ្រប់​គ្រង​តំបន់​Abyei​ដែល​សម្បូរ​ទៅ​ដោយ​រ៉ែ​ប្រេង​កាត​ ចាប់​តាំង​ពី​ស៊ូដង់​ខាង​ត្បូង​ទទួល​បាន​ឯករាជ្យ​ពី​ស៊ូដង់​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ឆ្នាំ​ ២០០​៥ ​ដែល​​បញ្ចប់​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍​រវាង​​ភាគី​ភាគ​ខាង​ជើង​ និង​ខាង​ត្បូង​​នៃ​ស៊ូដង់​។​កិច្ច​ព្រម​ព្រៀង​ បាន​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​​២​ ដោះស្រាយ​​គ្នា​លើ​បញ្ហា​​Abyei​តាម​រយៈ​ការ​ចរចា​ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ៕