ក្រសួងការបរទេសថៃបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី ១៩ ខែវិច្ឆិកាថា ជនជាតិថៃជាង ២០០ នាក់ ដែលជាប់គាំងក្នុងជម្លោះធ្ងន់ធ្ងររវាងក្រុមយោធា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធមីយ៉ាន់ម៉ា នាភាគខាងជើងនៃប្រទេសនេះ កំពុងត្រូវបានជម្លៀសមកស្រុកតាមរយៈច្រកព្រំដែនចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រសួងនិយាយថា ជនជាតិថៃចំនួន ២៦៦ នាក់ និងជនជាតិហ្វីលីពីន និងសិង្ហបុរីដែលមិនដឹងចំនួនជាក់លាក់ កំពុងជម្លៀសចេញពីទីក្រុង Laukkaingនៃរដ្ឋភាគខាងជើង Shan ទៅកាន់ព្រំដែនមីយ៉ាន់ម៉ា-ចិន ដោយមានជំនួយពីអាជ្ញាធរមីយ៉ាន់ម៉ា។
ក្រសួងបន្តថា ពួគគេបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសចិន ហើយនឹងហោះហើរពីទីក្រុងគុនមីងនៃប្រទេសចិនតាមជើងហោះហើរ២ ទៅកាន់ទីក្រុងបាងកក មុនពេលឆ្លងកាត់ការត្រួតពិនិត្យការជួញដូរមនុស្ស និងកំណត់ត្រាឧក្រិដ្ឋកម្មណាមួយ។
ក្រសួងមិនបានបញ្ជាក់ពីពេលវេលានៃជើងហោះហើរធ្វើមាតុភូមិនិវត្តន៍នេះទេ ប៉ុន្តែថា អ្នកដែលត្រូវបានជម្លៀសខ្លួនកំពុងធ្វើដំណើរទៅកាន់ព្រំដែនចិនកាលពីថ្ងៃអាទិត្យ។
យោធាមីយ៉ាន់ម៉ា ដែលដណ្ដើមអំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើនក្នុងប្រទេស រួមទាំងតំបន់ភាគខាងជើង ខណៈការប្រយុទ្ធគ្នាជាមួយពួគប្រដាប់អាវុធនៃក្រុមជនជាតិភាគតិច និងកងកម្លាំងតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងបន្តយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ មុនការប្រកាសពីមាតុភូមិនិវត្តន៍ប្រជាជនថៃពីក្រសួងការបរទេសថៃកាលពីថ្ងៃអាទិត្យអាជ្ញាធរថៃបាននិយាយថាមនុស្សមួយចំនួនដែលជាប់ក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស ហើយខ្លះទៀតអាចជាប់ពាក់ព័ន្ធជាមួយនឹងក្រុមទំនើងបោកបញ្ឆោតតាមទូរគមនាគមន៍។
យោងទៅតាមអង្គការសហប្រជាជនជាតិ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសមីយ៉ាន់ម៉ា បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការបោកប្រាស់តាមទូរគមនាគមន៍ និងការក្លែងបន្លំតាមអ៊ីនធឺណិតផ្សេងៗទៀត ដោយមានមនុស្សរាប់សែននាក់ក្រុមឧក្រិដ្ឋជនជួញដូរ និងបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ និងប្រតិបត្តិការខុសច្បាប់ផ្សេងទៀត។
ការជម្លៀសជនជាតិថៃទៅកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ធ្វើឡើង១ថ្ងៃបន្ទាប់ពីជនជាតិថៃចំនួន ៤១ នាក់ ដែលជាប់គាំងក្នុងជម្លោះប្រដាប់អាវុធដូចគ្នាត្រូវបានគេបញ្ជូនមកប្រទេសថៃវិញ ក្រោមការសម្របសម្រួលរវាងអាជ្ញាធរថៃ និងកងទ័ពមីយ៉ាន់ម៉ា៕