ស្ករនៅទូទាំងពិភពលោកបានជួញដូរក្នុងតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១១ និងកំពុងបន្តកើនឡើងពោលគឺព្រោះតែការផ្គត់ផ្គង់របស់ពិភពលោកមានកម្រិតទាបជាងបរិមាណបន្ទាប់ពីអាកាសធាតុរាំងស្ងួតខុសពីធម្មតាបង្កផលប៉ះពាល់ដល់ការប្រមូលផលនៅក្នុងប្រទេសឥណ្ឌានិងថៃដែលជាប្រទេសនាំចេញធំទីពីរនិងទីបីរបស់ពិភពលោក។
នេះជាផលប៉ះពាល់ចុងក្រោយបង្អស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងប្រឈមមុខនឹងការខ្វះខាតនូវអាហារសំខាន់ៗដូចជាអង្ករស្បៀងអាហារមួយចំនួនទៀតដែលជាប់បំរាមដោយសារបញ្ហាអតិផរណា។ទាំងអស់នេះរួមចំណែកដល់បញ្ហាអសន្តិសុខស្បៀងដោយវាបង្កដោយផលប៉ះពាល់ធ្ងន់ធ្ងរពីបាតុភូតអាកាសធម្មជាតិ El Nino សង្គ្រាមនៅអ៊ុយក្រែននិងការចុះខ្សោយនៃរូបិយប័ណ្ណមួយចំនួន។
ដោយឡែកសម្រាប់បណ្តាប្រទេសលោកខាងលិចដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនប្រហែលអាចទទួលការឡើងថ្លៃខ្ពស់បានប៉ុន្តែសម្រាប់ប្រទេសក្រីក្រប្រាកដជាត្រូវត្រដររស់។
អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិកំពុងព្យាករថាផលិតកម្មស្ករពិភពលោកក្នុងឆ្នាំ២០២៣-២៤ នឹងធ្លាក់ចុះចំនួន២ ភាគរយហើយបើសរុបទៅជាការខាតបង់ប្រមាណគឺស្មើនឹងចំនួន៣,៥លានតោន។ ស្របពេលជាមួយគ្នានេះស្ករដែលគេនិយមប្រើសម្រាប់ជីវឥន្ធនៈដូចជាអេតាណុលធ្វើឱ្យស្ករបម្រុងសាកលធ្លាក់ទៅកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៩ មក។
ប្រេស៊ីល ដែលជាប្រទេសនាំចេញស្ករសដ៏ធំបំផុតរបស់ពិភពលោកត្រូវបានគេជឿថា អាចត្រឹមបំពេញត្រឹមតម្រូវការរបស់ខ្លួនប៉ុណ្ណោះក្នុងឆ្នាំ២០២៤។ រហូតមកដល់ពេលនោះប្រទេសដែលពឹងផ្អែកលើការនាំចូលខ្លាំងដូចជាប្រទេសភាគច្រើននៅអនុតំបន់សាហារ៉ាអាហ្វ្រិកប្រាកដជារងគ្រោះ។
ផលប៉ះពាល់នៃដំណាំជាផ្នែកមួយធំបង្កមកពីបាតុភូត El Nino ដែលជាបាតុភូតធម្មជាតិផ្លាស់ប្តូរលំហូរអាកាសធាតុសកលឱ្យមានលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំងចាប់ពីគ្រោះរាំងស្ងួតរហូតដល់ទឹកជំនន់។បន្ថែមពីលើនេះអ្នកវិទ្យាសាស្ត្រជឿថាការប្រែប្រួលអាកាសធាតុថែមទាំងបាននឹងកំពុងធ្វើឱ្យបាតុភូត El Nino កាន់តែខ្លាំងឡើង។
ប្រទេសឥណ្ឌា បានប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងបំផុតក្នុងរយៈពេលជាងមួយសតវត្សចុងក្រោយកាលពីខែសីហាកន្លងទៅថ្មីៗនេះដោយដំណាំនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌាជាងមួយភាគបីត្រូវបានក្រិនក្នុងដំណាក់កាលលូតលាស់ដ៏សំខាន់។
បើយោងតាមសមាគមរោងម៉ាស៊ីនស្ករឥណ្ឌាផលិតកម្មស្កររបស់ប្រទេសឥណ្ឌា ទំនងជានឹងធ្លាក់ចុះ ៨ ភាគរយនៅឆ្នាំនេះហើយបច្ចុប្បន្ននេះឥណ្ឌាក៏កំពុងរឹតបន្តឹងការនាំចេញស្ករដ្បិតអីខ្លួនជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកហើយក៏ជាអ្នកប្រើប្រាស់ស្ករច្រើនជាងគេបំផុតផងដែរនោះ។
នៅក្នុងប្រទេសថៃឥទ្ធិពល El Nino នៅដើមរដូវដាំដុះបានផ្លាស់ប្តូរមិនត្រឹមតែបរិមាណប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់គុណភាពនៃការប្រមូលផលផងដែរ។នេះបើតាមសម្តីលោក NaradhipAnantasuk ប្រធានសមាគមស្កររបស់ប្រទេសថៃ ហើយលោករំពឹងថាអំពៅប្រមាណត្រឹម ៨៤ លានតោនប៉ុណ្ណោះទំនងជាត្រូវបានកិននៅឆ្នាំ២០២៤ ដែលធ្លាក់ចុះខ្លាំងបើធៀបនឹងចំនួន ១០៣ លានតោន នៅឆ្នាំនេះ។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានព្យាករណ៍ថាទិន្នផលនៅក្នុងប្រទេសថៃធ្លាក់ចុះ១៥ភាគរយគិតត្រឹមខែតុលានេះ។
លោក Palmeri ពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិបាននិយាយថាប៉ុន្មានខែខាងមុខគឺជាកង្វល់ដ៏ធំបំផុត។លោកបន្តថាកំណើនប្រជាជននិងការកើនឡើងនៃការប្រើប្រាស់ស្ករនឹងធ្វើឱ្យទុនបម្រុងស្ករកាន់តែពិបាកខ្លាំង។
យោងតាមទិន្នន័យពី USDA បានឱ្យដឹងថាបច្ចុប្បន្នពិភពលោកមានពេលត្រឹម ៦៨ ថ្ងៃប៉ុណោះ ដើម្បីបំពេញស្តុកឱ្យស្របតាមតម្រូវការពោលគឺពេលតិចជាងគ្រាដែលធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២០ ជាង ១ ខែ ឯណោះដែលឆ្នាំនោះគឺមានពេលចំនួន ១០៦ ថ្ងៃ។
យោងតាម USDA បានឱ្យដឹងដែរថាប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសនាំចូលស្ករច្រើនជាងគេបំផុតកាលពីឆ្នាំមុនថយចុះការនាំចូលចំណែកប្រទេសចិនដែលជាប្រទេសនាំចូលលេខ២ត្រូវបានបង្ខំចិត្តបញ្ចេញស្ករពីស្តុករបស់ខ្លួនដើម្បីកាត់បន្ថយការកើនតម្លៃខ្ពស់ក្នុងស្រុកជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ៕