​ពលរដ្ឋ​អេស្ប៉ាញ​ប្រមាណ​ជា​ ១៧ ​ម៉ឺន​នាក់ ​កាលពី​ថ្ងៃ​សៅរ៍​ទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ប្រមូល​ផ្ដុំគ្នា​នៅតាម បណ្តោយ​ផ្លូវ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ (Madrid) ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​លើកលែង​ទោស​ដ៏​ចម្រូង​ចម្រាស​ ដែល​ទើប​នឹង​អនុម័ត​ចេញ​ដោយ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ។

 ច្បាប់​នេះ​មាន​គោលបំណង​លើកលែងទោស​ដល់​អ្នក​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​ការប៉ុនប៉ង​ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូនី (Catalonia) នៅ​ឆ្នាំ២០១៧​ ប៉ុន្តែ​បាន​បរាជ័យ។ ​យ៉ាងណា​ក៏ដោយ ច្បាប់​នេះ​បាន​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​ជនជាតិ​អេ​ស្ប៉ា​ញ​ជាច្រើន​ដែល​ជឿថា​វា​ជា​រឿង​អយុត្តិធម៌ និង​ធ្វើឱ្យ​ខូច​ដល់​នីតិរដ្ឋ។

ការតវ៉ា​នេះ​បាន​កើតឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​សង្គមនិយម​អេ​ស្ប៉ា​ញ​លោក ប៉េ​ដ្រូ សាន់​ឆេស (Pedro Sanchez) ដែល​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ថ្មី និង​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​រយៈពេល ៤ ឆ្នាំ​ខាងមុខ​បន្តទៀត បានប្រកាស​គាំទ្រ​ច្បាប់​លើកលែងទោស​នេះ​កាលពី​ពីរ​ថ្ងៃមុន​ការតវ៉ា​ប្រឆាំង។

បាតុកម្ម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការតវ៉ា​ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​ផងដែរ។

ក្រុមអ្នកតវ៉ា​ដែល​កាន់​ទង់ជាតិ​អេ​ស្ប៉ា​ញ និង​ស្លាក​សញ្ញា​ដែល​សរសេរថា ៖ «លោក​សាន់​ឆេស​ជា​ជន​ក្បត់ជាតិ» និង «សូមកុំ​លក់​ប្រទេស​អេ​ស្ប៉ា​ញ»បាន​ប្រមូល​ផ្តុំគ្នា​ប្រឆាំងនឹង​ច្បាប់​លើកលែងទោស​នេះ។ ច្បាប់​នេះ​ផងដែរ ក៏ត្រូវ​បាន​សមាគម​ផ្នែក​ច្បាប់​ជាច្រើន គណបក្សប្រឆាំង ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សាជីវកម្ម​ជាច្រើន បាន​អះអាងថា វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​នីតិរដ្ឋ និង​តុល្យភាព​អំណាច។

យោងតាម​ក្រុមមន្ត្រី​អេ​ស្ប៉ា​ញ​ បានឱ្យដឹងថា បាតុករ​មាន​ប្រហែល​ចំនួន ១៧ ម៉ឺន​នាក់។ មេដឹកនាំ​គណបក្ស​អភិរក្សនិយម​ដែលជា​បក្សប្រឆាំង លោក អាល់​បឺ​តូ នូ​ណេ​ស ហ្វី​ជូ (Alberto Nunez Feijoo) និង​ប្រធាន​គណបក្ស​ស្ដាំនិយម​ជ្រុល វ៉​ក់ស៍ (Vox) លោក​សាន់​ធី​អា​ហ្គោ អា​បា​ស្កាល (Santiago Abascal) ក៏បាន​ចូលរួម​ក្នុង​ការដើរ​ហែ​ក្បួន​ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​នេះ​ផងដែរ។

បន្ទាប់ពី​ការប្រមូលផ្ដុំ​នេះ មនុស្ស​រាប់រយ​នាក់​បាន​បន្តធ្វើ​ការតវ៉ា​នៅលើ​ផ្លូវ​តូច​មួយ​ក្បែរ​វិមាន​ម៉ូ​ន​ខ្លាវ (Moncloa) ដែលជា​លំនៅដ្ឋាន​របស់​នាយករ​ដ្ឋ​មន្ត្រី​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ។ ផ្លូវ​លេខA6 ត្រូវបាន​បិទ​រយៈពេល​មួយ​ម៉ោង​ក្នុងអំឡុងពេល​តវ៉ា ប៉ុន្តែ​បាន​បើក​ឡើងវិញ​នៅពេលដែល​ក្រុមប៉ូលិស​បាន​បណ្ដេញ​អ្នក​តវ៉ា​ចេញ។ ទន្ទឹមនឹងនេះ ការតវ៉ា​មួយទៀត​ក៏បាន​កើតឡើង​ផងដែរ​នៅ​ស្ថានទូត​អេ​ស្ប៉ា​ញ​ប្រចាំ​នៅ​អង់គ្លេស នាទី​ក្រុង​ឡុង​ដ៍ (London)។

ការលើកលែងទោស​នេះ គឺ​នឹង​ត្រូវបាន​ផ្ដល់ជូន​ដល់​មនុស្ស​ប្រហែល ៤០០ នាក់ ដែល​បាន​ជាប់ទោស​ពី​ការព្យាយាម​ប្រកាស​ឯករាជ្យ​កាលពី​ឆ្នាំ២០១៧ រួមទាំង​ក្រុម​បំបែក​ខ្លួន និង​ប៉ូលិស​មួយចំនួន​ដែល​បាន​ប៉ះទង្គិច​ជាមួយ​សកម្មជន។

ការបោះឆ្នោត​ដើម្បី​ស្វែងរក​សំឡេងគាំទ្រ​ឯករាជ្យភាព​សម្រាប់​តំបន់​កាតា​ឡូ​នី ដែល​រួមមាន​ខេត្ត​បា​សេ​ឡូ​ណា (Barcelona) ខេត្ត​ហ្គី​រ៉ូ​ណា (Girona) ខេត្ត​លីដា (Lleida) និង​ខេត្ត​តា​រ៉ា​ហ្គោ​ណា (Tarragona) ត្រូវបាន​តុលាការ​ប្រកាស​សម្រេច​ថា​ជា​ទង្វើ​ខុសច្បាប់។ការណ៍​នេះ​បាន​ជំរុញឱ្យមាន​វិបត្តិ​នយោបាយ​ដ៏​ធំ​នៅ​អេ​ស្ប៉ា​ញ ដែលជា​វិបត្តិ​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រថ្មីៗនេះ។

ច្បាប់​លើកលែងទោស​លើក​នេះ​គឺជា​ការលើកលែង​ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ​បំផុត​រាប់​ចាប់តាំងពី​ច្បាប់​លើកលែងទោស​មួយ​ដែល​បានអនុម័ត​ក្នុង​ឆ្នាំ១៩៧៧ ដែល​កាលនោះ គឺជា​ការលើកលែងទោស​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុងអំឡុងពេល​របប​ផ្តាច់ការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​អេ​ស្ប៉ា​ញ ហ្វ្រ​ង់​ស៊ី​ស្កូ ហ្វ្រ​ង់​កូ (Francisco Franco)។ហើយ​នេះ​ក៏​ជា​ច្បាប់​លើកលែងទោស​លើកដំបូង​ដែល​ត្រូវបាន​អនុម័ត​ក្នុង​សហភាព​អឺរ៉ុប​ចាប់ពី​ឆ្នាំ១៩៩១។

លោក សាន់​ឆេស បានឈ្នះ​ការបោះឆ្នោត​សភា​សម្រាប់​បង្កើត​និង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ដោយមាន​សំឡេងគាំទ្រ ១៧៩ទល់នឹង ១៧។ លោក​បានបង្ហាញ​ជំហរ​គាំទ្រ​ច្បាប់​នេះ ដោយ​បញ្ជាក់ថា​ការលើកលែងទោស​នេះ​នឹង​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​កំពុង​កើត​មាននៅ​តំបន់​កាតា​លូ​នី។

ក្រុមអ្នកតវ៉ា រួមទាំង​ក្រុម​អ្នកគាំទ្រ​លទ្ធិ​ណា​ស៊ី (Neo-Nazi) បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ទីស្នាក់ការ​បក្ស​សង្គមនិយម​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ (Madrid) អស់​រយៈពេល ១៥ យប់ ជាប់ៗគ្នា​ចាប់តាំងពី​ការអនុម័ត​ច្បាប់​នេះ ​ត្រូវ​បានប្រកាស។ អំឡុងពេល​បាតុកម្ម ក៏មាន​ការប៉ះទង្គិច​គ្នា​ខ្លះ​ជាមួយ​ប៉ូលិស ដែល​បាន​បណ្តាល​ឲ្យ​របួស​ទាំង​មន្ត្រីប៉ូលិស និង​បាតុករ ប៉ុន្តែ​ជារួម ការតវ៉ា​ភាគច្រើន​បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី។

នៅក្នុង​ការស្ទង់មតិ​ពាក់កណ្តាល​ខែកញ្ញា​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​Metroscopia បាន​រកឃើញថា ប្រមាណ​ជា ៧០% នៃ​អ្នក​ដែល​ត្រូវបាន​សាកសួរ ដែល​ក្នុងនោះ​រួមមាន ៥៩%នៃ​អ្នកគាំទ្រ​គណបក្ស​សង្គមនិយម​ក៏បាន​ប្រឆាំងនឹង​ច្បាប់​លើកលែងទោស​មួយ​នេះដែរ៕