អនាគតប្រធានាធិបតីអាហ្សង់ទីន ដែលទើបជាប់ឆ្នោតកាលពីថ្ងៃអាទីត្យ ដែលធ្លាប់បានអះអាងពីការធ្វើឱ្យចុះខ្សោយលើទំនាក់ទំនងការទូតជាមួយប្រទេសកុម្មុយនីស្ត ដោយសារតែខុសពីគោលនយោបាយបក្សរបស់ខ្លួននោះ ពេលនេះរុស្ស៊ីមិនទាន់ប្រតិកម្មដោយរង់ចាំដល់ពេលចូលកាន់តំណែងជាផ្លូវការសិន។
លោក Javier Milei ដែលជាអ្នកសេរីនិយម និងស្តាំនិយមកាលពីថ្ងៃអាទិត្យ បានឈ្នះការបោះឆ្នោតជុំទី២ ស្ទើរតែ ៥៦ ភាគរយ។ លោកធ្លាប់លើកឡើងក្នុងពេលយុទ្ធនាការបោះឆ្នោតថាគាត់នឹងដកខ្លួនចេញពីទំនាក់ទំនងជាមួយប្រទេសនានារួមទាំងរុស្ស៊ី ចិន និងប្រេស៊ីល ដោយលើកឡើងពីការខ្វែងគំនិតគ្នាជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ក៏បានសម្តែងការគាំទ្រចំពោះអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី ហើយបាននិយាយថាលោកមើលឃើញសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាដៃគូសំខាន់របស់អាហ្សង់ទីន។
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកត់សម្គាល់សេចក្តីថ្លែងការណ៍អំពីប្រទេសរុស្ស៊ីពីប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសអាហ្សង់ទីន លោក Javier Milei ប៉ុន្តែចង់រក្សាទំនាក់ទំនងរឹងមាំជាមួយអាហ្សង់ទីនដូចដែលខ្លួនធ្លាប់មានកន្លងមក។
នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា៖ «យើងបានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍មួយចំនួន ដែលលោក Milei បានធ្វើក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែយើងនឹងផ្តោតលើ និងវិនិច្ឆ័យគាត់ជាសំខាន់ដោយសេចក្តីថ្លែងការណ៍ដែលគាត់ធ្វើបន្ទាប់ពីពិធីចូលកាន់តំណែង»។
លោក Peskov បានបន្ថែមថា «យើងគាំទ្រដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយអាហ្សង់ទីន»។
រដ្ឋាភិបាលអាហ្សង់ទីន ដែលនឹងចាកចេញពីតំណែងបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ដោយបាននាំចូលវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ប្រឆាំងនឹងកូវីដ១៩ និងជំរុញឱ្យចូលរួមជាមួយក្រុមប្រទេស BRICS ដែលគាំទ្រដោយទីក្រុងម៉ូស្គូ៕