ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ឺឌីណង់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) បានថ្លែងថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា គឺជាបញ្ហាដ៏លំបាកមួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលប្លុកត្រូវដោះស្រាយ ខណៈមានការវិវឌ្ឍតិចតួចឆ្ពោះទៅរកដំណោះស្រាយសន្តិភាព ហើយការប្រយុទ្ធគ្នាកាន់តែខ្លាំង។ យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ថ្លែងក្នុងវេទិកាមួយក្នុងរដ្ឋហាវ៉ៃ ដែលផ្សាយផ្ទាល់នៅប្រទេសហ្វីលីពីន នាថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកា លោក ម៉ាកូស បានថ្លែងថា មានការប្តេជ្ញាចិត្តពីអាស៊ាន ប៉ុន្តែបញ្ហាមីយ៉ាន់ម៉ា រួមទាំងផលប៉ះពាល់លើបញ្ហាមនុស្សធម៌ មានភាពស្មុគស្មាញ។
អង្គការសហប្រជាជាតិនិយាយថា មនុស្សជាង ១ លាននាក់ ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចក្នុងឆ្នាំ ២០២១ ដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល ដោយមានការប្រយុទ្ធគ្នាប្រដាប់អាវុធមិនចប់រវាងក្រុមយោធា និងក្រុមប្រឆាំងរបបយោធា។
ការបង្ក្រាបលើក្រុមប្រឆាំងរបស់របបយោធា នៅតែតានតឹង ហើយអាស៊ានបានហាមមន្ត្រីរបបយោធាកំពូលៗ មិនឱ្យចូលរួមកិច្ចប្រជុំរបស់ខ្លួន រហូតទាល់តែពួកគេប្តេជ្ញាចិត្តលើផែនការសន្តិភាពរបស់ប្លុក។
ជុំវិញស្ថានការណ៍ចុងក្រោយនេះ លោក ម៉ាកូស បានថ្លែង ដោយលើកការវិភាគផ្សេងៗថ្មីនេះថា របបយោធាបានបាត់បង់ការគាំទ្រពីយោធារបស់ខ្លួនរួចទៅហើយ។ លោកបន្តថា ការប៉ះពាល់លើបញ្ហាមនុស្សធម៌ដោយសារតែជម្លោះកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំនេះ ដោយហ្វីលីពីនក៏បានរងផលប៉ះពាល់ដោយសារតែពលរដ្ឋខ្លួនស្ថិតក្នុងចំណោមជនរងគ្រោះនៃការជួញដូរមនុស្សនៅទីនោះ៕