ទារកមិនគ្រប់ខែចំនួន ២៨ នាក់ ដែលបានទទួលការថែទាំយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ Al-Shifa ភាគខាងជើងហ្គាហ្សាត្រូវបានជម្លៀសតាមព្រំដែនទៅកាន់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ២០ វិច្ឆិកា ទោះយ៉ាងណាទារក ៥ នាក់ទៀតបានស្លាប់បាត់បង់ជីវិតមុនពេលពួកគេទទួលបានឱកាសជម្លៀសចេញ។ នេះបើយោងតាមអង្គការសហប្រជាជាតិនិងបណ្តាញទូរទស្សន៍រដ្ឋអេហ្ស៊ីប Al Qahera News។
ទារកទាំងនោះត្រូវបានគេជម្លៀសចេញពីតំបន់កាហ្សាកាលពីថ្ងៃអាទិត្យទៅកាន់ទីក្រុងRafahភាគខាងត្បូងជាច្រកព្រំដែនតែ ១គត់ដែលអាចឆ្លងកាត់ទៅកាន់ប្រទេសអេហ្ស៊ីបបាន។យ៉ាងណាក៏ដោយទារកទាំងនេះបានក្លាយជានិមិត្តរូបនៃការរងទុក្ខវេទនារបស់ជនស៊ីវិលចេញពីសកម្មភាពឡោមព័ទ្ធនិងវាយលុកដោយកងកម្លាំងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។
ជាម្តាយរបស់ទារក ២នាក់ក្នុងចំណោមទារកទាំង២៨នាក់អ្នកស្រីAyat Al Daourបានជួបជាមួយកូនស្រីភ្លោះរបស់ខ្លួនមុនពេលពួកគេត្រូវបានផ្ទេរទៅប្រទេសអេហ្ស៊ីប។អ្នកស្រីបាននិយាយថាអ្នកស្រីបានសម្រាលកូននៅមន្ទីរពេទ្យ Al-Shifaខណៈពេលដែលការប្រយុទ្ធកំពុងផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។
អ្នកស្រីនិងកូនៗថែមទាំងត្រូវបានចាប់ឃុំខ្លួនប៉ុន្តែអ្នកស្រីក៏ត្រូវបានគេដោះលែងវិញតែម្នាក់ឯងតែប៉ុណ្ណោះ។បើតាមអ្នកស្រីAyat Al Daourរាប់ចាប់ពីថ្ងៃដែលខ្លួនសម្រាលកូនមកអ្នកស្រីខានបានឃើញមុខកូនអស់រយៈពេល៣៩ថ្ងៃមកហើយ។
អ្នកស្រីបានឱ្យដឹងទៀតថាក្រោយពេលឮដំណឹងអំពីការបញ្ជូនទារកទៅមន្ទីរពេទ្យ Emirati អ្នកស្រីបានដើររាប់ម៉ោងទៅមន្ទីរពេទ្យនោះហើយទីបំផុតបានឃើញកូនស្រីរបស់អ្នកស្រីនៅមានជីវិតនិងមានសុខភាពល្អ។
អ្នកស្រីបានបាននិយាយយ៉ាងដូច្នេះថា៖ «ពេលស្ដាប់ការរាយការណ៍អំពីការស្លាប់របស់ទារកមិនគ្រប់ខែខ្ញុំមិនអាចដឹងថា តើនោះគឺជាកូនរបស់ខ្ញុំឬអត់ឡើយ»។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ដែលជួយរៀបចំការជម្លៀសនេះបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាទារក ៥នាក់បានបាត់បង់ជីវិតហើយដោយសារតែខ្វះអគ្គិសនីនិងប្រេងឥន្ធនៈនៅមន្ទីរពេទ្យ Al-Shifa។
ការណ៍នេះ គឺដោយសារតែអ៊ីស្រាអែលបានដាក់ការឡោមព័ទ្ធនៅតំបន់ហ្គាហ្សាដែលជាការរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្បៀងអាហារនិងទឹក។
យ៉ាងណាមិញអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាក្នុងចំណោមទារកទាំង២៨នាក់មានទារកចំនួន១១នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយពួកគេទាំងអស់ក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ។
ទន្ទឹមនឹងនេះអង្គការ UNICEF បាននិយាយដែរថាអង្គការក៏បានចូលរួមក្នុងកិច្ចប្រឹងប្រែងជម្លៀសដ៏គ្រោះថ្នាក់និងថាស្ថានភាពនៃទារកទាំងនោះកំពុងតែអាក្រក់ទៅៗដោយក្នុងការជម្លៀសទារកទាំងនោះត្រូវបានដាក់នៅក្នុងម៉ាស៊ីនរក្សាស៊ីតុណ្ហភាពជាប់ជានិច្ច។
យ៉ាងណាក៏ដោយការវាយលុករបស់អ៊ីស្រាអែលក្នុងការដណ្ដើមយកតំបន់ Al-Shifaកាលពីសប្ដាហ៍មុនបានធ្វើឱ្យការរស់នៅរបស់ជនស៊ីវិលកាន់តែអាក្រក់ឡើង។ក្នុងនោះមន្ត្រីសុខាភិបាលបានប្រាប់ឱ្យដឹងថាទារកមិនគ្រប់ខែជិត៤០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពហានិភ័យ។មន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យ Al-Shifaបានឱ្យដឹងទៀតថាទារកខ្លះកើតមកមុនពេលម្ដាយរបស់គេត្រូវបានសម្លាប់ខ្លះទៀតបានស្លាប់ភ្លាមៗបន្ទាប់ពីការប្រសូតរួច និងមួយចំនួនទៀតជាអ្នករស់រានមានជីវិតតែម្នាក់គត់ក្នុងគ្រួសារ។
ទារកដែលគេចាត់ទុកថាមិនទាន់គ្រប់ខែនេះជាទារកដែលមានអាយុក្រោម៣៧សប្ដាហ៍ក្រោយការសម្រាល។ក្នុងអំឡុងពេលនេះទារកត្រូវការការមើលថែយ៉ាងដិតដល់ដោយសារប្រព័ន្ធភាពសុំារបស់ពួកគេនៅខ្សោយងាយនឹងឆ្លងជំងឺ៕