ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានថ្កោលទោសលទ្ធភាពនៃការលក់អាវុធទំនើបៗរួមទាំងមីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង ដោយហៅវាថាជាទង្វើដ៏គ្រោះថ្នាក់ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់ និងនាំមកនូវការប្រកួតប្រជែងផ្នែកសព្វាវុធថ្មីមួយ។
សម្ព័ន្ធមិត្តត្រីភាគីនៅអាស៊ីបូព៌ា ដែលមានជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏តែងលើកឡើងពីការខិតចូលជិតគ្នារបស់កូរ៉េខាងជើងនិងរុស្ស៊ី ដែលអាចនាំទៅដល់ការដោះដូរកម្មវិធីអាវុធនុយក្លេអ៊ែរ ដល់កូរ៉េខាងជើង ពីសំណាក់ភាគីរុស្ស៊ី ដោយទទួលបានមកវិញនូវអាវុធសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងការពារជាតិកូរ៉េខាងជើង និយាយក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងព្រមានថា បើអាមេរិកចំណេញពីការលក់អាវុធដោយមិនរើសមុខកាន់តែច្រើន នឹងផលប៉ះពាល់លើបញ្ហាសន្តិសុខនឹងកាន់តែខ្លាំង»។
ក្រសួងបន្តថា ទីក្រុងព្យុងយ៉ាង នឹងបង្កើនវិធានការ ដើម្បីបង្កើតការទប់ទល់សង្គ្រាម ដើម្បីឆ្លើយតបទៅនឹងអស្ថិរភាពនៅក្នុងតំបន់ ដែលបណ្តាលមកពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះ។
ការព្រមានរបស់កូរ៉េខាងជើងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ជប៉ុនគ្រោងនឹងទិញមីស៊ីល Tomahawk ចំនួន ៤០០ គ្រាប់ ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការពង្រឹងយោធាដ៏ធំបំផុតរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី២។
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ដែលអាចនឹងកើតមាននេះ ក្នុងកិច្ចព្រមព្រៀងតម្លៃ ២,៣៥ ប៊ីលានដុល្លារ។ ថ្មីៗនេះផងដែរ សហរដ្ឋអាមេរិក ក៏បានប្រកាសពីការយល់ព្រមលើការលក់មីស៊ីល Sidewinder និង Standard Missile 6 Block I (SM-6) ទៅកាន់កូរ៉េខាងត្បូងផងដែរ។
កន្លងមក កូរ៉េខាងជើង បានរិះគន់ចំពោះអ្វីដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយនិយាយថាខ្លួននឹងបង្ហាញពីអាវុធវាយលុកបន្ថែមទៀត ដើម្បីជាការឆ្លើយតប។
កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី ដែលប្រើសម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBMs) ដែលមានសារៈសំខាន់សម្រាប់ការពង្រឹងសមត្ថភាពវាយលុកជាយុទ្ធសាស្ត្ររបស់យោធាខ្លួន៕