លោកស៊ីជីន​ភីង (Xi Jinping) ប្រធានាធិបតី​ចិន​​កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា​នេះ ​បាន​និយាយថា​ ប្រទេស​ចិន​ ចង់ឱ្យ​ក្រុមហ៊ុន​បារាំង​ កាន់តែច្រើន​មក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​ចិន ហើយ​សង្ឃឹមថា ​ប្រទេស​បារាំង ​នឹង​ផ្តល់​បរិយាកាស​ធុរកិច្ច​ប្រកបដោយ​យុត្តិធម៌​ និង​មិន​រើសអើង​ចំពោះ​ក្រុមហ៊ុន​ចិន។

បើតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​ចិន​ លោក ​ស៊ី​ បានធ្វើការ​អត្ថាធិប្បាយ​នៅក្នុង​ការសន្ទនា​តាម​ទូរ​ស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដោយ​ផ្តោតលើ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អឺរ៉ុប​របស់ខ្លួន។

ក៏ប៉ុន្តែបញ្ហា​ពេល​បច្ចុប្បន្ននេះ ​ស្ថិត​ត្រង់​ប្រទេស​ចិន​ កំពុង​ប្រឈម​នឹង​ការស៊ើបអង្កេត​លើ​រថយន្ត​អគ្គិសនី​របស់ខ្លួន​ពី​សំណាក់​សហភាព​អឺរ៉ុប​និង​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ផលិត​ដែក។ ទន្ទឹមនឹងនោះ​ ប្រទេស​អឺរ៉ុប​មួយចំនួន​ បាន​ត្អូញត្អែរ​អំពី​ច្បាប់​របស់​ចិន​ទាក់ទង​នឹង​ក្រុមហ៊ុន​បរទេស​រកស៊ី​នៅក្នុង​ប្រទេស​នេះ។

ក្នុង​កិច្ចសន្ទនា​ដដែល​នោះ ​លោក ស៊ី បាន​បញ្ជាក់ថាប្រទេស​ចិន​ មាន​ឆន្ទៈ​បង្កើន​ការដោះដូរ​កម្រិត​ខ្ពស់​ជាមួយ​ភាគី​បារាំងនិង​បាន​បន្ថែមទៀតថា លោក​ស្វាគមន៍​ផលិតផល​បារាំង​កាន់តែច្រើន​ ដែល​ចូលមកក្នុង​ទីផ្សារ​ប្រទេស​ចិន។

លោក ស៊ី ក៏បាន​និយាយថាប្រទេស​ចិន​ មាន​ឆន្ទៈ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​បារាំង ​នៅ​អង្គការសហប្រជាជាតិ​និង​ស្ថាប័ន​ពហុភាគី​ផ្សេងទៀត ខណៈ​ប្រទេស​ចិន ​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ក្នុង​ខែ​នេះ។

មេដឹកនាំ​នៃ​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ​របស់​ពិភពលោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រទេស​បារាំង​ ជួយ​ដើរតួនាទី​ស្ថាបនា​ជំរុញ​ការអភិវឌ្ឍ​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​ចិន-សហភាព​អឺរ៉ុប​ ស្រប​ពេលដែល​ទំនាក់ទំនង​នៃ​ភាគី​ទាំង២នេះ​ កំពុង​ជាប់​តានតឹង​លើ​បញ្ហា​ជាច្រើន​ចាប់តាំងពី​ការជំរុញ​របស់​អឺរ៉ុប​ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពី​សំណាក់​ប្រទេស​ចិន​ ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ ​ជាដើម។

លោក ស៊ី ​បាន​អំពាវនាវ​ថាប្រទេស​ចិន ​និង​សហភាព​អឺរ៉ុប​ គួរតែ​នៅតែ​ជា​ដៃគូ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក។

ក្រៅពី​សេដ្ឋកិច្ច​ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា​ មេដឹកនាំ​ទាំង២ ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ជម្លោះ​នៅ​តំបន់​ហ្គា​ហ្សា​ហើយ​បាន​ព្រមព្រៀងគ្នា​ថា​ចាំបាច់​ត្រូវតែចៀសវាង​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែមទៀត ​ជាពិសេស ​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ៕