អាជ្ញាធរមីយ៉ាន់ម៉ា បានប្រគល់ជនសង្ស័យឆបោកតាមទូរគមនាគមន៍ចំនួន ៣១ ០០០ នាក់ ទៅប្រទេសចិន ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរបានបើកការបង្ក្រាបលើការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងខែកញ្ញាមក។ នេះបើតាមអាជ្ញាធរចិនបាននិយាយនៅថ្ងៃទី២១ ខែវិច្ឆិកា។
សេចក្តីរាយការណ៍របស់រ៉យទ័រ បានលើកឡើងថា ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យ ដោយរួមមានអ្នកហិរញ្ញវត្ថុចំនួន ៦៣ នាក់ ផង និងមេគំនិតក្រុមឧក្រិដ្ឋកម្ម ដែលបានបោកប្រាស់ពលរដ្ឋចិន នូវប្រាក់យ៉ាងច្រើន។ ក្រសួងបាននិយាយថា៖«ការបង្ក្រាបបានទទួលលទ្ធផលប្រយុទ្ធដ៏ខ្លាំង»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា មនុស្សជាង ១០ ម៉ឺននាក់ បានចូលរួមក្នុងការក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍ជារៀងរាល់ថ្ងៃនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់យ៉ាងហោចណាស់ ១០០០ ទីតាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំប្រទល់ជាប់នឹងភាគនិរតីនៃប្រទេសចិន។ ប៉ូលិសចិន ចាប់ផ្តើមបង្ក្រាបការក្លែងបន្លំនេះកាលពីខែកញ្ញា។
កាលពីខែវិច្ឆិកា ប៉ូលីស បានចាប់ផ្តើមនូវអ្វីដែលពួកគេនិយាយថាជា «ការវាយប្រហារយ៉ាងរហ័ស» ទៅលើក្រុមឧក្រិដ្ឋកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ប៉ូលិសចិន បាននិយាយថា មេខ្លោងក្រុមក្មេងទំនើងមីយ៉ាន់ម៉ា បានធ្វើអត្តឃាតកាលពីសប្តាហ៍មុន ខណៈកំពុងរត់គេចពីអាជ្ញាធរមីយ៉ាន់ម៉ា។ ក្រោយមកសមាជិកបីនាក់នៃក្រុមក្មេងទំនើងរបស់គាត់ត្រូវបានបញ្ជូនទៅប៉ូលិសចិន។
ជាមួយនឹងការបោកប្រាស់តាមទូរគមនាគមន៍ក្នុងប្រទេសមីយ៉ាន់ម៉ា ផ្តោតលើពលរដ្ឋចិន កើនឡើង ជំនួយការរដ្ឋមន្ត្រីការបរទេសលោក Nong Rong បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែវិច្ឆិកា។
លោកបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា លើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងស៊ីសងតាមអ៊ីនធឺណិតផងដែរ។
លោក Nong ក៏បាននិយាយផងដែរថា ប្រទេសចិនបានគាំទ្រមីយ៉ាន់ម៉ា ក្នុងការរក្សាស្ថិរភាពនៅតាមព្រំដែនរួមរបស់ពួកគេ ខណៈដែលរបបយោធាមីយ៉ាន់ម៉ាបានប្រយុទ្ធជាមួយក្រុមបះបោរនៅក្នុងតំបន់។
យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការវាយប្រហាររំដោះជាច្រើននៅក្នុងតំបន់ព្រំដែនរបស់ខ្លួន ខណៈដែលសម្ព័ន្ធមិត្តនៃក្រុមបះបោរជនជាតិភាគតិចរួមជាមួយ នឹងក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីប្រជែងនឹងការគ្រប់គ្រងរបស់របបយោធា។
ប្រទេសចិន បានអំពាវនាវឱ្យមានសន្តិភាព។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅថ្ងៃទី២០ ខែវិច្ឆិកាថា៖«ប្រទេសចិនបាន និងកំពុងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន ដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងជំរុញឱ្យភាគីពាក់ព័ន្ធដាក់ផលប្រយោជន៍របស់ប្រជាជនជាមុន បញ្ឈប់ការបាញ់ប្រហារ និងបញ្ចប់សង្គ្រាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕