រដ្ឋាភិបាលថៃ នឹងកោះប្រជុំនៅថ្ងៃសុក្រ ក្នុងសប្ដាហ៍នេះ ដើម្បីរកដោះស្រាយបញ្ហានយោបាយក៏ដូចជាពិភាក្សាអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបានស្នើឡើងរួមទាំងពិនិត្យមើលទៅលើគោលការណ៍ «ភាគច្រើនទ្វេដង» (Double-Majority) ដែលមានន័យថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចស្នើទៅបានដោយត្រូវមានសំឡេងគាំទ្រភាគច្រើនដាច់ខាតពីចំនួនអ្នកបោះឆ្នោតសរុបដែលបានចុះឈ្មោះបោះឆ្នោតនិងសំឡេងភាគច្រើននៃអ្នកដែលបានទៅបោះឆ្នោតជាក់ស្ដែង។ គោលការណ៍នេះ ត្រូវបានគេមើលឃើញថាជាឧបសគ្គរារាំងការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ឧបនាយករដ្ឋមន្ត្រី លោក ភូមិថាំ វិឆាយ៉ាឆៃ (PhumthamWechayachai) ដែលដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលបានលើកឡើងកាលពីថ្ងៃចន្ទថាខ្លួននឹងកោះប្រជុំសមាជិករដ្ឋាភិបាលនៅថ្ងៃសុក្រ ដើម្បីពិនិត្យឡើងវិញនូវមតិយោបល់ស្ដីពីអនុគណៈកម្មាធិការដែលគ្រប់គ្រងដោយលោកនីកនចាំណង (NikornChamnong) និងដែលកំពុងធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោតប្រជាមតិ។
កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតដូចជាការបោះឆ្នោតប្រជាមតិនាពេលខាងមុខការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាក់លាក់ណាមួយចំនួននៃប្រជាមតិដែលត្រូវការដើម្បីវិសោធនកម្មស្របច្បាប់និងថវិកាសម្រាប់រៀបចំចំណាយទៅលើការធ្វើប្រជាមតិនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានបដិសេធមិនធ្វើការព្យាករអំពីលទ្ធផលនៃកិច្ចប្រជុំ ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ ខាងមុខនេះនោះទេ។យ៉ាងណាក៏ដោយលោកបានបង្ហាញទំនុកចិត្តថាបញ្ហាសំខាន់ៗខាងលើនឹងត្រូវបានដោះស្រាយឱ្យបានមុនដំណាច់ឆ្នាំហើយបង្ហាញទៅគណៈរដ្ឋមន្ត្រីដើម្បីត្រួតពិនិត្យនៅត្រីមាសដំបូងនៃឆ្នាំ២០២៤ ខាងមុខនេះ។
លោកបានលើកឡើងដោយសុទិដ្ឋិនិយមថា៖ «ខ្ញុំសង្ឃឹមថាយើងនឹងអាចបញ្ចប់រឿងនេះនៅខែមករាឆ្នាំក្រោយ»។
ដោយឡែកលោក នី កន បានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃច្បាប់ប្រជាមតិលើដំណើរការវិសោធនកម្មជាពិសេសត្រង់ផ្នែកទី១៣ ដែលបានចែងអំពីលក្ខខណ្ឌជាក់លាក់ចំនួន២ ដែលត្រូវតែបំពេញមុនពេលលទ្ធផលប្រជាមតិអាចចាត់ទុកថាមានប្រសិទ្ធភាពបាន។
លក្ខខណ្ឌដែលមានចែងក្នុងផ្នែកទី១៣ រួមមានទិដ្ឋភាពសំខាន់ៗចំនួន២៖ ទី១ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតលើសពី ៥០ ភាគរយ ត្រូវតែចូលរួមក្នុងការបោះឆ្នោតប្រជាមតិ និងទី២ សំឡេងភាគច្រើននៃអ្នក ដែលបានបោះឆ្នោតត្រូវតែជាសំឡេងគាំទ្រឱ្យធ្វើវិសោធនកម្ម។
លោក នី កន បានបង្ហាញពីកង្វល់ជុំវិញបញ្ហាប្រឈមនៃការបំពេញតម្រូវការនៃគោលការណ៍ «ភាគច្រើនទ្វេដង»នេះ។លោកបានពន្យល់បន្ថែមថាក្រោមច្បាប់ភាគច្រើនសាមញ្ញ (Simple Majority) អ្នកបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោតយ៉ាងតិច ២៦លាននាក់ក្នុងចំណោមជាង ៥២ លាននាក់ ត្រូវតែចូលរួមបោះឆ្នោត ដើម្បីទទួលបានលទ្ធផលប្រជាមតិមួយដែលអាចចាត់ទុកថាយកជាការបាន។
បន្ថែមលើនេះនៅក្រោមគោលការណ៍ «ភាគច្រើនទ្វេដង»យ៉ាងហោចណាស់គេត្រូវការ១៣លានសំឡេងគាំទ្រក្នុងចំណោម ២៦ លាននាក់ ជាចាំបាច់ក្នុងការដែលអាចស្នើឱ្យធ្វើវិសោធនកម្ម ដើម្បីឱ្យមានភាពស្របច្បាប់។លោកនីកនបានរំលេចថាលោកនឹងលើកឡើងអំពីបញ្ហាលក្ខខណ្ឌនេះនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងមុខ។
ទន្ទឹមនឹងនេះលោកពង្សសាថនសនផេតណារិន (PongsathornSornpetnarin) សមាជិកសភា ខេត្តរ៉ាក់យ៉ង (Rayong) មកពីគណបក្សឈានទៅមុខ (Move ForwardParty) ក៏បានលើកឡើងពីការព្រួយបារម្ភអំពីផ្នែកទី១៣ នៃច្បាប់ប្រជាមតិនេះផងដែរ។លោកបានគូសបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃលក្ខខណ្ឌនេះថាប្រសិនបើមានយុទ្ធនាការមួយដែលលើកទឹកចិត្តអ្នកបោះឆ្នោតយ៉ាងតិច ៥០% មិនឱ្យទៅបោះឆ្នោតប្រជាមតិនោះ ការផ្តួចផ្តើមធ្វើប្រជាមតិនេះនឹងត្រូវបរាជ័យជាក់ជាមិនខាន។
លោក ពង្ស សាថន ដែលមានតួនាទីជាអនុប្រធានគណៈកម្មាធិការសភាទទួលបន្ទុកការអភិវឌ្ឍនយោបាយ និងការចូលរួមពីសាធារណជនបានស្នើថាកម្រិតចំនួនសំឡេងត្រឹម ២៥% គួរតែគ្រប់គ្រាន់ហើយដើម្បីអនុម័តវិសោធនកម្មនេះ៕