ប្រទេស​រុស្សី​​ នៅ​ថ្ងៃ​ចន្ទ​ បាន​ហាមប្រាម​​មន្ត្រី​មួយ​ចំនួន​ពី​ប្រទេស​ម៉ុ​ល​ដាវី​​ ចូល​ទៅ​កាន់​​សហព័ន្ធរុស្ស៊ី​​ និង​​បាន​ត្អូញត្អែរ​អំពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​​ម៉ុលដាវី ​ដែល​គាំទ្រ​អឺរ៉ុប ​​ក្នុង​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​ នៅមុន​ការបោះឆ្នោត​ក្នុងស្រុក​នៅ​ដើមខែ​នេះ។

ចំណាត់ការ​នេះ​គឺជា​ការផ្លាស់ប្តូរ​ចុងក្រោយបង្អស់​រវាង​ភាគី​ទាំង២​ និង​ការចោទប្រកាន់​ដោយ​ប្រទេស​ម៉ុ​ល​ដាវី​ ថា រុស្ស៊ី​បាន និងកំពុង​ដាក់​សម្ពាធ​លើ​កិច្ចការ​របស់​អតីត​រដ្ឋ​សូ​វៀត និង​ការជំរុញ​របស់លោកស្រីប្រធានាធិបតី Maia Sandu ក្នុងការ​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​រុស្ស៊ី​ បាន​​លើក​ឡើង​ថា ឯកអគ្គរដ្ឋទូតម៉ុលដាវី​លោក Lilian Darie ត្រូវបាន​កោះហៅ​​ដើម្បី​ផ្តល់សក្ខីកម្ម​​អំពី​ការសម្រេចចិត្ត​នេះ។

សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​ បាន​និយាយថា «ភាគីម៉ុលដាវី​ ត្រូវបាន​បង្ហាញ​ជាមួយនឹង​ការតវ៉ា​យ៉ាង​ម៉ឺងម៉ាត់​ទាក់ទង​នឹង​ការបន្ត​ធ្វើទុក្ខបុកម្នេញ​ ដោយ​ហេតុផល​នយោបាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ ក្នុងប្រទេសម៉ុលដារី រួមទាំង​ការបិទ​ការចូល​ទៅកាន់​គេហទំព័រ​អ៊ី​ន​ធឺ​ណែ​តរបស់​ពួកគេ»។

ក្រសួង​ការបរទេសរុស្ស៊ី បាន​និយាយថា ​ឯកអគ្គរដ្ឋទូត​ត្រូវបាន​គេ​ប្រាប់ថា​ទីក្រុង​ម៉ូ​ស្គូ​កំពុង​ចាត់វិធានការ «មិន​ស្របគ្នា» ដើម្បី​រារាំង​មន្ត្រី​ម៉ុ​ល​ដាវី​មួយចំនួន ​ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

អ្នកនាំពាក្យ​ក្រសួងការបរទេសម៉ុលដាវី លោក Igor Zaharov បាន​ប្រាប់​ទូរទស្សន៍ Moldova-1 ថា រដ្ឋាភិបាល​បាន​ឈរ​ដោយ​ការពារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន​ពី​ការជ្រៀតជ្រែក​ដោយ​មិន​គិតពី​វិធានការ​របស់​ទីក្រុង​ម៉ូស្គូ​​នោះទេ។

លោក Zaharov បាន​និយាយថា «យើង​ប្តេជ្ញា​បន្ត​ការពារ​កន្លែង​ព័ត៌មាន​របស់​យើង​ពី​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ណាមួយ និង​រក្សា​ជំហរ​រឹងមាំ​របស់​យើង​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត ការវាយប្រហារ​កូនកាត់ និង​ការប៉ុនប៉ង​ធ្វើឱ្យ​ស្ថានការណ៍​នៅ​ម៉ុ​ល​ដាវី​មាន​អស្ថិរភាព»។

សារព័ត៌មានម៉ុលដាវី newsmaker.md បាន​និយាយថា បញ្ជី​ឈ្មោះអ្នក​នយោបាយ​​ដែល​​រុស្ស៊ី​បាន​រារាំង​ គឺ​សមាជិកសភា​ចំនួន១១នាក់ ដែលជា​សមាជិក​នៃ​គណបក្ស​សកម្មភាព និង​សាមគ្គីភាព​គាំទ្រ​អឺរ៉ុប​របស់ ប្រធានាធិបតី Sandu ។

នៅមុន​ការបោះឆ្នោត ម៉ុ​ល​ដាវី​បាន​ផ្អាក​អាជ្ញាប័ណ្ណ និង​រារាំង​ការចូល​ទៅកាន់​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៣០​ ដែល​ខ្លះ​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​រុស្ស៊ី ខ្លះទៀត​នៅ​ម៉ុ​ល​ដាវី ក្រោម​ហេតុផល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu បាន​បរិហារ​ការឈ្លានពាន​របស់​រុស្ស៊ី​ មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចោទ​ក្រុង​ម៉ូស្គូ​ ថា​ បាន​ព្យាយាម​ដក​លោកស្រី​ចេញ​ក្នុង​រដ្ឋប្រហារមួយ។ រុស្ស៊ី​ បដិសេធ​ការចោទប្រកាន់​នេះ ហើយ​និយាយថា Sandu កំពុង​បំភាន់​បរិយាកាស​ប្រឆាំង​រុស្ស៊ី​ក្នុងប្រទេស។