នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកា ថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ ហើយថាវានឹងត្រូវបញ្ជូនទៅសភាក្នុងសម័យប្រជុំ ដែលចាប់ផ្តើមនាខែធ្នូ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ទទួលបានការអនុម័តពីសភា និងការយល់ព្រមពីព្រះមហាក្សត្រ នោះប្រទេសថៃនឹងក្លាយជាប្រទេសទី ៣ នៅអាស៊ី បន្ទាប់ពីកោះតៃវ៉ាន់ និងប្រទេសនេប៉ាល់ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។
កាលពីឆ្នាំមុនសភាថៃ បានពិភាក្សាលើច្បាប់ចំនួន៤ រួមទាំងសហជីពស៊ីវិល សម្រាប់គូស្នេហ៍ភេទដូចគ្នា និងសមភាពអាពាហ៍ពិពាហ៍ ប៉ុន្តែមិនបានទទួលការបោះឆ្នោតព្រមព្រៀងចុងក្រោយមុនសម័យប្រជុំសភាបានបញ្ចប់នោះទេ។
នៅថ្ងៃអង្គារដដែល លោក សេដ្ឋា ក៏និយាយផងដែរ លោកចង់ឱ្យរាជធានីបាងកករបស់ប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Pride ដែលជាព្រឹត្តិការណ៍អបអរភាពចម្រុះភេទនៅឆ្នាំ២០២៨។
ប្រទេសថៃ មានសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដែលបើកចំហជាងគេបំផុតមួយនៅអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ សកម្មជននយោបាយជាច្រើនបាននិយាយថា ច្បាប់ និងស្ថាប័នប្រពៃណីរបស់ប្រទេសថៃ មិនទាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាកប្បកិរិយាសង្គម ហើយនៅតែរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា និងគូស្នេហ៍ភេទដូចគ្នា៕