យោធាកូរ៉េខាងត្បូង នៅថ្ងៃទី ២០ ខែវិច្ឆិកាបានព្រមានកូរ៉េខាងជើង ឱ្យបញ្ឈប់ការរៀបចំបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ឬហៅថា «ផ្ការណបចារកម្ម» ហើយថាខ្លួននឹងដាក់ចេញវិធានការចាំបាច់ប្រសិនបើកូរ៉េខាងជើងនៅតែដំណើរការផ្កាយរណបមួយនេះ។ ការបាញ់បង្ហោះផ្កាយរណបនេះ គឺជាការប៉ុនប៉ងលើកទី ៣ របស់ទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ បន្ទាប់ពីបានបរាជ័យ២លើករួចមកហើយកាលពីដើមឆ្នាំ។
កាលពីប៉ុន្មានសប្តាហ៍មុន ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបានរៀបរាប់ថា ទីក្រុងព្យុងយ៉ាងបានរៀបចំជិតរួចរាល់ហើយសម្រាប់ការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបនេះលើកទី ៣។ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉នស៊ិក (Shin Wonsik) បាននិយាយថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើងអាចធ្វើឡើងនៅសប្តាហ៍នេះ។
លោក កាង ហូភីល (Kang Hopil) ប្រធានផ្នែកប្រតិបត្តិការនៅអគ្គសេនាធិការចម្រុះ បានព្រមានខ្លាំងៗទៅកាន់កូរ៉េខាងជើងឱ្យបញ្ឈប់ការត្រៀមលក្ខណៈសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាភ្លាម។
លោកបានបន្ថែមថា ៖«បើទោះបីជាពួកយើងបានធ្វើការព្រមាន ប៉ុន្តែប្រសិនបើកូរ៉េខាងជើងនៅតែបន្តចចេសបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានេះ យោធារបស់យើងនឹងអនុវត្តសកម្មភាពធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាជនយើង»។
បន្ទាប់ពីការប៉ុនប៉ងលើកទី ២ បរាជ័យក្នុងខែសីហា ទីក្រុងព្យុងយ៉ាងបានរៀបចំផែនការបាញ់បង្ហោះលើកទី ៣ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។កូរ៉េខាងត្បូងថែមទាំងបានអះអាងថា ទីក្រុងព្យុងយ៉ាងកំពុងផ្ដល់គ្រឿងសព្វាវុធទៅឱ្យទីក្រុងម៉ូស្គូជាថ្នូរនឹងការទទួលបានបច្ចេកវិទ្យាអវកាសរបស់រុស្ស៊ី ដើម្បីធ្វើទំនើបកម្មកម្មវិធីអាវុធរបស់ខ្លួន៕