ក្រោយសង្គ្រាមដ៏សែនផ្តាច់ផ្តិលរយៈពេល ៦ សប្តាហ៍ និងសម្លាប់មនុស្សជិត ១៥ ០០០ នាក់ ទាំងនៅលើទឹកដីអ៊ីស្រាអែល និងលើទឹកដីហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ទីបំផុតកិច្ចព្រមព្រៀងបទឈប់បាញ់មួយអាចសម្រេចបានឆាប់ៗ ក្រោមការសម្របសម្រួលរបស់ប្រទេសកាតា ដើម្បីបើកផ្លូវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ចូលទៅតំបន់នោះ។
លោក Ismail Haniyeh ប្រធានក្រុមហាម៉ាស់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២១ ខែវិច្ឆិកាថា ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីន បានឈានទៅជិតសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់មួយជាមួយអ៊ីស្រាអែល។
ក្នុងសេចក្តីថ្លែងការណ៍មួយលោក Ismail Haniyeh បាននិយាយថា មន្ត្រីក្រុមហាម៉ាស់ «ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់» ជាមួយភាគីអ៊ីស្រាអែល ដែលកិច្ចព្រមព្រៀងនេះរៀបចំឡើងដោយប្រទេសកាតាដែលជាប្រទេសមានគុណលើក្រុមហាម៉ាស់អស់រយៈពេលជាយូរមកហើយសម្រាប់ជំនួយឧបត្ថម្ភលើក្រុមហាម៉ាស់។
ទោះបីជាមិនមានព័ត៌មានលម្អិតបន្ថែមអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះក៏ដោយ ប៉ុន្តែមន្ត្រីក្រុមហាម៉ាស់បានប្រាប់ទូរទស្សន៍ Al Jazeera TV ថាការចរចាផ្តោតលើរយៈពេលដែលបទឈប់បាញ់ ការរៀបចំសម្រាប់ការផ្តល់ជំនួយទៅកាន់តំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលក្រុមហាម៉ាសចាប់ឃុំឃាំងសម្រាប់ជាថ្នូរដោះលែងអ្នកទោសប៉ាឡេស្ទីននៅអ៊ីស្រាអែល។
លោក Issat el Reshiq មន្ត្រីហាម៉ាស់ បាននិយាយថា ភាគីទាំង ២ នឹងដោះលែងស្ត្រី និងកុមារ ហើយព័ត៌មានលម្អិតនឹងត្រូវប្រកាសដោយប្រទេសកាតា ដែលកំពុងសម្រុះសម្រួលក្នុងការចរចាដើម្បីនាំភាគីទាំង ២ ឱ្យទទួលយកលក្ខខណ្ឌ។
ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ក្នុងអំឡុងពេលនៃការវាយប្រហារដំបូងនៅថ្ងៃទី ៧ ខែតុលា លើភាគខាងត្បូងអ៊ីស្រាអែលដែលបានសម្លាប់មនុស្ស ១ ២០០ នាក់។ ជាការសងសឹក អ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្គ្រាម រួចប្តេជ្ញាធ្វើសង្គ្រាមចូលតំបន់ហ្គាហ្សាដែលជាទីតាំងលាក់ខ្លួន និងធ្វើសកម្មភាពរបស់ក្រុមហាម៉ាស់ និងបានសន្យាបោសសម្អាតក្រុមនេះឱ្យអស់ ទោះសង្គ្រាមលំបាកប៉ុន្មាន និងចំណាយពេលយូរប៉ុនណា និងរងសម្ពាធអន្តរជាតិធំប៉ុនណាក៏ដោយ។
ក្នុងរយៈពេលនៃសង្គ្រាមដែលអ៊ីស្រាអែលធ្វើសកម្មភាពខ្លាំងបំផុតដោយការទម្លាក់គ្រាប់បែកបំផ្លាញអគារជនស៊ីវិល ដូចជា មន្ទីរពេទ្យ សាលារៀន ដោយសង្ស័យថា សកម្មប្រយុទ្ធហាម៉ាស់លាក់ខ្លួននៅទីតាំងរបស់ជនស៊ីវិល។ ជាលទ្ធផលនៃសោកនាដកម្ម មនុស្សជាង ១៣ ៣០០ នាក់ បានស្លាប់ រាប់សែននាក់បានបង់ទីជម្រក ខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ដោយអង្គការសហប្រជាជាតិ បានហៅសង្គ្រាមនេះអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសង្គ្រាម សូម្បីបុគ្គលិកអង្គការសហប្រជាជាតិយ៉ាងហោច ១០២ នាក់ត្រូវបានសម្លាប់អំឡុងពេលសង្គ្រាមដ៏ខ្លី និងការបាញ់ប្រហារដ៏សាហាវនេះ៕