ក្រោយប្រយុទ្ធគ្នាអស់រយៈពេល ៦ សប្តាហ៍ និងបំផ្លាញតំបន់ហ្គាហ្សា ស្ទើរក្លាយជាផេះ ក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាជាលើកដំបូង ដោយបញ្ឈប់ការប្រយុទ្ធគ្នាទាំងអស់នៅហ្គាហ្សារយៈពេល ៤ ថ្ងៃ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំងមួយចំនួន ដែលត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធហាម៉ាស់ ក្រោមការឡោមព័ទ្ធពីកងទ័ពអ៊ីស្រាអែល។
សេចក្តីរាយការណ៍ជាច្រើនបានលើកឡើងនៅមុននេះថា ក្រុមហាម៉ាស់ប៉ាឡេស្ទីន ដែលឆ្មក់ចូលអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះទី២២ ខែវិច្ឆិកា ថា កិច្ចព្រមព្រៀងនេះនឹងមើលឃើញការដោះលែងស្ត្រី និងកុមារចំនួន ៥០ នាក់ ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស់ជាថ្នូរនឹងការដោះលែងស្ត្រី និងកុមារ ប៉ាឡេស្ទីនចំនួន ១៥០ នាក់ ចេញពីពន្ធនាគារ។
កិច្ច ព្រមព្រៀងដែលទទួលបានដោយលំបាកក្រោមការសម្រុះសម្រួលដោយប្រទេសកាតា ជាមួយភាគីពាក់ព័ន្ធ ក៏នឹងអនុញ្ញាតឱ្យរថយន្តជំនួយមនុស្សធម៌ វេជ្ជសាស្ត្រ និងប្រេងឥន្ធនៈរាប់រយគ្រឿងចូលគ្រប់ផ្នែកទាំងអស់នៃតំបន់ហ្គាហ្សា។
យោងតាមរ៉យទ័រ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែលបានគាំទ្រកិច្ចព្រមព្រៀងនេះនៅថ្ងៃទី២២ ខែវិច្ឆិកា។
រ៉យទ័របានរាយការណ៍ថា មន្ត្រីមកពីប្រទេសកាតា ដែលបាននិងកំពុងសម្រុះសម្រួលការចរចា ក៏ដូចជាសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាច្រើនថ្ងៃបាននិយាយថា កិច្ចព្រមព្រៀងមួយជិតមកដល់ហើយ។
ក្នុងការវាយឆ្មក់ចូលប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់ ត្រូវបានគេជឿថា បានចាប់ចំណាប់ខ្មាំងជាង ២០០ នាក់ និងបានសម្លាប់ប្រជាជនអ៊ីស្រាអែលប្រមាណ ១២០០ នាក់ ក្នុងថ្ងៃតែ១។ ជាការសងសឹកអ៊ីស្រាអែល បានប្រកាសសង្គ្រាមចូលតំបន់ហ្គាហ្សា និងប្តេជ្ញាកម្ទេចក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ឱ្យអស់។
សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ស្ត្រី និងកុមារទាំង ៥០ នាក់ នឹងត្រូវបានដោះលែងក្នុងរយៈពេល ៤ ថ្ងៃ សម្រាប់រាល់ចំណាប់ខ្មាំង ១០ នាក់បន្ថែមទៀត ដែលត្រូវបានដោះលែង ការផ្អាកនឹងត្រូវបានពន្យារពេល ១ ថ្ងៃទៀត ដោយមិនបាននិយាយអំពីការដោះលែង អំឡុងពេលនោះនឹងមានការផ្អាកក្នុងការប្រយុទ្ធ។
មន្ត្រីអាមេរិកម្នាក់ ដែលបានសង្ខេបអំពីការពិភាក្សានេះ បាននិយាយថា មុនពេលកិច្ចព្រមព្រៀងនេះ វានឹងរួមបញ្ចូលការដោះដូរសម្រាប់អ្នកទោសប៉ាឡេស្ទីន ១៥០ នាក់៕