ខណៈពេលដែលប្រឈមលោកខាងលិចដ៏ខ្លាំងក្លា សហព័ន្ធរុស្ស៊ីដែលកំពុងជាប់ដៃក្នុងសង្គ្រាមជាមួយអ៊ុយក្រែន អស់រយៈពេលជាង ២០ ខែមកនេះ បានដាក់ពង្រាយមីស៊ីលអន្តរទ្វីបដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តីក្រសួងការពារជាតិបាននិយាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយកាំជ្រួចមីស៊ីលYarsដែលជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីបថ្មីមួយនៅឯមូលដ្ឋាន Kozelsk ក្នុងតំបន់ Kaluga ភាគនិរតីនៃទីក្រុងម៉ូស្គូ។
រុស្ស៊ីបានពណ៌នាអំពីកាំជ្រួច Yarsដែលត្រូវបានអភិវឌ្ឍក្នុងទស្សវត្សរ៍ឆ្នាំ២០០០ និងមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើន ដែលជាអាវុធថ្មីជាងនេះ ដែលអាចទម្លុះខែលកាំជ្រួចដែលប្រើដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។
RIA បាននិយាយថា កងវរសេនាធំ Kozelskដែលជាកន្លែងដែលមីស៊ីលថ្មីត្រូវបានផ្ទុកទៅក្នុងស៊ីឡូ (silo)គឺជាកងទី១ នៅក្នុងកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ីដែលចាប់ផ្តើមធ្វើឱ្យប្រសើរឡើងដល់មីស៊ីល Yarsដែលផ្ទុកនៅលើ silo ។
រុស្ស៊ីដែលលើកទ័ពឈ្លានពានអ៊ុយក្រែនដំបូងកាលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ កំពុងប្រឈមការវាយបកយ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែនដែលទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឹរ៉ុប។
កងទ័ពរុស្ស៊ីដែលត្រូវបានរំពឹងថា នឹងឈ្នះកងទ័ពអ៊ុយក្រែនយ៉ាងងាយស្រួលក្នុងដំណាក់កាលដំបូងនៃសង្គ្រាមឈ្លាមពាន ដែលរុស្ស៊ីហៅត្រឹមតែ «ប្រតិបត្តិការយោធាពិសេស» បែរជាបាត់បង់អានុភាពវិញក្រោយការវាយបក និងការទទួលបានជំនួយយោធាពីអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប៕