អូស្ត្រាលី​ បាន​​ប្រកាស​​កាល​ពី​ថ្ងៃ​​ទី​២២ ខែ​វិច្ឆិកា​ថា​ ខ្លួន​នឹង​ចំណាយ​ប្រាក់​ ១៧ លាន​ដុល្លារ​​អាមេរិក​​​​ ដើម្បី​បង្កើត​ក្រុម​ «​ជំនួយ​រហ័ស​»​ ​​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​អ៊ិនធឺណិត​​​នៅ​​តំបន់​ប៉ាស៊ីហ្វិក​ ​និង​​​ ១០,៩ លាន​ដុល្លា​​រ​​ផ្សេ​ង​ទៀត​ ​ដើម្បី​កំណត់​ភាព​ងាយ​រង​គ្រោះ​តាម​អ៊ិនធឺណិត​នៅ​​បណ្ដា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

រដ្ឋ​មន្ត្រី​ប៉ាស៊ីហ្វិក​របស់​អូស្រ្តាលី​ លោក​ Pat Conroy ​បាន​និយាយ​ថា​ ក្រុម​ឆ្លើយ​តប​រហ័ស​នឹង​ «​កសាង​ភាព​ធន់​យូរ​អង្វែង​នៅ​ប៉ាស៊ីហ្វិក​»​ និង​ផ្តល់​ការ​គាំទ្រ​យ៉ាង​សំខាន់​។​

​កាល​ពី​ឆ្នាំ​មុន​ ប្រព័ន្ធ​កុំ​ព្យូទ័រ​ និង​អ៊ីមែល​របស់​រដ្ឋាភិបាល​ មន្ទីរពេទ្យ ​និង​តុលាការ​​នៃ​​ប្រទេសកោះ​​វ៉ានូអាទូ ​ត្រូវ​បាន​ជាប់​គាំង​អស់​រយៈ​ពេលជា​ច្រើន​សប្ដាហ៍​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​រតាម​អ៊ិនធឺណិត​​ពី​​ក្រុម​ហែកឃឺរ​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​។ ពេល​នេះ​ អូស្រ្តាលី​បាន​​បញ្ជូន​អ្នក​ជំនាញ​​ផ្នែក​សន្តិសុខ​អ៊ិនធឺណិត​​​ទៅ​ជួយ​។​

ការ​ជំរុញ​សន្តិសុខ​តាម​អ៊ិនធឺណិត​នេះ​ ​ធ្វើ​​ឡើងក្រោយ​អូស្ត្រាលី​ ​និង​សហរដ្ឋ​អាមេរិក​ បាន​ប្តេជ្ញា​ចិត្ត​កាល​ពី​ខែ​មុន​ ក្នុង​ការ​ផ្តល់​មូលនិធិ​​សម្រាប់​ការ​ដាក់​​ពង្រាយ​ខ្សែ​កាប​ក្រោម​សមុទ្រ​ថ្មី​ចំនួន​​២​ ​ពី​ក្រុមហ៊ុន​ Google ​នៅ​បណ្ដា​​កោះ​ប៉ាស៊ីហ្វិក​ ដើម្បី​បង្កើន​ការ​តភ្ជាប់​សម្រាប់​ប្រទេស​កោះ​ដាច់​ស្រយាល​ចំនួន ​៨​។ ​

 កាល​ពី​ថ្ងៃ​អង្គារ​ ​​​រដ្ឋាភិបាល​​កោះ​ហ្វីជី​បាន​និយាយ​ថា​ ក្រុមហ៊ុន​ Google នឹង​ដាក់​ពង្រាយ​​​ខ្សែ​កាប​ក្រោម​សមុទ្រ​ថ្មី​មួយ​​​ដែល​តភ្ជាប់​សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​តាម​រយៈ​​កោះ​ហ្វីជី​។​ វា​នឹង​​ត្រូវ​ចំណាយ​លើ​​ការ​វិនិយោ​គ​តម្លៃ​ ៨៩ លាន​ដុល្លារ​​​​សម្រាប់​កោះ​​ហ្វីជី​ និ​ង​បើក​ឱ្យ​មាន​​​មជ្ឈ​មណ្ឌល​ទិន្នន័យ​កម្រិត​ទី​៣​ ដំបូង​បង្អ​ស់​នៅ​លើ​កោះ​ប៉ាស៊ីហ្វិក​។​ ​

ចំណែក​ឯ​ខ្សែ​កាប​​ក្រោម​​សមុទ្រ​​ទី​​២​​ នឹង​​ត​ភ្ជាប់​​សហរដ្ឋ​​អាមេរិក​​ទៅ​​អូស្ត្រាលី​​ដែរ​ តាម​​រយៈ​កោះ​ប៉ូលីណេស៊ីបារាំង​​៕