ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានចោទប្រកាន់ប្រទេសបារាំង កាលពីថ្ងៃអង្គារថា បានរំញោចលក្ខខណ្ឌដើម្បីបង្កាត់សង្គ្រាមថ្មីនៅតំបន់កូកាស តាមរយៈការផ្គត់ផ្គង់អាវុធដល់ប្រទេសអាមេនី ដែលជាសត្រូវរបស់ខ្លួន។ យោងការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Aliyev បាននិយាយក្នុងការអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរទៅកាន់សន្និសីទអន្តរជាតិនាទីក្រុងបាគូថា៖«[បារាំង] កំពុងបន្តគោលនយោបាយ យោធានិយម ដោយបំពាក់អាវុធដល់អាមេនី លើកទឹកចិត្តកងកម្លាំងតស៊ូប្រយុទ្ធក្នុងប្រទេសអាមេនី ហើយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបង្កសង្គ្រាមថ្មីនៅក្នុងតំបន់របស់យើង»។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលអានដោយទីប្រឹក្សាគោលនយោបាយការបរទេសរបស់អាស៊ែបៃហ្សង់ លោក Aliyev បានបន្តថា បារាំងមិនត្រឹមតែរំខានដល់ស្ថិរភាពទាំងនៅក្នុង «ប្រទេសដែលធ្លាប់ ឬកំពុងស្ថិតនៅក្រោមអាណានិគម» របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏រំខានដល់ស្ថិរភាពនៅតំបន់កូកាសខាងត្បូងផងដែរ តាមរយៈការគាំទ្រ «និន្នាការផ្តាច់ខ្លួន និងការបំបែកខ្លួន»។
អាស៊ែបៃហ្សង់ និងអាមេនីជាប់គាំងនៅក្នុងជម្លោះទឹកដីរាប់ទសវត្សរ៍ជុំវិញតំបន់ណាហ្គូណូការ៉ាក់បាក់ ដែលមានជនជាតិអាមេនីប្រមាណ ១២ ម៉ឺននាក់តាំងទីលំនៅ ប៉ុន្តែតំបន់នេះជាទឹកដីរបស់អាស៊ែបៃហ្សង់ ដែលទទួលស្គាល់ដោយអន្តរជាតិ។
ប្រទេសអាស៊ែបៃហ្សង់ដណ្តើមកាន់កាប់ទាំងស្រុងកាលពីខែកញ្ញា ក្រោយការវាយប្រហារប្រឆាំងនឹងពួកបំបែកខ្លួនអាមេនី ដោយអាស៊ែបៃហ្សង់ហៅការប្រយុទ្ធនោះថាជា «ប្រតិបត្តិការយោធាប្រឆាំងភេរវករ»។
កន្លងមក អាស៊ែបៃហ្សង់តែងរិះគន់បារាំងថាលម្អៀងទៅលើអាមេនីចំពោះជំហរជុំវិញជម្លោះនៅតំបន់កូកាស។ កាលពីដើមខែតុលា បារាំងបាននិយាយថា ខ្លួនបានយល់ព្រមលើកិច្ចសន្យានាពេលអនាគតជាមួយអាមេនី ដើម្បីផ្គត់ផ្គង់អាវុធឱ្យប្រទេសក្នុងការជួយដល់វិស័យការពារជាតិ។
ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបនឹងការចោទប្រកាន់ថ្មីនេះ ប្រភពការទូតបារាំងម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសបារាំង ក៏ដូចជាដៃគូអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងធ្វើការឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅតំបន់កូកាសខាងត្បូង ដោយផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យភាព និងព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ៕