ប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធទី ២២ វិច្ឆិកា ឆ្នាំ ២០២៣ នេះ បានផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ ជាមួយកូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាងផ្គើននឹងការព្រមានពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ហើយជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកទី ៣ របស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Ducksoo បានរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ហើយបានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋាភិបាលកំពុងឆ្ពោះទៅមុខដើម្បីព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ។
ចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ល ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ជាមួយរដ្ឋមន្ត្រីមួយចំនួន និងប្រធានចារកិច្ចជាតិ តាមរយៈតំណភ្ជាប់វីដេអូ លើការវិវឌ្ឍចុងក្រោយនេះ។
កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០១៨ រវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ក្នុងនោះ ភាគីទាំង ២ បានព្រមព្រៀងគ្នាដាក់តំបន់ការពារ ដែលផ្អាកសមយុទ្ធបាញ់គ្រាប់ពិត ក៏ដូចជាដាក់តំបន់ហាមហោះហើរ ដកប៉ុស្តិ៍យាមមួយចំនួនចេញពីតំបន់គ្មានយោធា និងទុកបណ្ដាញទូរស័ព្ទទាន់ហេតុការណ៍ក្នុងចំណោមវិធានការផ្សេងៗទៀត។
កិច្ចព្រមព្រៀងនេះស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ហើយប្រឈមមុខនឹងការអំពាវនាវឱ្យលុបចោល ឬផ្អាក ខណៈអ្នករិះគន់និយាយថា វាកម្រិតសមត្ថភាពកូរ៉េខាងត្បូងក្នុងការត្រួតពិនិត្យសកម្មភាពរបស់កូរ៉េ-ខាងជើងតាមបណ្ដាខ្សែព្រំដែន។
ប៉ុន្តែក្រោយការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាចំណាត់ការរបស់ខ្លួននឹងពាក់ព័ន្ធការស្ដារឡើងវិញនូវប្រតិបត្តិការឈ្លបយកការណ៍ និងការឃ្លាំមើលជុំវិញខ្សែបន្ទាត់កំណត់ព្រំដែនយោធារវាងពួកគេទាំង ២។
កាលពីថ្ងៃអង្គារ រដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនឈ្មោះ Malligyong-1 ទៅក្នុងគន្លងតារាវិថីដោយជោគជ័យតាមរយៈរ៉ុក្កែតបាញ់បង្ហោះ Chollima-1 ហើយប្តេជ្ញាថានឹងបាញ់បង្ហោះបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខ។ យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA។
យ៉ាងណាមិញ មន្ត្រីនៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានរាយការណ៍ពីការបាញ់បង្ហោះនោះ មិនអាចផ្ទៀងផ្ទាត់ភ្លាមៗទេថា តើផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងស្ថិតនៅក្នុងគន្លងតារាវិថីឬយ៉ាងណា។
អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោកស្រី Sabrina Singh បាននិយាយថា យោធាអាមេរិកនៅតែវាយតម្លៃថាតើការបាញ់បង្ហោះនេះ ទទួលបានជោគជ័យ ឬយ៉ាងណា៕