នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានលើកឡើងថាសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតនៅក្នុងវិបត្តិ ហើយលោកក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្តគោលនយោបាយ «កាបូបឌីជីថល» ដែលជាផែនការចែកថវិកាដ៏ចម្រូងចម្រាសទៅកាន់ពលរដ្ឋ ដែលមានទឹកប្រាក់ប្រមាណ ១៤,២៣ ពាន់លានដុល្លារអាមេរិក។
ថ្លែងក្នុងវេទិកាមួយ លោក សេដ្ឋា បាននិយាយថា សេដ្ឋកិច្ចប្រទេសថៃមិនស្ថិតក្នុងស្ថានភាពល្អប៉ុន្មាននោះទេ។ ជាក់ស្ដែង វិនិយោគិនបរទេសមករកស៊ីនៅប្រទេសថៃ តិចជាងគោលដៅរំពឹងទុក ដូច្នេះលោកនឹងផ្តល់អាទិភាពទៅលើការទាក់ទាញការវិនិយោគពីបរទេសនិងដោះស្រាយបញ្ហាបំណុលក្នុងស្រុកដែលពលរដ្ឋថៃកំពុងជួបប្រទះ។
លោក សេដ្ឋា ដែលជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បានថ្លែងថា៖«យើងត្រូវមានគោលនយោបាយជំរុញសេដ្ឋកិច្ចដ៏ធំមួយបន្ថែមទៅលើផែនការដោះស្រាយបំណុលដែលអាចនឹងត្រូវប្រកាសនៅថ្ងៃទី១២ខែធ្នូ ខាងមុខនេះ»។
ការលើកឡើងរបស់លោក បានធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីទិន្នន័យពីទីភ្នាក់ងាររៀបចំផែនការរដ្ឋបានបង្ហាញថាកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុក ពោលគឺ១,៥% នៅក្នុងត្រីមាសខែកក្កដាដល់ខែកញ្ញាធៀបនឹងឆ្នាំមុនហើយក៏ជាត្រីមាសដែលមានកំណើនយឺតបំផុតនៅឆ្នាំនេះ។ ការណ៍នេះ ត្រូវបានគេសន្មតថាបណ្ដាលមកពីកត្តាធ្លាក់ចុះការនាំចេញនិងការចំណាយរបស់រដ្ឋាភិបាល។
ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែវិច្ឆិកាប្រទេសថៃមានភ្ញៀវទេសចរបរទេសប្រមាណ ២៣,៨៥ លាននាក់ដោយពួកគេបានចំណាយប្រាក់ដើរលេងកម្សាន្តនៅក្នុងប្រទេសថៃប្រមាណជាជាង ២៨,៣ ពាន់លានដុល្លារ សហរដ្ឋអាមេរិក។
ថៃកំពុងកំណត់គោលដៅទាក់ទាញឱ្យបានភ្ញៀវទេសចរចំនួន ២៨ លាននាក់ ធៀបនឹងជិត៤០ លាននាក់ ក្នុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ១៩ ដែលកាលនោះ ភ្ញៀវទេសចរបានចំណាយប្រាក់ប្រមាណជាជាង ៥៤ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។
គោលនយោបាយ«កាបូបឌីជីថល»របស់លោក សេដ្ឋា ដែលចង់ផ្តល់ប្រាក់ចំនួន ១ម៉ឺនបាត ស្នើនឹងប្រមាណជា ២៨០ ដុល្លារ ដល់ប្រជាជនថៃចំនួន ៥០ លាននាក់ នៅឆ្នាំក្រោយ ក្នុងគោលបំណងជួយសម្រាលចំណាយចាំបាច់របស់ពួកគេបានទទួលរងការរិះគន់ខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអ្នកសេដ្ឋកិច្ចនិងអតីតមន្ត្រីជំនាញនៅធនាគារកណ្តាល បានលើកឡើងពីហានិភ័យដែលអាចកើតមានពីការរំលោភលើវិន័យហិរញ្ញវត្ថុនេះ។
នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលបានប្រកាសថាសេដ្ឋកិច្ចថៃ កំពុងស្ថិតនៅក្នុងវិបត្តិដោយចាំបាច់ត្រូវមានផែនការចាំបាច់ណាមួយ។ ដោយឡែក លោក សេដ្ឋា ដែលជាមហាសេដ្ឋីអចលនទ្រព្យ និងជាអ្នកចំណូលថ្មី ក្នុងវិស័យនយោបាយ កំពុងកំណត់គោលដៅថា នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចថៃ កើនឡើងជាមធ្យម ៥% ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៤ ឆ្នាំ ខាងមុខ ដើម្បីបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រទេសថៃ ដែលមានទំហំសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍និងដែលជាមធ្យម សេដ្ឋកិច្ចថៃបានកើនឡើងត្រឹមតែ ១,៩% ប៉ុណ្ណោះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ថ្លែងនៅក្នុងវេទិកាដដែលនេះ ទេសាភិបាលធនាគារកណ្តាលថៃ លោក សេថាភុត ស៊ូធីវ៉ាតណារូភុត (Sethaput Suthiwartnaruput) បាននិយាយថាគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុរបស់ប្រទេសថៃ គឺត្រូវការពេលវេលាខ្លះដើម្បីធានាថាសេដ្ឋកិច្ចនៅតែមានភាពធន់នៅពេល ដែលប្រទេសកំពុងរីកចម្រើន។
លោកបានមានប្រសាសន៍ថា៖«ធាតុផ្សំនៃភាពធន់ទាំងនោះរួមមានស្ថិរភាពតារាងតុល្យការដ៏រឹងមាំ គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ រួមទាំងកត្តាផ្សេងៗទៀត»។ នៅក្នុងខែកញ្ញាធនាគារកណ្តាលថៃ បានដំឡើងអត្រាការប្រាក់ដល់ ២,៥% ដែលជាភាគរយខ្ពស់បំផុតមួយក្នុងរយៈពេលដប់ឆ្នាំមកនេះ និងបានអះអាងថា កំណើនសេដ្ឋកិច្ចនិងអតិផរណានឹងកើនឡើងនៅឆ្នាំក្រោយ ហើយថាខ្លួននឹងពិនិត្យមើលគោលនយោបាយបន្ទាប់ទៀតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕