ប៉ូលិស​ឥណ្ឌូនេស៊ី​ បាន​ដាក់​ឈ្មោះ​ប្រធាន​​គណៈកម្មាធិការ​​លុប​​បំបាត់​​អំពើ​​ពុក​​រលួយ​​​ឥណ្ឌូនេស៊ី​ (KPK)​​ គឺ​លោក ​FirliBahuri​ ថា​ ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ពុក​រលួយ​​ដ៏​ធំ​ពាក់​ព័ន្ធ​នឹង​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ដែល​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​ដូច​គ្នា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNA។ 

មន្ត្រី​ប៉ូលិស​​ក្រុង​ហ្សាកាតា​ លោក ​Ade SafriSimanjuntak​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​ ២២ ​វិច្ឆិកា​ ថា​​ លោក​ Firli​ គឺ​ជា​ជន​សង្ស័យ​​ជំរិត​ទារ​ប្រាក់​ពី​ អតីតរដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​លោក ​Syahrul Yasin Limpo​​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​​លោក​រង​​ការ​ចោទ​ប្រកាន់​ពី​បទ​យក​ថវិកា​សាធារណៈ​ជាង​ ៨០ ម៉ឺនដុល្លារ​អាមេរិក​ ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួន​ឯង​។ ​

​លោក​​Ade ​អះ​អាង​ថា​ ប៉ូលិស​មាន​​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ដាក់​ឈ្មោះ​​​ប្រធាន​ KPK ថា​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ពុក​រលួយ​​ជំរិត​ទារ​ប្រាក់​​។លោក​បន្ត​ថា​ មន្ត្រី​​រដ្ឋ​រូប​នេះ​​បាន​​ជំរិត​​ប្រាក់​​នៅ​​ក្រសួង​​កសិកម្ម​ចន្លោះ​​ពី​​​ឆ្នាំ​​២០២០ ​ដល់​​ឆ្នាំ​​២០២៣​។​

​លោក​ Ade ​បាន​បន្ថែម​ថា​ អាជ្ញាធរ​បាន​រឹប​អូស​ឯកសារ​ប្រតិបត្តិការ​ប្តូរ​ប្រាក់​ពី​ប្រទេស​សិង្ហបុរី​ និង​ប្រាក់​ដុល្លារ​អាមេរិក​ ដែល​មាន​តម្លៃ​ ៧,៤ ពាន់​លាន​រូព្យ៉ា​​ឥណ្ឌូនេស៊ី​ (៤៧៧ ៧៣០ ដុល្លារ​​អាមេរិក​)​​ពី​ការ​វាយ​ឆ្មក់​នៅ​ទីតាំង​​២​។

នេះ​​​ជា​​លើក​​ទី​​១​​ហើយ​​ដែល​​ប្រធាន​​ស្ថាប័ន​​ប្រឆាំង​​អំពើ​​ពុក​រលួយ​​​​ឥណ្ឌូនេស៊ី​ រង​ការ​​ចោទ​​ប្រកាន់​​ពី​​បទ​​ឧក្រិដ្ឋ​​ដែល​​ទីភ្នាក់ងារ​​នេះខ្លួន​ឯង​​​​បង្កើត​​ឡើង​ដើម្បី​ដោះ​ស្រាយ​។

លោក​ Firli ដែល​ជា​អតិត​​អគ្គ​អធិការ​​ប៉ូលិស​​ មិន​បាន​ប្រតិកម្ម​យ៉ាង​ណា​ភ្លាម​ៗ​ទេ​ ហើយ​លោក​ក៏​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​។ ​​យ៉ាង​ណា​មិញ​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​បាន​និយាយ​ថា​ លោក​មិន​ដែល​ជំរិត​អ្នក​ណា​ម្នាក់​ទេ ​ហើយ​​ក៏​មិន​ដែល​​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​សូក​ប៉ាន់​​​ជាមួយ​នរណា​ម្នាក់​ដែរ​។

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​KPK ក៏​មិនទាន់​​បាន​ធ្វើ​ការ​​អត្ថាធិប្បាយ​យ៉ាង​ណា​ដែរ​ ជុំ​វិញ​ការ​វិវត្តន៍​ចុង​ក្រោយ​នេះ​។ ចំណែក​ឯ​ប្រធានាធិប​តី​ឥណ្ឌូណេស៊ី​ លោក​ ចូកូ​ វីដូដូ​ វិញ​ បាន​ថ្លែង​​​​ពេលរង​ការ​​សាក​សួរ​ពី​ករណី​របស់​លោក​ Firli ថា​ ​ឱ្យ​គេ​គោរព​ទៅ​តាម​ដំណើរ​ការ​នៃ​​ច្បាប់​។

លោក​ Firli ​ឡើង​​ជា​ប្រធាន ​KPK ​ក្នុង​ឆ្នាំ​ ២០១៩​​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​រិះ​គន់​បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​ច្បាប់​គ្រប់​គ្រង​ទីភ្នាក់ងារ​នេះ​បាន​ចុះ​ខ្សោយ​ ដែល​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​ឱ្យ​ស្រោច​ស្រង់ ​​KPK​។

រាប់​តាំង​ពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០២ មក​ KPK ​បាន​កាត់​ទោស​អ្នក​នយោបាយមន្ត្រី ​និង​អ្នក​ជំនួញ​រាប់​រយ​នាក់​​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ក្លាយ​ជា​ភ្នាក់ងារ​មួយ​ក្នុង​ចំណោម​ភ្នាក់ងារ​ដែល​គួរ​ឱ្យ​គោរព​បំផុត​របស់​ប្រទេ​ស​៕ 

អតីតរដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​លោក ​Syahrul Yasin Limpo​​ ត្រូវ​បាន​គេ​ចាប់​ខ្លួន ​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​​លោក​រង​​ការ​ចោទ​ប្រកាន់​ពី​បទ​យក​ថវិកា​សាធារណៈ​ជាង​ ៨០ ម៉ឺនដុល្លារ​អាមេរិក​។AFP