ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា (Rohingya) ជាង ២០០ នាក់ ដែលជា​សមាជិក​នៃ​ជនជាតិភាគតិច​មូស្លីម និង​ដែល​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​ឥណ្ឌូនេស៊ី​ នាំយក​ចេញពី​កោះដាច់​ស្រយាល​មួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ដោយ​អណ្តែត​នៅលើ​ទូក​ឈើ​ឆ្លងកាត់​សមុទ្រ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍។

អាជ្ញាធរ​មូលដ្ឋាន​ឥណ្ឌូនេស៊ី​ បាន​ចុះ​អន្តរាគមន៍​ជួយ​ជម្លៀស​ពួកគេ ដោយសារតែ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​នៅ​ទី​នោះ បាន​ព្យាយាម​បង្ខំ​ជនភៀសខ្លួន​ទាំងនោះ​ឱ្យ​ត្រឡប់​ទៅក្នុង​សមុទ្រ​វិញ។

កាលពី​សប្តាហ៍​មុន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ​ដែលមាន​សភាព​អស់កម្លាំង និង​ហត់នឿយ​ជាង ១០០០ ​នាក់ បានធ្វើ​ដំណើរ​ទៅដល់​ខេត្ត​អា​សេ (Aceh) ប្រទេស​ឥណ្ឌូនេស៊ី។ ភាគច្រើន ពួកគេ​គឺជា​ជនជាតិភាគតិច​ មូស្លីម ដែល​ធ្វើដំណើរ​តាម​សមុទ្រ​ដោយ​ប្រថុយប្រថាន​នៅលើ​ទូកចាស់ៗ ចេញពី​ជំរុំ​ជនភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស ដើម្បី​ស្វែងរក​កន្លែង​សុវត្ថិភាព​រស់នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ឬ​ឥណ្ឌូនេស៊ី។

ជនភៀសខ្លួន​ចុងក្រោយបង្អស់​មាន​ចំនួន ២១៩ នាក់​ក្នុងនោះ​មាន​បុរស ៧២ នាក់ ស្ត្រី ៩១ នាក់ និង​កុមារ ៥៦ នាក់​ដែល​ពួកគេ​បាន​ទៅដល់​ទីក្រុង​សា​បាង (Sabang) ប៉ុន្តែ​អ្នកស្រុក​នៅ​ទី​នោះ បាន​បដិសេធ​មិនឱ្យ​ពួកគេ​ស្នាក់នៅ​ទីនោះ ហើយ​បាន​គំរាមថា​ នឹង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​សមុទ្រ​វិញ។ ក្មេង​ជំទង់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ឈ្មោះថា អាប់​ឌុល រ៉ា​ម៉ាន (Abdul Rahman) បាន​សម្តែង​ការ​អស់សង្ឃឹម​ ហើយ​បាន​និយាយថា​ ពួកគេ​មិនដឹង​ត្រូវ​ទៅ​ទីណា​នោះទេ ហើយក៏​មិន​ចង់​ត្រឡប់​ទៅវិញ​នោះដែរ។

បន្ទាប់មកទៀត អាជ្ញាធរ​មូលដ្ឋាន​បាន​យល់ព្រម​ផ្លាស់ប្តូរ​ទីតាំង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ​ទាំងអស់នោះ ទៅកាន់​ទីជម្រក​បណ្តោះអាសន្ន​នៅ​ទីក្រុង​ឡូ​សេ​ម៉ា​វ៉េ (Lhokseumawe) ដែលជា​ទីក្រុង​ធំ​បំផុត​មួយ​របស់​ខេត្ត​អា​សេ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា UNHCR។

លោក ហ្វៃ​សាល រ៉ា​ម៉ាន (Faisal Rahman) សហការី​ការពារ​ជនភៀសខ្លួន​មកពី​ UNHCR បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា រដ្ឋាភិបាល​ឥណ្ឌូណនេស៊ី​ បានជ្រើសរើស​ទីតាំង​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ​មួយចំនួន​ហើយ។ ជាក់ស្ដែង ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ២៥៦ នាក់​ ត្រូវ​បានផ្តល់​ទីជម្រក​រយៈពេល​បី​ខែ​នៅក្នុង​ទីក្រុង​ឡូ​សេ​ម៉ា​វ៉េ និង ៣៦ នាក់​ទៀត​ដែល​បាន​ទៅដល់​ក្រោយ​ក៏​ត្រូវបាន​បញ្ជូនទៅ​ទីនោះ​ដូចគ្នា។ យ៉ាងណាក៏ដោយ មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​ឈ្មោះថា អ៊ី​សា រី​ស្គី (Izhar Rizky) បាន​និយាយថា ទីជម្រក​នៅ​ទីនោះ​ឥឡូវនេះ ​មិន​សមរម្យ និង​មិន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ជាង ៥០០ នាក់​ នោះទេ។

ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ​ដែល​បាន​ទៅដល់​ប្រទេស​ឥណ្ឌូណេស៊ីថ្មីៗនេះ គឺជា​ចំនួន​មួយ​ដែល​ច្រើនជាងគេបង្អស់​រាប់​ចាប់តាំងពី​ឆ្នាំ២០១៥ មក នេះ​បើ​យោងតាម​លោកស្រី អាន់​ម៉ា​យ​ម៉ាន (Ann Maymann) តំណាង UNHCR ។

ទន្ទឹមនឹងនេះ លោក អាប់​ឌុល បានឱ្យដឹងថា ជនភៀសខ្លួន​ដែល​បាន​មកដល់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ បានធ្វើ​ដំណើរ​តាម​សមុទ្រ​អស់​រយៈពេល ១៥ ទើប​មកដល់​ទីនេះ ដោយ​ចេញពី​ប្រទេស​បង់​ក្លា​ដែ​ស។ លោក​បាន​បន្ថែមថា ម៉ាស៊ីន​ទូក​របស់​ពួកគេ​បាន​ខូច ធ្វើឱ្យ​ពួកគេ​ជាប់គាំង និង​មិនអាច​ទៅ​កន្លែង​ណា​ផ្សេងទៀត​បានទេ។

ដំបូង​ឡើយ កាលពី​ថ្ងៃ​ពុធជន​ភៀសខ្លួន​ទាំងនោះ​ត្រូវបាន​ប្រមូល​ផ្តុំគ្នា​នៅលើ​ឆ្នេរ​មួយ​ក្នុង​ទីក្រុង​សា​បាង ដែលជា​កោះ​មួយ​នៅ​ជិត​ភាគ​ខាងជើង​កោះ​ស៊ូ​ម៉ា​ត្រា។ ក្រុម​សន្តិសុខ​បាន​ឡោមព័ទ្ធ​ពួកគេ​ដើម្បី​ការពារ​មិនឱ្យ​មានការ​រត់គេចខ្លួន។ ក្នុងចំណោម​ជនភៀសខ្លួន​ទាំងអស់នោះ គេ​បានឮ​សំឡេង​ទារក​យំ​បណ្ដើរ​ខណៈដែល​កុមារ​ខ្លះ​បាន​រត់​លេង​នៅលើ​ឆ្នេរ​យ៉ាង​សប្បាយ ហាក់ដូច​មិនមាន​រឿង​អ្វី​កើតឡើង។

ក្រោយមក ពួកគេ​បាន​ឡើង​ជិះ​កាណូត​ទៅកាន់​ខេត្ត​អា​សេ។ គេ​សង្កេតឃើញថា ក្រុមការងារ​ទទួលបន្ទុក​បាន​ចែក​អាហារសម្រន់​ទៅកាន់ក្មេងៗ ខណៈដែល​អ្នកជំងឺ​ម្នាក់​ត្រូវបាន​គេ​ដាក់​នៅលើ​រទេះរុញ ហើយ​អ្នក​ផ្សេងទៀត​កំពុង​អង្គុយ​នៅលើ​ឥដ្ឋ ពោ​ពេញ​ទៅដោយ​ទឹកមុខ​ស្រពោន។

សម្រាប់​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​អា​សេ ភាគច្រើន​ធ្លាប់មាន​បទពិសោធ ដោយបាន​ជួបប្រទះ​ឆ្លងកាត់​នឹង​ជម្លោះ​ដោយ​ខ្លួនឯង ដូច្នេះ​ពួកគេ​យល់​ពី​ការតស៊ូ និង​សុខទុក្ខ​របស់​បងប្អូន​មូស្លីម​ភៀសខ្លួន​ទាំងអស់នោះ។ យ៉ាងណាមិញ អ្នកមួយ​ចំនួន​នៅ​ទី​នោះបាន​សម្តែង​ការព្រួយបារម្ភ​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នឹង​ចូលទៅ​ប្រើប្រាស់​ធនធានផ្សេងៗរបស់​ពួកគេ និង​ការបង្ក​ជម្លោះ​ម្តងម្កាល​ជាមួយ​អ្នកស្រុក​ផងដែរ។

គិត​មកទល់ពេលនេះ ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ​ជាង ១ លាន​នាក់​ ហើយ​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៩០ ដែល​ភាគច្រើន​គឺ​បន្ទាប់ពី​ការបង្ក្រាប​ដោយ​យោធា​​។ 

ឥណ្ឌូនេស៊ី​ មិនមែនជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ជនភៀសខ្លួនរ​បស់​អង្គការសហប្រជាជាតិ​នោះទេ ដូច្នេះ​ឥណ្ឌូនេស៊ី​មិនមាន​កាតព្វកិច្ច​ទទួល​យក​ជនភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​នោះទេ  ហើយ​ថា​ប្រទេស​ផ្សេងទៀត​គួរតែ​នាំគ្នា​ជួយ​ទទួលយក​ជនភៀសខ្លួន​ទាំង​នោះដែរ។

 យ៉ាងណាក៏ដោយ ក្រុម​សិទ្ធិមនុស្ស​បាន​និយាយថា ឥណ្ឌូនេស៊ី​គួរតែ​ខិតខំ​បន្ថែមទៀត​ដើម្បី​ជួយ​ពួកគេ ក្រោម​កិច្ចព្រមព្រៀង​អន្តរជាតិ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ការការពារ​មនុស្ស​នៅ​ដែនសមុទ្រ។

លោក អ៊ូ​ស្មាន ហា​មី​ដ (Usman Hamid) នាយក​ប្រតិបត្តិ​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី​ បាន​មានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀង​អន្តរជាតិ​តម្រូវឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ​ជួយសង្គ្រោះ​ជនភៀសខ្លួន​នៅក្នុង​សមុទ្រ"។

លោក​បាន​បន្តថា "ការហូរចូល​នៃ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ានា​ពេលថ្មីៗនេះ បានបង្ហាញ​ពី​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​បន្ត​កើតមាន»៕