របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីថ្ងៃពុធ បាននិយាយថា រដ្ឋាភិបាលចិនបានពង្រីកយុទ្ធនាការបិទវិហារអ៊ិស្លាមទៅកាន់តំបន់ផ្សេងក្រៅពីខេត្តស៊ីនជាំងដែលចិនរងការចោទប្រកាន់ជាច្រើនឆ្នាំថាធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចមូស្លីម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
របាយការណ៍ដែលផ្អែកលើឯកសារសាធារណៈ រូបភាពផ្កាយរណប និងសាក្សីផ្ទាល់ បានអះអាងថា អាជ្ញាធរចិនបិទវិហារអ៊ិស្លាមក្នុងតំបន់ Ningxia ក៏ដូចជាខេត្ត Gansu ដែលមានប្រជាជន Hui កាន់សាសនាអ៊ិស្លាម រស់នៅច្រើន ក្រោមដំណើរការ «ការបង្រួបបង្រួម»។
លើសពីនេះ អាជ្ញាធរមូលដ្ឋានក៏កំពុងរុះរើលក្ខណៈស្ថាបត្យកម្មនៃវិហារអ៊ិស្លាម ហើយធ្វើឱ្យពួកគេមើលទៅមានលក្ខណៈចិន ដែលនេះជាផ្នែកមួយនៃយុទ្ធនាការរបស់បក្សកាន់អំណាចកុម្មុយនិស្តចិន ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើសាសនា និងកាត់បន្ថយហានិភ័យនៃបញ្ហាប្រឈមដែលអាចកើតមានចំពោះការគ្រប់គ្រងរបស់ខ្លួន។
កាលពីឆ្នាំ២០១៦ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានអំពាវនាវឱ្យការប្រតិបត្តិសាសនាផ្សេងៗមានលក្ខណៈបែបចិន ដោយផ្តួចផ្តើមការបង្រ្កាបលើតំបន់ភាគខាងលិចស៊ីនជាំង ដែលមានប្រជាជនអ៊ុយហ្គួរ និងជនជាតិភាគតិចកាន់សាសនាអ៊ិស្លាម ជាង ១១ លាននាក់រស់នៅ។
របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន បានរកឃើញថា ប្រទេសចិន ទំនងជាបានប្រព្រឹត្ត«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅស៊ីនជាំង។ ប៉ុន្តែការណ៍នេះ ត្រូវបានចិនច្រានចោលយ៉ាងដាច់អហង្ការ។
ជាថ្មីម្ដងទៀត ប្រតិកម្មទៅនឹងរបាយការណ៍ចុងក្រោយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្រសួងការបរទេសចិន បាននិយាយប្រាប់ AP ថា ទីក្រុងប៉េកាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារ និងជួសជុលវិហារអ៊ិស្លាម និងការពារតម្រូវការសាសនាជាទូទៅរបស់អ្នកប្រតិបត្តិ។
ក្រសួងនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អង្គការពាក់ព័ន្ធគួរតែបោះបង់ចោលភាពលម្អៀងខាងមនោគមន៍វិជ្ជារបស់ខ្លួនប្រឆាំងនឹងចិន ហើយឈប់ប្រើប្រាស់បញ្ហាសាសនា ដើម្បីចូលរួមក្នុងឧបាយកលនយោបាយ និងធ្វើឱ្យខូចមុខមាត់របស់ប្រទេសចិន»៕