​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​​ (UNHCR) ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ជំរុញ​ឱ្យ​ប៉ាគីស្ថាន ​បញ្ឈប់​ការ​និរទេស​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ ដែល​គ្មាន​ឯកសារច្បាប់​ត្រឹម​ត្រូវ​​ក្នុង​អំឡុង​រដូវ​រងា​នេះ​ ​​ខណៈ​​​ប៉ូលិស​​ប៉ាគីស្ថាន​បាន​បន្ត​ឆែក​ឆេរ​តាម​ផ្ទះ​ហើយ​​បណ្តេញ​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ ដែល​មិន​ទាន់​បាន​ចាក​ចេញ​។ នេះ​បើ​តាម​ការ​​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

​អ្នក​នាំ​ពាក្យ​ប្រចាំ​តំបន់​របស់​ UNHCR ​​​លោក​ Babar Baloch​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​​​​រ៉យទ័រ​ យ៉ាង​ដូច្នេះ​​​ថា​​៖ «​UNHCR ​កំពុង​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ បញ្ឈប់​ការ​បញ្ជូន​ត្រឡប់​ទ្រង់​ទ្រាយ​ធំ​​ក្នុង​រដូវ​រងា​ដ៏​អាក្រក់​នេះ​ ពី​ព្រោះ​ថា​ ​​ភាព​ត្រជាក់​នៅ​​អាហ្វហ្គានីស្ថាន​​ពិត​ជា​មាន​គ្រោះ​ថ្នាក់​​ ហើយ​វា​អាច​ឆក់​យក​ជីវិត​មនុស្ស​»។ ​

លោក​​បន្ត​ថា​​៖ «​យើង​កំពុង​និយាយ​អំពី​ស្ត្រី ​កុមារ ​និង​បុរស​ដែលកំពុង​ធ្វើ​ដំណើរ​យ៉ាង​​ត្រដាប​ត្រដួស​ ចេញ​ពី​ប៉ាគីស្ថាន​ទ្រង់​ទ្រាយ​ធំ​»​។

កាល​ពី​ខែ​មុន​ ប៉ាគីស្ថាន​​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បណ្តេញ​ជន​ភៀស​ខ្លួន ​ដែល​គ្មាន​ឯកសារ​ច្បាប់​ត្រឹម​ត្រូវ​​ជាង ​​១​ លាន​នាក់​ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ ចំ​ពេល​ក្រុង​អ៊ិស្លាម៉ា បាដ​ចោទ​ប្រកាន់​ថា​ ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​​​​គ្រប់​គ្រង​ដោយ​តាលីបង់​ ​​ផ្ដល់​ជម្រក​ដល់​​ក្រុម​សកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ប៉ាគីស្ថាន​។​

ក្រោម​ចំណាត់​ការ​នេះ​ ប្រជាជន​អាហ្វហ្គានីស្ថាន​ជាង​ ៣៧០ ០០០ នាក់​ បាន​ភៀស​ខ្លួន​ចេញ​​ពី​ប្រទេស​ប៉ាគីស្ថាន​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​មក​។​

កន្លង​មក​ UNHCR​ និយាយ​ថា​ ការ​វិល​ត្រឡប់​របស់​ជន​ជាតិ​អាហ្វហ្គានីស្ថាន​គួរ​តែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត​ហើយ​ប៉ាគីស្ថាន​គួរ​តែ​កំណ​ត់​អត្តសញ្ញាណ​បុគ្គល​ដែល​ងាយ​រង​គ្រោះ​​​ត្រូវ​ការ​​ការពារ​ពី​អន្តរជាតិ​។​

ប៉ាគីស្ថាន​គឺ​ជា​ផ្ទះ​សម្រាប់​ជន​ចំណាក​ស្រុក​ និង​ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ជាង​ ៤​ លាន​នាក់​​ ហើយ​ប្រហែល​ ១,៧ ​លាន​នាក់​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​។ ​អ្នក​ទាំង​នោះ​ជា​ច្រើន​បាន​ភៀស​ខ្លួន​ទៅ​ប៉ាគីស្ថាន​ក្រោយ​ការ​វិល​ត្រឡប់​មក​កាន់​អំណាច​របស់​ពួក​តាលីបង់​ក្នុង​ខែ​សីហា ​ឆ្នាំ​២០២១ ខណៈ​មួយ​ចំនួន​ធំ​នៅ​ក្នុងប្រទេស​ប៉ាគីស្ថាន​តាំង​ពី​សូវៀត​ឈ្លាន​ពាន​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ​១៩៧៩ មក​។ 

បើ​តាម​ការ​រាយការណ៍​របស់​រ៉យទ័រ​ ​ប៉ូលិស​ប៉ាគីស្ថាន ​​កំពុង​ដើរ​ឆែក​ឆេរ​​ពី​ផ្ទះ​ ១ ​ទៅ​ផ្ទះ​ ១ ​ក្នុង​តំបន់​ដែល​ជន​ភៀស​ខ្លួន​តាំង​ទី​លំនៅ​ ដើម្បី​ស្វែង​រក​អ្នក​ដែល​មិន​ទាន់​ចាក​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​ រួម​ទាំង​នៅ​ក្រុង​ការ៉ាឈី​ ដែល​មាន​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​រាប់​សែន​នាក់​រស់​នៅ។ ​​ ​​អ្នក​ដែល​នៅ​សេស​សល់​អាច​នឹង​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ​៕