ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស ​គឺ​លោក Rishi Sunak ដើម្បី​ចុះ​កិច្ចព្រមព្រៀង​មួយ​សំដៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​សន្តិសុខ​និង​បច្ចេកវិទ្យា។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អង់គ្លេស​នេះដែរ​ នឹងមាន​ការចុះ​កិច្ចព្រមព្រៀង​សហការគ្នា​ដើម្បី​ពង្រឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ទៅលើ​ប្រទេស​កូរ៉េខាងជើង។

ដោយឡែក​រហូតមកដល់​ពេលនេះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង២ ក៏បាន​ចាប់ផ្តើម​កិច្ចពិភាក្សា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី (FTA) និង​យល់ព្រម​លើ​ភាពជា​ដៃគូ​លើ​ថាមពល​ស្អាត ​ខណៈដែល​ការវិនិយោគ​ជាច្រើន​ត្រូវបាន​ប្រកាស​ជា​បន្តបន្ទាប់​ក្នុងនោះ​ ក៏មាន​គម្រោង​ថាមពលខ្យល់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ទឹកប្រាក់​សរុប ១,១៦ ពាន់​ លាន​ដុល្លារ​ផងដែរ។

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែលជា​អ្នក​អភិរក្សនិយម​នោះបាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ជា​សាកល​ដែលជា​ហេតុផល​មួយ​សម្រាប់​បង្កើន​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ដែលមាន​គោលការណ៍​ដូចគ្នា​និង​បាន​ស្វាគមន៍​ជាពិសេស​ទៅលើ​ការពិភាក្សា​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កូរ៉េ-អង់គ្លេស។

លោក Yoon បាន​និយាយ​នៅក្នុង​សុន្ទរកថា​ទៅកាន់​វេទិកា​ធុរកិច្ច​ថា៖ «ក្នុងអំឡុងពេល​នៃ​ការចរចា​យើង​នឹង​បើកទូលាយ​ក្នុងការ​ទទួលយក​ទស្ស​នៈ​របស់​អ្នក​ធុរកិច្ច​នៃ​ប្រទេស​ទាំង២ សំដៅ​ឈានទៅ​កំណត់​បទដ្ឋាន​ថ្មី​ស្តីពី​ឌីជីថល​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់»។

លោក​បាន​បន្ថែមថា​ប្រទេស​កូរ៉េ​ ដែល​បច្ចុប្បន្ន​ជា​អ្នក​ផលិត​បន្ទះ​ឈី​ប​ដ៏​សំខាន់​មួយ​ដែរនោះ​កាន់តែ​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចក្រភព​អង់គ្លេស ​បន្ថែមទៀត​លើ​រឿងនេះ ​ដើម្បី​អាចជួយ​កាត់បន្ថយ​វិបត្តិ​ចង្វាក់​ផ្គត់ផ្គង់​នាពេល​អនាគត។

ប្រធានាធិបតី​កូរ៉េខាងត្បូង​ បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អង់គ្លេស​ កាលពី​ថ្ងៃ​ចន្ទ​ទី២០ វិច្ឆិកា​ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ក្នុង​រយៈពេល ១ ទសវត្សរ៍​កន្លងទៅនេះ។ លោក​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​កម្រាលព្រំ​ក្រហម​ពី​សំណាក់​ព្រះអង្គម្ចាស់ Charles ដែល​នេះ​ជា​លើកដំបូង​ដូចគ្នា ​ក្នុង​រាជ្យ​របស់​ទ្រង់​ក្រោយ​បាន​ឡើង​គ្រងរាជ្យ​កាលពី​ឧសភា​កន្លងទៅ។

យ៉ាងណាមិញ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ចក្រភព​អង់គ្លេស​ និង​កូរ៉េខាងត្បូង​ មាន​ចំនួន ១៦,១ ពាន់​លាន​ផោន (២០,១ ពាន់​លាន​ដុល្លារ)  គិត​ត្រឹម​ចុងខែ​មិថុនា​ នៃ​ឆ្នាំ២០២៣ នេះ។

ប្រទេស​ទាំង២ ក៏​គ្រោង​នឹង​ប្រកាស​គម្រោង​វិនិយោគ​បន្ថែមទៀត​នៅក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​តែម្ដង​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន២១ពាន់​លាន​ផោន​ដែល​គម្រោង​ទាំងនោះ​ស្ថិតក្នុង​វិស័យ​ថាមពលបៃតង​និង​ហេដ្ឋារចនាសម្ព័ន្ធ៕