ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួននឹងបញ្ជូនកងកម្លាំងប្រដាប់អាវុធច្រើនជាងមុន និងដាក់ពង្រាយសព្វាវុធថ្មីៗ នៅតាមព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូលបានផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ រវាងកូរ៉េទាំង២ ដើម្បីប្រឆាំងនឹងការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង។
កូរ៉េខាងត្បូងកាលពីថ្ងៃទី២២ ខែវិច្ឆិកា បានផ្អាកឃ្លាមួយនៅក្នុងកិច្ចព្រមព្រៀង ហើយបាននិយាយថា ខ្លួននឹងបង្កើនការឃ្លាំមើលខាងយោធាភ្លាមៗ នៅតាមព្រំដែនដែលមានកំពែងរឹងមាំជាមួយកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ក្រសួងការពារជាតិរបស់កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងស្តារឡើងវិញនូវវិធានការយោធាទាំងអស់ដែលខ្លួនបានផ្អាកនៅក្រោមកិច្ចព្រមព្រៀងដែលមានគោលបំណងកាត់បន្ថយភាពតានតឹងរវាងកូរ៉េទាំង២។
សេចក្តីថ្លែងការណ៍បាននិយាយថា៖«យើងនឹងបន្តបញ្ជូន និងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធខ្លាំងជាងមុន និងឧបករណ៍យោធាថ្មីៗនៅជិតខ្សែបន្ទាត់កំណត់ព្រំដែនយោធា។ កូរ៉េខាងត្បូងនឹងទទួលខុសត្រូវទាំងស្រុង ប្រសិនបើការប៉ះទង្គិចដែលមិនអាចចៀសវាងបានកើតឡើងរវាងកូរ៉េខាងជើង និងខាងត្បូង»។
កតិកាសញ្ញាដែលត្រូវបានផ្អាកពីខាងជើង និងខាងត្បូងដែលគេស្គាល់ថា ជាកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០១៨ រវាងមេដឹកនាំកូរ៉េខាងជើង Kim Jong Un និងកាលនោះជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in។
ក្រុមអ្នករិះគន់បាននិយាយថា កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យសមត្ថភាពរបស់ទីក្រុងសេអ៊ូល ចុះខ្សោយក្នុងការត្រួតពិនិត្យប្រទេសកូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាង បានរំលោភលើកិច្ចព្រមព្រៀងនោះ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីខ្លួនបានបាញ់មីស៊ីលផ្លោងឆ្ពោះទៅកាន់សមុទ្រខាងកើតនៃឧបទ្វីបកូរ៉េកាលពីល្ងាចថ្ងៃពុធតែយោធាកូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនោះហាក់ដូចជាបរាជ័យ៕