កិច្ចព្រមព្រៀងលើកដំបូងរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលដែលនឹងបើកផ្លូវឱ្យមានការដោះលែងចំណាប់ខ្មាំង ៥០ នាក់ ក្នុងចំណោម ២៥០ នាក់ដែលក្រុមហាម៉ាស់ចាប់ពង្រាត់តាមរយៈការវាយឆ្មក់ចូលអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកានេះ ដោយការផ្អាកប្រយុទ្ធគ្នាទាំងស្រុងរយៈពេល ៤ ថ្ងៃ។
ក្រោយប្រយុទ្ធគ្នាអស់រយៈពេល ៦ សប្តាហ៍ អ៊ីស្រាអែល និងក្រុមហាម៉ាស់បានព្រមព្រៀងគ្នានៅព្រឹកព្រលឹមថ្ងៃទី ២២ ខែវិច្ឆិកាដោយមានការសម្រុះសម្រួលពីប្រទេសកាតាសម្រាប់បទឈប់បាញ់ដំបូងបំផុតនៅហ្គាហ្សាយ៉ាងហោចណាស់ ៤ ថ្ងៃដើម្បីដោះដូរចំណាប់ខ្មាំង ៥០ នាក់ពីប្រទេសអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ១៥០ ដែលអ៊ីស្រាអែលធ្លាប់ចាប់។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលបាននិយាយថា ការដោះលែងចំណាប់ខ្មាំងនៅក្រោមបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនឹងមិនកើតឡើងមុនថ្ងៃទី ២៤ ខែវិច្ឆិកាទេ។
ការពន្យាពេលអនុវត្តនេះក៏បានបង្អាក់ក្តីសង្ឃឹមរបស់សាច់ញាតិរបស់ជនរងគ្រោះថា អ្នកខ្លះនឹងត្រូវបានដោះលែងនៅថ្ងៃទី ២៣ ខែវិច្ឆិកា។
ស្ថិតក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ៤ ថ្ងៃនេះ ក៏នឹងបើកផ្លូវឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សាដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដូចជា ការដឹកស្បៀងអាហារថ្នាំពេទ្យ ថាមពល ជាដើម។
ទោះបីជាបែបណារហូតដល់ល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា ពេលវេលាចាប់ផ្តើមនៃបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ រ៉យទ័របានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majid bin Mohammed Al Ansari បាននិយាយថា សេចក្តីប្រកាសស្តីពីការចាប់ផ្តើមនៃបទឈប់បាញ់អាចកើតមានឡើងក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ ប្រទេសកាតាបានសម្រុះសម្រួលក្នុងការចរចាស្តីពីបទឈប់បាញ់ដែលអន្តរជាតិនិងប្រជាជនជុំវិញពិភពលោករង់ចាំយ៉ាងអន្ទះសា។
លោក Tzachi Hanegbi ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា៖«ការចរចាសម្រាប់ការដោះលែងចំណាប់ខ្មាំងរបស់យើងកំពុងដំណើរការ និងបន្តគ្រប់ពេលវេលា»។
លោក Hanegbi បាននិយាយថា៖«ការចាប់ផ្តើមនៃការចេញផ្សាយនឹងដំណើរការទៅតាមកិច្ចព្រមព្រៀងដើមរវាងភាគីនានា ហើយមិនមែនមុនថ្ងៃសុក្រទេ»។
អ្នកនាំពាក្យសេតវិមាន លោកស្រី Adrienne Watson បាននិយាយថា ព័ត៌មានលម្អិតផ្នែកដឹកជញ្ជូនចុងក្រោយសម្រាប់ការចេញផ្សាយកំពុងត្រូវបានដោះស្រាយ។
លោកស្រី Watson បាននិយាយថា៖«វាស្ថិតនៅលើផ្លូវហើយយើងសង្ឃឹមថា ការអនុវត្តនឹងចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រ»។
ទោះបីមានការព្រមព្រៀងលើដំណើរការបទឈប់បាញ់ រវាងភាគីសត្រូវស៊ីសាច់ហូតឈាមនេះក៏ដោយ មានសេចក្តីរាយការណ៍ខ្លះបាននិយាយថា ការប្រយុទ្ធគ្នានៅតែកើតមានរហូតដល់ព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា។
ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបាននិយាយថា យន្តហោះ និងកាំភ្លើងធំរបស់អ៊ីស្រាអែលបានវាយប្រហារទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សាសម្លាម់មនុស្ស ១៥ នាក់។ យោងតាមរ៉យទ័រ។
ក្រុមហាម៉ាស់ និងក្រុមសម្ព័ន្ធមិត្តបានសម្លាប់មនុស្សប្រហែល ១២០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ នៅពេលដែលខ្មាន់កាំភ្លើងបានវាយលុកឆ្លងកាត់ទីក្រុងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានប្រកាសសងសឹកលើក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា៕