OpenAI ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតមានមូលដ្ឋាននៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ បាននិយាយខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍សម្រាប់ការនាំយកសហស្ថាបនិករបស់ខ្លួន លោក Sam Altman ឱ្យត្រឡប់មកធ្វើជានាយកប្រតិបត្តិវិញត្រឹម ៥ ថ្ងៃ បន្ទាប់ពីការបណ្តេញចេញដ៏គួរឱ្យភ្ញាក់ផ្អើល និង ចម្រូងចម្រាសនៅក្នុងវិស័យបច្ចេកវិទ្យា។
ការត្រឡប់មកវិញរបស់ Altman នឹងស្ថិតក្រោមក្រុមប្រឹក្សាភិបាលថ្មីដែលទើបបង្កើតដែលមាន អតីតសហនាយកប្រតិបត្តិ Salesforce លោក Bret Taylor ជាប្រធាន លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក និងអតីតក្រុមប្រឹក្សាភិបាលដើម ១ រូបគឺលោក Adam D'Angelo ជានាយក។
លោក Altman ត្រូវបានបណ្តេញចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីមានការប៉ះទង្គិចជាមួយក្រុមប្រឹក្សាភិបាលចាស់ជុំវិញការជំរុញរបស់ខ្លួនឱ្យ OpenAI ផ្តោតលើការរុករកកែប្រែបញ្ញាសិប្បនិម្មិតទៅជាអាជីវកម្មដែលបង្កើតផលិតផល។
ជុំវិញការបណ្តេញ Altman ក្រុមប្រឹក្សាភិបាលដើមបានផ្តល់ការពន្យល់តិចតួចដោយថា CEO របស់ខ្លួនខ្វះភាពស្មោះត្រង់ និងថា ការធ្វើនោះគឺដើម្បីការពារបេសកកម្មរបស់ OpenAI ក្នុងការអភិវឌ្ឍ AI ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។
ការផ្លាស់ប្តូរនោះបានធ្វើឱ្យសហគមន៍បច្ចេកវិទ្យា និងអ្នកវិនិយោគ OpenAI ភ្ញាក់ផ្អើលជាខ្លាំង។ ចំណែកអ្វីដែលធ្វើឱ្យការបណ្តេញ Sam Altman កាន់តែច្របូកច្របល់កាលពីចុងសប្តាហ៍កន្លងទៅគឺដោយសារលោកបានយល់ព្រមផ្លាស់ប្តូរទៅធ្វើការឱ្យ Microsoft ដើម្បីដឹកនាំក្រុមស្រាវជ្រាវថ្មី ១ ដែលធ្វើឱ្យភាគច្រើននៃបុគ្គលិករបស់ OpenAI គំរាមចាកចេញពីក្រុមហ៊ុន លុះត្រាតែក្រុមប្រឹក្សាភិបាលលាលែងពីតំណែងហើយ ហៅលោក Altman ចូលមកធ្វើជា CEO វិញ៕