អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោកស្រី Traisuree Taisaranakul បាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អានុទីន ឆានវីរ៉ាគុល បានចុះហត្ថលេខាលើបទបញ្ជាណែនាំដល់មន្ត្រីចុះបញ្ជីអាវុធឱ្យបញ្ឈប់ការចេញអាជ្ញាប័ណ្ណកាន់កាំភ្លើងរយៈពេល ១ ឆ្នាំ ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី Traisuree គូសបញ្ជាក់ថា បទបញ្ជាដែលមានឈ្មោះ Por 12 នោះ គឺស្របតាមច្បាប់អាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ កាំជ្រួច និងអាវុធក្លែងក្លាយ។
លោកស្រីបន្តថា បទបញ្ជានេះត្រូវបានបញ្ជូនទៅកាន់នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ដើម្បីសុំការយល់ព្រម ដោយលោកស្រី បន្ថែមថា វានឹងចូលជាធរមាននៅថ្ងៃបន្ទាប់ពីវាត្រូវបានប្រកាសនៅក្នុងព្រះរាជសារ។
លោកស្រីអនុរដ្ឋមន្ត្រី និយាយថា បទបញ្ជាដែលជាវិធានការត្រួតពិនិត្យកាំភ្លើង មិនអនុវត្តចំពោះមន្ត្រីរដ្ឋដូចជាប៉ូលិសដែលអនុញ្ញាតឱ្យកាន់អាវុធ ពេលបំពេញកាតព្វកិច្ចនោះទេ។
កាលពីសប្តាហ៍មុន លេខាធិការអចិន្រ្ដៃយ៍ នៃក្រសួងមហាផ្ទៃ លោក Suthipong Chulcharoen បាននិយាយថា លោកបានណែនាំអភិបាលខេត្តឱ្យប្រាប់អ្នកចុះបញ្ជីអាវុធ ឱ្យបញ្ឈប់ការចេញអាជ្ញាប័ណ្ណ Por 12 នៅក្នុងខេត្តរបស់ពួកគេ។ អ្នកចុះបញ្ជីអាវុធតាមខេត្ត អាចរួមបញ្ចូលអភិបាលខេត្ត ចៅហ្វាយស្រុក និងចៅសង្កាត់រង ចំណែកអ្នកចុះបញ្ជីអាវុធនៅទីក្រុងបាងកក គឺអគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលក្រុង។
លោក Suthipong បាននិយាយថា អ្នកចុះបញ្ជីអាវុធក៏ទទួលបានបញ្ជាឱ្យបញ្ឈប់ការចេញអាជ្ញាប័ណ្ណថ្មីសម្រាប់ការនាំចូល និងលក់អាវុធក្លែងបន្លំ ខណៈអ្នកដែលមានតែកាំភ្លើងទទេ កាំភ្លើងBB ឬអាវុធក្លែងបន្លំដែលអាចកែប្រែទៅជាអាវុធពិត ត្រូវបានប្រាប់ឱ្យចុះឈ្មោះពួកគេតាមមូលដ្ឋាន។
ចំណាត់ការអាជ្ញាធរថៃនាពេលនេះ ធ្វើឡើងបន្ទាប់ពីការបាញ់សម្លាប់ជាបន្តបន្ទាប់ក្នុងទីក្រុងបាងកក ដែលបានបង្កការអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើការផ្តល់អាជ្ញាប័ណ្ណអាវុធដល់សាធារណជនទូទៅ និងឱ្យមានវិធានការគ្រប់គ្រងកាំភ្លើងឱ្យកាន់តែតឹងរ៉ឹង។
ការបាញ់ប្រហារដើមខែតុលា នៅផ្សារទំនើប Siam Paragon ដោយក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានសម្លាប់មនុស្ស ៣ នាក់ និង ៥ នាក់ផ្សេងទៀតរងរបួស។ ក្នុងហេតុការណ៍នៅថ្ងៃទី ១១ ខែវិច្ឆិកានេះ សិស្សម្នាក់អាយុ ១៩ ឆ្នាំ និងគ្រូបង្រៀនម្នាក់ អាយុ ៤៩ ឆ្នាំ ត្រូវបានសម្លាប់ នៅពេលក្មេងទំនើង ១ ក្រុមបាញ់ប្រហារលើក្រុមសិស្សសាលា៕