នៅខណៈពេលដែលអ៊ីស្រាអែលកំពុងបន្តទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាក្នុងគោលបំណងវាយប្រហារកម្ទេចក្រុមហាម៉ាស់ក្រុមអ្នកកាសែតដែលមានមូលដ្ឋាននៅអង់គ្លេសចំនួន ៨ នាក់ឯណោះវិញ បានព្រមព្រៀងគ្នាសរសេរលិខិតចោទប្រកាន់ក្រុមហ៊ុនសាជីវកម្មផ្សព្វផ្សាយអង់គ្លេស ឬហៅកាត់ថា BBC ថាបានធ្វើការរាយការណ៍ព័ត៌មានដោយលម្អៀងអំពីស្ថានភាពដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។
ក្រុមអ្នកកាសែតទាំងនោះបានសរសេរលិខិតមួយដែលមានខ្លឹមសារសរុបចំនួន ២ ៣០០ ពាក្យ ផ្ញើទៅកាន់សារព័ត៌មាន Al Jazeera ដោយក្នុងនោះ ពួកគេបានអះអាងថា ការផ្សាយរបស់សារព័ត៌មាន BBC អំពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា មានភាពលម្អៀង តាមរយៈការព្យាយាមបង្ហាញថាអ៊ីស្រាអែលជាជនរងគ្រោះ ដោយមិនបានផ្សាយអំពីអ្វីដែលបានកើតឡើងចំពោះប្រជាជនប៉ាឡេស្ទីន និងបានលុបចោលនូវខ្លឹមសារប្រវត្តិសាស្ត្រសំខាន់ៗទៀតផង។
យោងតាមកាសែត Al Jazeera បានឱ្យដឹងថា BBC មានស្តង់ដាពីរនៅក្នុងរបៀបដែលស្ថាប័នមួយនេះធ្វើអត្ថាធិប្បាយអំពីជនស៊ីវិល។ ជាក់ស្ដែង សារព័ត៌មាន BBC នេះមានភាពច្បាស់លាស់ណាស់ក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែសម្រាប់សង្គ្រាមនៅតំបន់ផ្សេង ស្ថាប័ននេះហាក់មិនសូវប្រកាន់គោលជំហរវិជ្ជាជីវៈនោះទេ។
យោងតាមលិខិតដែលពួកគេបានសរសេរនោះបានបញ្ជាក់ថា អ្នកកាសែតអនាមិកទាំង ៨ នាក់នោះមិនចង់ផ្ញើលិខិតនោះទៅកាន់នាយកប្រតិបត្តិរបស់ BBC នោះទេ ដោយសារតែពួកគេជឿថានឹងមិនមានអ្វីផ្លាស់ប្តូរជាវិជ្ជមានដែលអាចនាំទៅរកការពិភាក្សាប្រកបដោយផ្លែផ្កានោះទេ ប្រសិនបើពួកគេធ្វើដូច្នោះ។
គួរដឹងដែរថា អំឡុងពេលដែលពួកគេសរសេរលិខិតនេះ ជនជាតិប៉ាឡេស្ទីនជាង ១៤ ៥០០ នាក់ ត្រូវបានស្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រួមទាំងកុមារយ៉ាងហោចណាស់ ៦ ០០០ នាក់។
ក្នុងលិខិតនោះបានសរសេរថា «សារព័ត៌មាន BBC មិនបានរាយការណ៍អំពីតួលេខនេះឱ្យបានត្រឹមត្រូវនោះទេ ដោយពួកគេបានលុបចោលនូវរឿងសំខាន់ៗជាច្រើន ហើយមិនដែលបានចោទសួរភាគីអ៊ីស្រាអែលអំពីបញ្ហានេះនោះទេ។ ដោយសារតែបញ្ហានេះ ពួកគេមិនបានជួយឱ្យសាធារណជនយល់ច្បាស់អំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដនោះទេ ជាពិសេសបញ្ហាសិទ្ធិមនុស្សនៅហ្គាហ្សា។
លិខិតដដែលបានសរសេរថា «ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ តើនៅពេលណាដែលនិពន្ធនាយករបស់យើង អាចបង្កើនតួលេខឱ្យត្រឹមត្រូវតាមចំនួនជាក់ស្ដែង? «យើងដឹងហើយថា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា មក ក្រុមសិទ្ធិមនុស្ស និងបាតុកររាប់សែននាក់នៅទូទាំងពិភពលោកបានខឹងសម្បាយ៉ាងខ្លាំងចំពោះចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីនកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ហើយគ្រប់គ្នាសុទ្ធតែបានអំពាវនាវឱ្យមានបទឈប់បាញ់»។
ជាទូទៅ នៅក្នុងស្ថាប័នសារព័ត៌មានផ្សេងៗគ្នានៅជុំវិញពិភពលោក តែងតែព្យាយាមលើកទឡ្ហីករណ៍ដើម្បីបង្ហាញពីការគាំទ្រភាគីនីមួយៗនៅក្នុងជម្លោះមួយនេះ ប៉ុន្តែពួកគេមួយចំនួនហាក់ភ្លេចផ្ដោតការយកចិត្តទុកដាក់ទៅលើជនរងគ្រោះទាំងសងខាង។ ស្ថាប័នព័ត៌មានត្រូវគិតអំពីពាក្យពេចន៍ដែលពួកគេប្រើប្រាស់ដើម្បីបរិយាយអំពីបញ្ហានេះ។
នៅក្នុងសំបុត្រនោះ ក្រុមអ្នកកាសែតក៏បានបង្ហាញផងដែរថា «នៅលើវេទិកាដែលស្ថាប័ន BBC មានទាំងអស់ ពួកគេប្រើប្រាស់ពាក្យថា (ការសម្លាប់រង្គាល និង ភាពសាហាវឃោរឃៅ) ពីសំណាក់ក្រុមហាម៉ាស់តែប៉ុណ្ណោះ ដោយព្យាយាមបង្ហាញថាក្រុមនេះជាអ្នកញុះញង់ និងជាជនល្មើសនៃអំពើហិង្សានៅក្នុងតំបន់។ នេះគឺជារឿងដែលមិនត្រឹមត្រូវឡើយ ប៉ុន្តែបែរជាឃើញមាននៅគ្រប់ការរាយការណ៍របស់ BBC ទៅវិញ»។
លិខិតនោះបានបន្តថា បើទោះបីជាក្រុមហាម៉ាស់គឺជាក្រុមដែលបានធ្វើការវាយប្រហារដ៏គួរឱ្យរន្ធត់ជាមុនទៅលើភាគីអ៊ីស្រាអែលក៏ដោយ ប៉ុន្តែមិនមែនមានន័យថា ការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់របស់អ៊ីស្រាអែលជារឿងត្រឹមត្រូវនោះទេ។ ត្រង់ចំណុចនេះហើយដែល BBC មិនបានធ្វើការរាយការណ៍ឱ្យសមហេតុផល និងត្រឹមត្រូវតាមស្ថានភាពដែលកំពុងកើតឡើងជាក់ស្ដែង។
លិខិតរបស់ក្រុមអ្នកកាសែតនោះ ក៏បានស្នើសុំឱ្យស្ថាប័នសារព័ត៌មាន BBC ធ្វើការឆ្លុះបញ្ចាំងឱ្យបានកាន់តែប្រសើរឡើង និងព្យាយាមផ្សព្វផ្សាយដោយផ្អែកលើភ័ស្តុតាង ជាពិសេសព័ត៌មានដែលបានមកពីអង្គការមនុស្សធម៌ផ្លូវការ និងដែលគ្មានភាពលម្អៀង៕