​ទីភ្នាក់ងារ​ការពារ​ព្រំដែន និង​ឆ្នេរសមុទ្រ​អឺរ៉ុប Frontex កាលពី​ថ្ងៃទី ២៣ ​វិច្ឆិកា​នេះ បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​មន្ត្រី​បន្ថែមទៀត​ទៅកាន់​ប្រទេស​ហ្វាំ​ង​ឡង់​ នៅ​សប្តាហ៍​ក្រោយ ខណៈដែល​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងជើង កំពុង​កំណត់​ចំនួន​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​ចូលមក​តាមរយៈ​ច្រកព្រំដែន​ប្រទេស​រុស្ស៊ី​។

ទីភ្នាក់ងារ Frontex បាន​និយាយ​លម្អិត​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ខ្លួន​នឹងដាក់​ពង្រាយ​មន្ត្រី​ឆ្មាំ​ព្រំដែន​ចំនួន ៥០ នាក់ និង​បុគ្គលិក​ផ្សេងទៀត​ទៅកាន់​ប្រទេស​ហ្វាំ​ង​ឡង់ រួម​ជាមួយនឹង​ឧបករណ៍​ដូចជា​រថយន្ត​ល្បាត ដើម្បី​ជំរុញ​សកម្មភាព​ត្រួតពិនិត្យ​។

ទីភ្នាក់ងារ Frontex ក៏​នឹង​បញ្ជូន​បុគ្គលិក​មួយក្រុម​ដំបូង​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ដែល​រួមមាន​មន្ត្រី​ឃ្លាំមើល​ព្រំដែន បុគ្គលិក​ដើម្បី​ជួយ​លើ​ការចុះឈ្មោះ​ជន​ចំណាកស្រុក អ្នកជំនាញ​ផ្នែក​រៀបចំ​ទុកដាក់​ឯកសារ និង​អ្នកបកប្រែ​ជាដើម​។

ទាក់ទិន​នឹង​ចំណុច​នេះដែរ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ហ្វាំ​ង​ឡង់ លោកស្រី Mari Rantanen បាន​និយាយថា ប្រទេស​របស់ខ្លួន​នឹង​បង្កើន​ការប្រមូល​ព័ត៌មាន​នៃ​អ្នក​ដែល​ធ្វើដំណើរ​មកដល់​ព្រំដែន តាមរយៈ​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​ការប្រមូល​រូបថត ស្នាម​ម្រាមដៃ និង​ព័ត៌មាន​អត្តសញ្ញាណ​ផ្សេងទៀត​។

តាមរយៈ​ការ​រិត​បន្តឹង​នេះ លោកស្រី Rantanen បាន​និយាយ​នៅលើ​គេហទំព័រ X ថា​៖ «​ទាំងអស់នេះ​គឺធ្វើឡើង​ក្រោម​ហេតុផល​សន្តិសុខ ព្រោះ​យើង​មិនដឹងថា​នរណា​ខ្លះ​នឹង​ឆ្លង​ព្រំដែន​នោះទេ​»​។

ក្នុង​ភាពចលាចល​នេះ ហ្វាំ​ង​ឡង់ បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​ចំពោះ​ការបើក​ច្រកព្រំដែន​ឱ្យ​អ្នក​ចំណាកស្រុក​ប្រហែល ៧០០​ នាក់​ឆ្លងកាត់ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ​។

ដោយឡែក អ្នក​ចំណាកស្រុក​ទាំងនោះ​ជា​ប្រជាជន​នៃ​ប្រទេស​ដូចជា យេ​ម៉ែន អា​ហ្វ​ហ្គា​នី​ស្ថាន កេ​ន​យ៉ា ម៉ា​រ៉ុ​ក ប៉ា​គី​ស្ថាន សូ​ម៉ាលី និង​ស៊ី​រី​។ ប៉ុន្តែ​យ៉ាងណា ទីក្រុង​មូ​ស្គូ​បាន​បដិសេដ​នូវ​ការចោទប្រកាន់​នេះ​។

គួរ​បញ្ជាក់ថា ប្រទេស​ហ្វាំ​ង​ឡង់​ បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​បិទ​នូវ​ច្រកព្រំដែន​ទាំងអស់ លើកលែងតែ​ចំណុច​ឆ្លងកាត់​ភាគ​ខាងជើង​បំផុត​នៃ​ព្រំដែន​របស់ខ្លួន​ជាមួយ​ប្រទេស​រុស្ស៊ី ចាប់ពី​ព្រឹក​ថ្ងៃ​សុក្រ​តទៅ ដោយ​វិធានការ​ដំបូង​នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល​មួយខែ​៕​