ក្រសួង​ការបរទេស​កូរ៉េខាងត្បូង នៅថ្ងៃ​សុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេស ៣ រួមមាន​កូរ៉េខាងត្បូង ចិន និងជប៉ុន នឹងរៀបចំ​កិច្ចប្រជុំ​កំពូល​ត្រីភាគី​ជាលើកដំបូង​ឡើងវិញ​ក្នុងរយៈពេល ៤ ឆ្នាំ នាថ្ងៃអាទិត្យ​នៅក្នុងប្រទេស​កូរ៉េខាងត្បូង។ 
 
ប្រទេសទាំង ៣ នេះ​បានយល់ព្រម​រៀបចំ​កិច្ចប្រជុំ​កំពូល​ជារៀងរាល់ឆ្នាំ ដោយមាន​ការចាប់​ផ្តើម​តាំងពីឆ្នាំ ២០០៨ មក​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ ក៏ប៉ុន្តែ​ផែនការនេះ​ត្រូវបាន​បង្អាក់​ដោយជម្លោះ​ទ្វេភាគី​ជានិច្ចកាល បូករួមទាំង​ការរីករាលដាល​នៃជំងឺ​កូវីដ១៩ផង។ 

កិច្ចប្រជុំ​កំពូល​ចុងក្រោយ​នៃប្រទេស​សេដ្ឋកិច្ច​យក្ស​អាស៊ី​ទាំង ៣ នេះ​បានធ្វើ​ឡើង​នៅឆ្នាំ ២០១៩។ 
 
សម្រាប់​ឆ្នាំ២០២៣ កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​ដែលជាកិច្ច​ប្រជុំ​លើកដំបូង​ចាប់តាំង​ពីឆ្នាំ ២០១៩ មក នឹងប្រព្រឹត្ត​ទៅនៅ​កំពង់ផែ​មួយនៃ​ទីក្រុង​ប៊ូសាន( Busan) របស់​កូរ៉េខាងត្បូង។ កិច្ចប្រជុំ​នេះដែរ គឺត្រូវបាន អ្នកការទូត​ជាន់ខ្ពស់​នៃប្រទេស​ទាំងបី​យល់ព្រម​រៀបចំ​តាំងតែពី​ខែកញ្ញា​មកម្ល៉េះ។ 
 
បើតាម​សេចក្តី​ថ្លែងការណ៍​មួយរបស់​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​ បានឱ្យដឹង​ថា៖ «រដ្ឋមន្ត្រី​ការបរទេស​គ្រោងនឹង​ផ្លាស់ប្តូរ​ទស្សនៈ លើ​ទិសដៅ​នៃការអភិវឌ្ឍ​កិច្ចសហ​ប្រតិបត្តិការ​ត្រីភាគី រួមទាំងការ​ត្រៀមរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​ត្រីភាគី​លើកទី៩ បូករួម​ទាំងការ​ពិភាក្សា​លើ​បញ្ហា​តំបន់ និងពិភពលោក»។ 
 
គួរជម្រាប​ថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ចំពេល​ដែលកូរ៉េខាងត្បូង និងជប៉ុន មានការកែលម្អទំនាក់ទំនង រវាង​គ្នាហើយ​ថែមទាំង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​សន្តិសុខ​ជាមួយ​សហរដ្ឋ​អាមេរិក។ ដោយឡែក សម្រាប់​ភាគី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាប់បាន​ព្រមាន​ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុងការពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង និងជប៉ុន​អាចបង្កើន​ភាពតានតឹង និងការប្រឈម​មុខគ្នា​នៅក្នុង​តំបន់។ 
 
បន្ថែមពីលើ​នេះ កិច្ចប្រជុំ​នៅទីក្រុង​ប៊ូសាន ក៏ធ្វើ​ឡើងបន្ទាប់ពី​កូរ៉េខាងជើង​បាននិយាយ​នៅសប្តាហ៍​នេះ​ថា ខ្លួន​បានបាញ់​ផ្កាយ​រណប​ចារកម្ម​ដំបូង​របស់​ខ្លួន​ចូលទៅ​ក្នុង​គន្លង​តារា​វិថី​ដោយជោគជ័យ ដែល​ទាញ​ការថ្កោលទោស​ជាអន្តរជាតិ​ចំពោះ​ការរំលោភ​លើ​ដំណោះស្រាយ​របស់​អង្គការសហ​ប្រជាជាតិ៕