ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោកមេដឹកនាំ យូន ស៊កយល បានទទួលយកការលាលែងចេញពីតំណែងរបស់ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ១ រូប និងអនុប្រធានស្ថាប័នដដែល២ រូប។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការិយាល័យមិនបានបញ្ជាក់ពីហេតុផលណាមួយ សម្រាប់ការលាលែងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានបញ្ហាក្នុងអំឡុងពេលការរុះរើមន្រ្តីចាស់ៗនៅសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) របស់កូរ៉េខាងត្បូង។
គួរបញ្ជាក់ថា លោក គីម គ្យូយុន (Kim Kyou-hyun) ដែលជាអ្នកការទូតជើងចាស់មានជំនាញក្នុងកិច្ចការអាមេរិក និងកូរ៉េខាងជើង បានឡើងធ្វើជាប្រធាន NIS ចាប់តាំងពីលោក យូន ចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំមុន។
បើតាមការិយាល័យប្រធានាធិបតី លោក យូន បានតែងតាំងមន្ត្រី NIS ជាន់ខ្ពស់២រូបទៀតឱ្យកាន់តំណែងជាអនុប្រធានភ្លាមៗក្រោយការលាលែងរបស់មន្រ្តីចាស់។ យ៉ាងណាមិញ លោកមិនទាន់សម្រេចថានឹងតែងតាំងនរណាជាប្រធាន NIS បន្ទាប់ជំនួសលោក គីម នៅឡើយទេ ដោយរង់ចាំសវនាការបញ្ជាក់ពីសភាចិន។
ការិយាល័យដដែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «លោកប្រធាន គីម បានធ្វើការដើម្បីបង្កើតឡើងវិញនូវស្ថានភាពរបស់ NIS ជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សន្តិសុខកំពូលរបស់ប្រទេស ក្នុងអំឡុងពេលការផ្លាស់ប្តូររដ្ឋាភិបាល និងកសាងប្រព័ន្ធកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃបណ្ដាប្រទេសជាមិត្ត»។
គួរកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការលាលែងតំណែងនៃមន្រ្តីកំពូលទាំង៣រូប ហាក់ដូចជាមានទំនាក់ទំនងទៅនឹងបញ្ហាគ្រប់គ្រងបុគ្គលិកក្នុងទីភ្នាក់ងារចារកម្ម ចាប់តាំងពីខែមិថុនាឆ្នាំនេះ។
ការណ៍នេះ កើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងពន្លឿនការអភិវឌ្ឍកម្មវិធីអាវុធរបស់ខ្លួន ហើយថ្មីៗនេះ បានបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួនដោយជោគជ័យទៅកាន់គន្លងតារាវិថី៕