ជនជាតិអ៊ីស្រាអែលចំនួន ១៣ នាក់ និងជនជាតិថៃ ៤ នាក់ត្រូវបានដោះលែងពីការចាប់ឃុំឃាំងរបស់ក្រុមហាម៉ាស់។ ក្រោយការដោះលែង ពួកគេបានមកដល់ប្រទេសអ៊ីស្រាអែល​ នាថ្ងៃអាទិត្យនេះ និងដែលកំពុងជួបជុំគ្នាជាមួយក្រុមគ្រួសាររៀងៗខ្លួន។ 

ក្នុងការដោះលែងកាលពីល្ងាចថ្ងៃសៅរ៍ ក្រុមហាម៉ាស់បានប្រគល់ចំណាប់ខ្មាំងឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ហើយបើយោងតាមការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឱ្យដឹងថា ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំង ១៣ នាក់ដែលត្រូវបានដោះលែងមាន ៦ នាក់ជាស្ត្រី និង៧ នាក់ជាកុមារ និងក្មេងជំទង់។
 
យោងងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ចំណាប់ខ្មាំងដែលត្រូវបានដោះលែងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអ៊ីស្រាអែល ជាកន្លែងដែលពួកគេជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ»។
 
ជាថ្នូរនឹងចំណាប់ខ្មាំងអ៊ីស្រាអែលទាំង១៣នាក់នេះ ជនស៊ីវិលប៉ាឡេស្ទីន ៣៩នាក់ រួមទាំងអនីតិជន ៣៣ នាក់ ក៏នឹងត្រូវដោះលែងពីពន្ធនាគារអ៊ីស្រាអែល។ ទូរទស្សន៍ Al Jazeera បានថតវីដេអូផ្ទាល់នូវសកម្មភាពដែលរថយន្ដកាកបាទក្រហម បានដឹកអ្នកទោសប៉ាឡេស្ទីនចេញពីពន្ធនាគារអ៊ីស្រាអែលតាមផ្លូវទៅកាន់ទីក្រុង Beitunia ក្នុងតំបន់ West Bank។
 
យ៉ាងណាមិញ បើទោះបីជាបទឈប់បាញ់ធ្វើឡើងក្នុងលក្ខណៈបណ្ដោះអាសន្នក្ដី ប៉ុន្តែចំណាប់ខ្មាំងអ៊ីស្រាអែលសរុបចំនួន ៥០ នាក់គ្រោងនឹងដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនចំនួន ១៥០នាក់ក្នុងរយៈពេល៤ថ្ងៃ។
 
មន្ត្រីប៉ាឡេស្ទីនបាននិយាយថា ក្រុមហាម៉ាស់នឹងបន្តបទឈប់បាញ់រយៈពេល ៤ ថ្ងៃដែលបានព្រមព្រៀងជាមួយអ៊ីស្រាអែល ដែលនេះជាការផ្អាកឈប់បាញ់ដំបូងបំផុតក្នុងការប្រយុទ្ធបើរាប់ចាប់តាំងពីក្រុមយុទ្ធជនហាម៉ាស់បានវាយលុកឆ្លងកាត់អ៊ីស្រាអែល តាមភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១២០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់មក។ 

ជាការឆ្លើយតបនឹងការវាយប្រហារនាពេលនោះ អ៊ីស្រាអែលបានដាក់ចេញសកម្មភាពនានា សំដៅកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលរត់ការនៅតំបន់ហ្គាហ្សាតាមរយៈការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោង។ បើតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា រហូតមកដល់ពេលនេះ មនុស្សប្រហែល ១៤ ៨០០ នាក់ ប្រហែល ៤០% នៃពួកគេជាកុមារត្រូវបានសម្លាប់។
 
សូមបញ្ជាក់ថា បទឈប់បាញ់រយៈពេល៤ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅហ្គាហ្សា បានចូលជាធរមាននៅព្រឹកថ្ងៃសុក្រ ដែលនេះជាដំណាក់កាលសម្រាប់ដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលជាលើកដំបូង ជាមួយនឹងអ្នកទោសប៉ាឡេស្ទីន៕