សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​បាន​ផ្សាយ​ថា ​អាជ្ញាធរ​បារាំង​កាលពី​ថ្ងៃទី​ ២៨​ វិច្ឆិកា បាន​ចាប់ខ្លួន​មនុស្ស ៤១ នាក់ ​ក្នុងការ​ឆ្មក់​​ចូល​ចាប់​​​ខ្លួន ​​​ក្រុម​​និកាយ​យូ​ហ្គា​ដ៏​ចម្រូងចម្រាស​មួយ​ដែល​រួមមាន​មេដឹកនាំ​របស់ខ្លួន​គឺ​លោក Gregorian Bivolaru វ័យ ​​៧១ ឆ្នាំ​​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ក្រោម​បទ​ចោទ​ជា​ច្រើន​ និង​នៅច្រើន​ប្រទេស។ 

AFP ​ដែល​បាន​ដក​ស្រង់​​សម្តី​ពី​ប្រភព​ជិតស្និទ្ធ​នឹង​ករណីនេះ​ បាន​ផ្សាយថា ក្រុម​និកាយ​យូហ្គានេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភបំពាន​ជាច្រើន​ក្រោម​ការដឹកនាំ​របស់ លោក Bivolaru ដែល​ត្រូវបាន​ធ្វើឡើង​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​ជួរ​អាជ្ញាធរ​តុលាការ​​​ច្រើន​ប្រទេស​ ដូ​ចជា​នៅក្នុង​ប្រទេស​រូ​ម៉ា​នី ស៊ុយអែត និង​បារាំង​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។

តាមសេចក្តីរាយការណ៍​ដដែល​បាន​បញ្ជាក់​ថា លោក​ Bivolaru ជា​ជនជាតិ​រ៉ូ​ម៉ា​នី និង​ស៊ុយអែត។​​ ​សមាជិក​​សំខាន់​ៗ​នៃ​​និកាយ​​​យូហ្គា​ ដែល​អប់រំ​ផ្លូវ​ចិត្ត​ បែប​សាសនា​​​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​​​នៅ​តំបន់ប៉ារីស​​​និង​ភាគខាង​ត្បូង​ប្រទេសបារំាង​។

ប្រភព​ដដែល​បាន​បន្តថា មន្ត្រី​ប៉ូលិស​ចំនួន​ ១៧៥ នាក់​ ត្រូវបាន​ដាក់​ពង្រាយ​សម្រាប់​ប្រតិបត្តិការ​នេះ ក្នុង​នោះ​ស្ត្រី​ចំនួន ​២៦ ​នាក់​ ដែល​ក្នុងនោះ​មាន​ស្ត្រី​ជាច្រើន​នាក់​ត្រូវបាន​គេ​ឃុំខ្លួន​​មិន​ស្របតាម​ឆន្ទៈរបស់​ពួកគេ និង​​​ត្រូវបាន​ដោះលែង​វិញ​៕