ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានជជែកដេញដោលគ្នានៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង និងមូលហេតុនៃភាពតានតឹងនៅក្នុងតំបន់។ ការជជែកនេះបានធ្វើឡើងជាសាធារណៈដោយផ្ទាល់មុខគ្នា ដែលជារឿងដ៏កម្រកើតមានណាស់រវាងប្រទេសបច្ចាមិត្តទាំង២។
បន្ទាប់ពីអវត្តមានជិត៦ឆ្នាំមក ប្រទេសកូរ៉េខាងជើងបានសម្រេចចាប់ផ្តើមបញ្ជូនបេសកជនរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិម្តងទៀត ដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនកាលពីខែកក្កដា ហើយកាលពីថ្ងៃចន្ទក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេសនេះបានជួបប្រជុំគ្នាដើម្បីជជែកអំពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងកាលពីថ្ងៃទី២១ខែវិច្ឆិកាកន្លងទៅ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីដា ថូម៉ាសហ្គ្រីនហ្វៀល (Linda Thomas-Greenfield) និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម សុង (Kim Song) បានធ្វើការថ្លែងដោយមិនបានគ្រោងទុកជាមុនឡើយ ពោលគឺអ្នកទាំង២ បានចូលរួមក្នុងការជជែកដេញដោលគ្នាអំពីសិទ្ធិនៃការឆ្លើយតប ដោយម្នាក់ៗប្រកែកថាប្រទេសរបស់ពួកគេសុទ្ធតែកំពុងធ្វើសកម្មភាពក្នុងគោលបំណងដើម្បីការពារខ្លួន និងសន្តិសុខតំបន់តែប៉ុណ្ណោះ។
លោក គីម បានថ្លែងនៅក្នុងក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិកកំពុងគំរាមកំហែងដោយអាងខ្លួនថាមានអាវុធនុយក្លេអ៊ែរ។ លោកបានបញ្ជាក់ថា វាជាសិទ្ធិស្របច្បាប់របស់កូរ៉េខាងជើង ក្នុងនាមជាភាគីមួយដែលជាប់ពាក់ព័ន្ធក្នុងជម្លោះនេះក្នុងការដែលអាចផលិតបាញ់សាកល្បង និងសមត្ថភាពអាវុធស្រដៀងនឹងសហរដ្ឋអាមេរិក។
កន្លងមក កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ដោយមិនអនុញ្ញាតឱ្យមានកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល រួមទាំងការហាមមិនឱ្យផលិតមីស៊ីលផ្លោងទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណប ដោយប្រើប្រាស់បច្ចេកវិទ្យាហាមឃាត់ទាំងនេះ ហើយកូរ៉េខាងជើងក៏តែងតែបានធ្វើតេស្តបាញ់មីស៊ីលផ្លោងជាច្រើនលើកក្នុងរយៈពេល ២០ខែចុងក្រោយនេះ។ សហរដ្ឋអាមេរិកក៏បានព្យាយាមព្យាករថាកូរ៉េខាងជើងអាចនឹងធ្វើការបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរជាលើកទី៧ នៅថ្ងៃខាងមុខនេះ។
ដោយឡែក លោកស្រី ថូម៉ាសហ្គ្រីនហ្វៀល បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់កូរ៉េខាងជើងដែលថាការបាញ់មីស៊ីលរបស់ពួកគេគឺជាការឆ្លើយតបក្នុងគោលបំណងការពារខ្លួនចំពោះសមយុទ្ធយោធាទ្វេភាគីរវាងអាមេរិកនិងសម្ព័ន្ធមិត្ត។
លោកស្រីបានបញ្ជាក់ថា សមយុទ្ធរបស់អាមេរិកគឺជាសកម្មភាពដែលកើតឡើងជាទម្លាប់ ក្នុងន័យពង្រឹងការការពារ និងជាសមយុទ្ធដែលតែងតែបានប្រកាសប្រាប់ជាមុន។
ការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង កូរ៉េខាងត្បូង ចិន សហរដ្ឋអាមេរិក រុស្ស៊ី និងជប៉ុនបានជាប់គាំងនៅក្នុងឆ្នាំ២០០។ សូម្បីតែកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន (Kim Jong Un) និងអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump)ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ក៏ត្រូវបានបរាជ័យដែរ។
លោក គីម បាននិយាយថា ដរាបណានៅមានការគំរាមកំហែងផ្នែកយោធាជាបន្តបន្ទាប់ កូរ៉េខាងជើងនឹងបន្តសកម្មភាពដូចសព្វថ្ងៃកាន់តែខ្លាំងឡើង។ ដោយឡែក លោកស្រី ថូម៉ាសហ្គ្រីនហ្វៀលបាននិយាយថា សកម្មភាពរបស់កូរ៉េខាងជើងគឺកើតចេញពីការស្រមើស្រម៉ៃថាមានការវាយប្រហាររបស់សហរដ្ឋអាមេរិក។ លោកស្រីក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកចង់ផ្តល់ជំនួយមនុស្សធម៌ទៅឱ្យកូរ៉េខាងជើង មិនមែនអាវុធដើម្បីធ្វើបាបប្រជាជនខ្លួននោះទេ។
អស់ជាច្រើនឆ្នាំមកនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបនឹងភាពចម្រូងចម្រាសជុំវិញដំណោះស្រាយកម្មវិធីនុយក្លេអ៊ែរនៅកូរ៉េខាងជើង ដោយរុស្ស៊ី និងចិនបានប្រឆាំងនឹងការដាក់ទណ្ឌកម្មបន្ថែម និងចង់បន្ធូរបន្ថយទណ្ឌកម្មដែលមានស្រាប់។
ពួកគេបានស្តីបន្ទោសសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង ថាចង់បង្ករឿងជាមួយកូរ៉េខាងជើង ខណៈដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ចិន និងរុស្ស៊ីថាបានការពារកូរ៉េខាងជើងពីការដាក់ទណ្ឌកម្ម៕