នាយករដ្ឋមន្ត្រី​ថៃ និង​ម៉ាឡេស៊ី បាន​ព្រមព្រៀង​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​ទៅលើ​វិស័យ​ជាច្រើន រួមទាំង​ពាណិជ្ជកម្ម​និង​ទេសចរណ៍​ផងដែរ។ ការ​ឈានដល់​កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើឡើង​នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​រវាង​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន (SretthaThavisin) និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងអំឡុងពេល​ទស្សន​កិច្ច​ទៅកាន់​តំបន់​គយ​ថ្មី​ឈ្មោះថា សា​ដាវ (Sadao) ក្នុង​ខេត្ត​សុង​ក្លា (Songkhla)។

ជំនួប​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក សេដ្ឋា នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១១ ខែតុលា​កន្លងទៅ ដោយ​ផ្តោតជាសំខាន់​លើ​ការអភិវឌ្ឍ​នៅ​តំបន់​ព្រំដែន​រួមគ្នា។ ក្នុងជំនួប​នេះ ក៏មាន​មន្ត្រីជាន់ខ្ពស់​ចូលរួម​ផងដែរ រួមមាន​រដ្ឋមន្ត្រី​ទេសចរណ៍​និង​កីឡា​របស់​ថៃ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​របស់​ថៃ​រដ្ឋមន្ត្រីក្រសួង​ការងារ​របស់​ម៉ាឡេស៊ី និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​របស់​ម៉ាឡេស៊ី។

ប្រទេស​ទាំង២ បានបង្ហាញ​ពី​ភាព​ខ្នះខ្នែង​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ព្រំដែន​រួមគ្នា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសំខាន់។ លោក សេត​ថា បានស្នើ​ឱ្យមាន​ផែនការ​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​បាន​ស្នើឱ្យ​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នៅ​ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម។

លោក​បាន​ជំរុញ​ឱ្យ​ម៉ាឡេស៊ី ​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​លើ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ស្នើឱ្យ​មានការ​សហការ​កា​ន់​តែ​ជិតស្និទ្ធ​រវាង​ធុរជន​ក្នុងស្រុក​ដើម្បី​បង្កើន​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការអភិវឌ្ឍ​តាម​ព្រំដែន។

កិច្ចព្រមព្រៀង​ស្ដីពី​ការជំរុញ​ទេសចរណ៍​រវាង​ប្រទេស​ថៃ និង​ម៉ាឡេស៊ី នឹង​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ម៉ាឡេស៊ី​មិនចាំបាច់​បំពេញ​ទម្រង់​បែបបទ​មួយចំនួន​នៅ​ច្រក សា​ដាវ​រហូតដល់​ខែមេសា ឆ្នាំ២០២៤។ លើសពីនេះ ប្រទេស​ថៃ​មានបំណង​បង្កើត​នាយកដ្ឋាន​មួយ​នៅក្នុង​ក្រសួង​ឧស្សាហកម្ម ដើម្បី​គាំទ្រ​ដល់​ការផ្សព្វផ្សាយ​ផលិតផល​អាហារ​ហា​ឡា​ល់ របស់ខ្លួន​ទៀតផង។

ប្រទេស​ទាំង២ ក៏បាន​ព្រមព្រៀងគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​រត់ពន្ធ​សត្វព្រៃ ដោយ​ពួកគេ​នឹង​ពិនិត្យមើល​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​នៅ​ខែកុម្ភៈឆ្នាំក្រោយ។

បន្ថែម​លើ​នេះ ពួកគេ​ក៏បាន​ព្រមព្រៀងគ្នា​ព​ន្លឿ​ន​ការកសាង​គម្រោង​ផ្លូវ​ត​ភ្ជាប់​ច្រក​សា​ដាវ និង​ប៊ូ​គិតកា​យូ​ហ៊ី​តាំ (Bukit KayuHitam) និង​គម្រោង​ស្ពាន​ត​ភ្ជាប់​តំបន់​ស៊ុន​ហ្កា​យ កូ​ឡុ​ក (Sungai Kolok) ក្នុង​ខេត្ត​ណា​រ៉ា​ធី​វ៉ាត (Narathiwat) ទៅ​តំបន់​រ៉ា​ន់​តាវ​ប៉ាន់​ចាង (RantauPanjang) ក្នុង​ខេត្ត​កេ​ឡា​តាន់(Kelantan) ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ការធ្វើដំណើរ​កាន់តែ​ងាយស្រួល។

បន្ទាប់ពី​កិច្ចប្រជុំ លោក សេត​ថា បានលើកឡើង​នៅលើ​បណ្ដាញ​សង្គម X ថា ប្រទេស​ទាំង២ មាន​គោលបំណង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ដល់ ៣០ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០២៥ ខាងមុខ។ លោក​បាន​បន្ថែមថា ការបញ្ចប់​គម្រោង​ផ្លូវ និង​ស្ពាន​នឹង​អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ទេសចរណ៍​បន្ថែមទៀត។

ក្នុង​ឆ្នាំ២០២៣ ប៉ុស្តិ៍​ត្រួតពិនិត្យ​ថៃ បាន​ប្រមូល​ប្រាក់ចំណូល​បាន​ចំនួន​ប្រមាណ ២២០ លាន​ដុល្លារ​ សហរដ្ឋអាមេរិក និង​ទំហំ​ពាណិជ្ជកម្ម​មានតម្លៃ​ប្រមាណ​ជាង ១២ ពាន់លាន​ដុល្លារ ​សហរដ្ឋអាមេរិក។ ក្នុង​រយៈពេល ១ ឆ្នាំ កន្លងមក មនុស្ស​ជាង ៥ លាន​នាក់ និង​រថយន្ត​ដឹកទំនិញ​ចំនួន​ជាង ៦៥ ម៉ឺន​គ្រឿង​ បាន​ឆ្លងកាត់ រាប់​ចាប់ពី​ថ្ងៃទី១ ខែតុលា ដល់​ថ្ងៃទី៣០ ខែកញ្ញា។

បន្ថែម​លើ​នេះ លោក សេដ្ឋា ក៏បាន​បង្កើត «ក្រុម​សន្ទនា​សន្តិភាព» ដឹកនាំ​ដោយ​លោក ឆាត​ឆៃ បាង​ឆួ​ត (Chatchai Bangchuad) អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដើម្បី​ត្រួតពិនិត្យ​ដំណើរ​ទាំងនេះ។ ក្នុងនោះ ក៏មាន​គណៈកម្មការ​ដែល​មាន​សមាជិក​មកពី​ស្ថាប័នផ្សេងៗដូចជា មជ្ឈមណ្ឌល​រដ្ឋបាលខេត្ត​ព្រំដែន​ភាគខាងត្បូង ក្រសួងការបរទេស ក្រសួងយុត្តិធម៌ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​ទីបញ្ជាការ​ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃក្នុង​ភូមិភាគ​ទី៤៕