ហ្វាំង​ឡង់ ដែល​បោះបង់​ជំហរ​អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ​ជា​ច្រើន​ទសវត្សរ៍​ទៅ​ចុះ​ចូល​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ណាតូ ដោយសារតែ​ខ្លាច​រុស្ស៊ី​ឈ្លាន​ពាន ដូច​ករណី​អ៊ុយក្រែន ប្រកាស​បិទ​ព្រំ​ដែន​ដែល​នៅសេសសល់​ចុងក្រោយ​ជាមួយ​រុស្ស៊ី ដើម្បី​ទប់​ស្កាត់​ចំណាក​ស្រុក​រុស្ស៊ី ហូរចូល​ប្រទេសរបស់ខ្លួន។​

លោក​ Petteri Orpo នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ បាន​និយាយ​កាលពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា​ថា ប្រទេស​នេះ​នឹង​បិទ​ច្រក​ព្រំដែន​ចុងក្រោយ​របស់​ខ្លួន​ទៅកាន់​ប្រទេស​រុស្ស៊ី បន្ទាប់ពី​លំហូរ​ជន​ចំណាក​ស្រុក​ដែល​ទីក្រុង ហែល​ស៊ីន​គីអះអាងថា​ជាការ​វាយ​ប្រហារ​កូនកាត់(Hybrid)​រៀបចំ​ដោយ​ទីក្រុង​ម៉ូស្គូ។ យោង​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP។ 

លោកស្រី ម៉ារី រ៉ានតានេន (Mari Rantanen)រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហ្វាំង​ឡង់ បាន​និយាយ​ថា​ ការបិទ​ច្រក​ព្រំដែន​​នេះ​នឹង​ចូល​ជា​ធរមាន​ពេញ​ ១​យប់​រវាង​ថ្ងៃទី២៩ និង៣០ ខែ​វិច្ឆិកា និង​មាន​រយៈពេល​រហូតដល់​ថ្ងៃទី១៣​ខែ​ធ្នូ។

ប្រទេស ​ហ្វាំង​ឡង់ ដែល​ស្ថិត​នៅ​អឺរ៉ុប​​ខាង​ជើង (Nordic)ដែល​មាន​ព្រំដែន ១៣៤០ គីឡូម៉ែត្រ​ជាមួយ​ប្រទេស​រុស្ស៊ី​បាន​ឃើញ​ការ​កើន​ឡើង​នៃ​ជន​ចំណាក​ស្រុក​ដែល​គ្មាន​ឯកសារ​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​រុស្ស៊ី​ក្នុង​ខែ​វិច្ឆិកា។

ចាប់តាំង​ពី​ដើមខែ​សីហា​មក ជន​ចំណាក​ស្រុក​ជិត ១០០០នាក់​បាន​ចូល​ប្រទេស​ហ្វាំ​ង​ឡង់​ដោយ​គ្មាន​ទិដ្ឋាការ​តាមរយៈ​ចំណុច​ឆ្លងកាត់​ព្រំដែន​ភាគ​ខាងកើត។

«ហ្វាំ​ង​ឡង់ ​គឺជា​គោលដៅ​នៃ​ប្រតិបត្តិការ​កូន​កាត់​រុស្ស៊ី។ នេះ​ជា​បញ្ហា​សន្តិសុខ​ជាតិ»។

កាល​ពី​សប្តាហ៍​មុន ​ច្រក​ឆ្លង​ព្រំដែន​« Raja-Jooseppi »​ស្ថិត​នៅ​តំបន់​ចុង​បូព៌ា​ ​របស់​ហ្វាំង​ឡង់ បាន​ក្លាយជា​ច្រកចូល​តែ​ ១​គត់​ទៅ​កាន់​ប្រទេស​រុស្ស៊ី ​បន្ទាប់​ពី​ការបិទច្រក​ឆ្លងកាត់​ចំនួន ៧ ផ្សេង​ទៀត​ដោយ​ប្រទេសហ្វាំង​ឡង់​ចាប់​តាំង​ពី​រុស្ស៊ី​បង្កើត​សង្គ្រាម​​ឈ្លាន​ពាន​​អ៊ុយក្រែន។

អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នឹង​ត្រូវ​បាន​កំណត់​ចំពោះ​ការដាក់​ពាក្យ​សុំ​ការការពារ​នៅ «ចំណុច​ឆ្លងកាត់​ព្រំដែន​បើក​ចំហ​សម្រាប់​ចរាចរណ៍​ផ្លូវ​អាកាស និង​សមុទ្រ ដែល​សំដៅ​ដល់​«កំពង់​ផែ និង​ព្រលានយន្តហោះ » ។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល។

លោក​នាយក​រដ្ឋ​មន្ត្រី Orpo បាន​និយាយ​អំពី​ការកើន​ឡើង​នេះ​ថា «នេះ​គឺជា​សកម្មភាព​រៀបចំ មិនមែនជា​ការសង្គ្រោះ​បន្ទាន់​ពិត​ប្រាកដ​ទេ»។

លោក​បាន​បន្ថែម​ថា «ភាពងាយស្រួល​ដែល​ជន​ចំណាកស្រុក​បាន​រក​ឃើញ​ផ្លូវ​របស់​ពួកគេ​ទៅកាន់​ចំណុច​ឆ្លងកាត់​ព្រំដែន​ដាច់ស្រយាល​នៅ Raja-Jooseppi ក៏​ជា​ភ័ស្តុតាង​នៃ​រឿងនេះ​ដែរ» ។

លោក​បាន​បន្ត​ថា​៖ ​«វា​មិនមែន​គ្រាន់តែ​ជា​ចំនួន​នៃ​ការមកដល់​ដែលជា​បញ្ហា​នោះទេ ប៉ុន្តែ​វា​ជា​បាតុភូត​ផ្ទាល់​របស់វា»។

ទំនាក់ទំនង​របស់​ហ្វាំ​ង​ឡង់ ជាមួយ​ប្រទេស​ជិតខាង​ភាគ​ខាងកើត មាន​ភាពជូរចត់​បន្ទា​ប់​ពី​ការ​លុកលុយ​របស់​អ៊ុយ​ក្រែ​ន។

បន្ទាប់ពី​ហ្វាំ​ង​ឡង់​បាន​ចូល​ជា​សម្ព័ន្ធ​មិត្ត​យោធា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ណា​តូ​ក្នុង​ខែ​មេសា ​ដោយ​បាន​ផ្លាស់​ប្តូរ​គោល​នយោបាយ​មិន​ចូល​បក្ស​សម្ព័ន្ធ​រយៈពេល​ជាច្រើន​ទសវត្សរ៍​របស់​ខ្លួន រុស្ស៊ី​បាន​ព្រមាន​អំពី «វិធានការ​តបត»៕​