ទីភ្នាក់ងារអវកាសនៃប្រទេសជប៉ុន បានរងការវាយប្រហារតាមអ៊ីនធឺណិតដោយពួកចោរបច្ចេកវិទ្យាហ៊ែកឃើរ (Hackers) ប៉ុន្តែពួកគេមិនអាចចូលប្រើទិន្នន័យសំខាន់ៗដែលរួមបញ្ចូលទាំងព័ត៌មានស្ដីពីប្រតិបត្តិការរ៉ុក្កែត និងផ្កាយរណបនោះទេ។ នេះបើតាមមន្ត្រីនាំពាក្យរបស់ភ្នាក់ងារនាថ្ងៃពុធ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីអ្នកនាំពាក្យទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ដែលនិយាយថា៖ «មានលទ្ធភាពនៃការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាត ដោយការឆ្លៀតឱកាសលើភាពងាយរងគ្រោះនៃឧបករណ៍បណ្តាញ»។
មន្ត្រីនាំពាក្យដដែលនិយាយទៀតថា ទីភ្នាក់ងារអវកាសបានដឹងពីលទ្ធភាពនៃការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាត បន្ទាប់ពីទទួលបានព័ត៌មានពីអង្គការខាងក្រៅ ហើយធ្វើការស៊ើបអង្កេតផ្ទៃក្នុង។
តាមរ៉យទ័រអ្នកនាំពាក្យដដែលបដិសេធសុំមិនបញ្ជាក់ព័ត៌មានលម្អិតផ្សេងៗ រួមមានថាតើការវាយប្រហារកើតឡើងពិតប្រាកដ ពេលណា ក្រុមហ៊ែកឃើរណាមួយជាប់ការសង្ស័យថានៅពីក្រោយសកម្មភាពបែបនេះឬថាតើអង្គការខាងក្រៅណាដែលផ្ដល់ព័ត៌មានឱ្យភ្នាក់ងារអវកាសស្ដីពីការវាយប្រហារនោះទេ។
អ្នកនាំពាក្យបានបន្ថែមថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធកំពុងស៊ើបអង្កេតបញ្ហានេះ ហើយស្វែងរកការកំណត់អត្តសញ្ញាណប្រភពនៃការវាយប្រហារ វិសាលភាពនៃការខូចខាត និងភាពងាយរងគ្រោះណាមួយនៅក្នុងប្រព័ន្ធសន្តិសុខនៃទីភ្នាក់ងារនេះ។
JAXA ស្ថិតក្នុងចំណោមក្រុមហ៊ុន និងវិទ្យាស្ថានស្រាវជ្រាវប្រហែល ២០០ ដែលរងគ្រោះដោយការវាយប្រហារតាមអ៊ីនធឺណិតទ្រង់ទ្រាយធំក្នុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ដែលគេជឿថាធ្វើឡើងដោយក្រុមចារកម្មចិនក្រោមការដឹកនាំរបស់កងទ័ពរំដោះប្រជាជន៕