វៀតណាមកំពុងប្តេជ្ញាចិត្តបញ្ចប់កំណែទម្រង់ផែនការអាកាសធាតុជាមួយរដ្ឋាភិបាល នៃប្រទេសអភិឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា «G7» និងអ្នកផ្តល់ប្រាក់កម្ចីពហុភាគីដែលអាចផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនៅក្នុងប្រទេស។ នេះបើយោងតាមមន្ត្រីបរទេសដែលដឹងអំពីកិច្ចពិភាក្សានេះ។
ឯកសារដែលគេស្គាល់ថាជាផែនការកៀរគរធនធានត្រូវតែព្រមព្រៀងជាមួយអ្នកវិនិយោគឱ្យរួចរាល់មុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី ៣០ ខែវិច្ឆិកានាទីក្រុងឌូបៃ ដើម្បីអាចទទួលកម្ចីខ្នាតធំយកមកអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
គេហទំព័ររដ្ឋាភិបាលវៀតណាមបានផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំ COP28 ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៣ ខែធ្នូ ខណៈគេរំពឹងថាផែនការថ្មីដែលកំពុងកំណែទម្រង់អាចត្រូវបានប្រកាសនៅទីនោះ។
បើតាមមន្ត្រីបរទេស ១ រូប ដែលបដិសេធមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការងារមួយចំនួននៅតែដំណើរការជាចម្បងសម្រាប់វៀតណាមពិសេសលើការផ្លាស់ប្តូរក្របខណ្ឌបទប្បញ្ញត្តិ និងឧបសគ្គសម្រាប់ការវិនិយោគ។
ចំណែកមន្ត្រីមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះដូច គ្នាបានឱ្យដឹងថា មកទល់ពេល នេះកំណែទម្រង់ គឺមិនមានបញ្ហាអ្វីធំដុំនោះទេ ពោលគឺរង់ចាំតែការអនុម័តកំណែចុងក្រោយប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះក្រសួងបរិស្ថាន និងការិយាល័យនាយករដ្ឋមន្ត្រីវៀតណាមមិន បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ក្រុមអ្នកសារព័ត៌មានទេ។
បើតាមកំណែទម្រង់ព្រាងកាលពីចុងខែតុលា ព័ត៌មានរ៉យទ័របានរាយបញ្ជីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះគម្រោងជាង ៤០០ ដែលអាចនឹងទទួលបានប្រាក់យ៉ាងច្រើនពីសមាជិកប្រទេស G7 រួមទាំងគម្រោងចំនួន ២៧២ ផ្សេងទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលដូចជាការធ្វើឱ្យប្រសើរបណ្តាញអគ្គិសនីខ្យល់ និងកសិដ្ឋានពន្លឺព្រះអាទិត្យឬ solar farms។
ដោយឡែកក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានតាំងពីឆ្នាំមុនជាមួយអ្នកវិនិយោគបរទេសដែលភាគច្រើនមកពីប្រទេសសមាជិក G7 វៀតណាមអាចនឹងទទួលបានប្រាក់ប្រមាណ ១៥,៥ ពាន់លានដុល្លារ ដែលភាគច្រើនជាកម្ចីពាណិជ្ជកម្មតាមអត្រាទីផ្សារក្នុងរយៈពេល ៣-៥ ឆ្នាំដើម្បីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្ម។
យ៉ាងណាក៏ដោយ បើទោះបីជា វៀតណាមអាចទទួលបានកម្ចីក្នុងទំហំធំពីអ្នកវិនិយោគ ក៏គេមិនប្រាកដថាវៀតណាមពិតជានឹងយកប្រាក់កម្ចីតាមការផ្តល់ជូននោះទេ ខណៈកន្លងមករដ្ឋាភិបាលកុម្មុយនីស្តវៀតណាម មានការស្ទាក់ស្ទើរក្នុងការទទួលយកប្រាក់កម្ចីពីបរទេសមួយចំនួននាពេលកន្លងមក៕