ប្រទេសកាតា ដែលជាភាគីសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងភាគីអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនកំពុងតែចរចាគ្នាបន្ថែមទៀត ដើម្បីពន្យារបទឈប់បាញ់ ដែលបានបន្ថែម ២ ថ្ងៃ លើបទឈប់បាញ់ចាស់ ដែលមានសុពលភាពត្រឹមតែ ៤ ថ្ងៃ ដើម្បីដោះដូរចំណាប់ខ្មាំងនិងអ្នកទោស និងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។
គិតមកដល់ពេលនេះ នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ដែលកិច្ចព្រមព្រៀងនឹងត្រូវផុតកំណត់ ហើយប្រសិនបើមិនមានការសម្រេចក្នុងការបន្តបទឈប់បាញ់នោះទេ ភ្លើងសង្គ្រាមនឹងត្រូវ ឆាប់ឆេះជាថ្មី បន្ទាប់ពីផ្អាកអស់រយៈពេល៦ថ្ងៃ។
នាថ្ងៃទី២៩វិច្ឆិកា ផងដែរ គ្រួសារនៃចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ត្រូវបានគេជូនដំណឹងអំពីបញ្ជីឈ្មោះ អ្នកដែលនឹងត្រូវដោះលែងបន្ទាប់ទៀត ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមចំណាប់ខ្មាំងចុងក្រោយនេះនឹងមិនទាន់អាចមានសេរីភាពនោះទេ ប្រសិនបើមិនមានការបន្តបទឈប់បាញ់។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីស្រាអែល។
ប៉ុន្តែយ៉ាងណាបន្ទាប់ពីការដោះលែងជាបន្តបន្ទាប់កន្លងទៅចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលនៅមិនទាន់មានសេរីភាពគឺនៅសល់ស្ត្រីនិងកុមារក្នុងចំនួនតិចតួចប៉ុណ្ណោះដែលនេះក៏បានសេចក្ដីថា ប្រសិនបើបទឈប់បាញ់នៅបន្តអូសបន្លាយថែមទៀតចំណាប់ខ្មាំងជាបុរសអាចនឹងត្រូវបានដោះលែងជាលើកដំបូង។
ដោយឡែកមន្ត្រីប៉ាឡេស្ទីនម្នាក់ បាននិយាយថាទោះបីជាភាគីទាំង២មានឆន្ទៈក្នុងការអូសបន្លាយបទឈប់បាញ់ក៏ដោយក៏មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ មន្ត្រីរូបនេះបាននិយាយទៀតថាការពិភាក្សានៅតែកំពុងដំណើរការជាមួយអ្នកសម្របសម្រួលគឺ អេហ្ស៊ីបនិងកាតា។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឯណោះវិញ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៃកិច្ចពិភាក្សាណាមួយឡើយប៉ុន្តែបានធ្វើការកត់សម្គាល់ថាចំណាប់ខ្មាំង ដែលជាស្ត្រីជនជាតិប៉ាឡេស្ទីនចំនួន ៥០ នាក់ទៀតត្រូវបានអ៊ីស្រាអែលកត់ចូលក្នុងបញ្ជីរួចរាល់ត្រៀមសម្រាប់ដោះលែងប្រសិនបើមានការព្រមព្រៀងថ្មីមួយទៀត។
រហូតមកដល់ពេលនេះក្រុមហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធ ដែលគ្រប់គ្រងតំបន់កាហ្សាបានដោះលែងស្ត្រីនិងកុមារជនជាតិអ៊ីស្រាអែលចំនួន ៦០ នាក់ ក្នុងចំណោមចំណាប់ខ្មាំង ២៤០ នាក់ ដែលពួកគេបានចាប់ខ្លួននៅក្នុងការវាយលុកកាលពីថ្ងៃទី ៧ ខែតុលា។
ជាមួយគ្នានោះជនបរទេសចំនួន២១ នាក់ ដែលភាគច្រើនជាកសិករថៃក៏ត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងមួយផ្សេងទៀតដែលស្រដៀងគ្នានឹងកិច្ចព្រមព្រៀងបទឈប់បាញ់ដែរ។ ជាថ្នូរនឹងការដោះលែងនេះអ៊ីស្រាអែល ក៏បានដោះលែងប្រជាជនប៉ាឡេស្ទីនចំនួន ១៨០ នាក់ ចេញពីកន្លែងឃុំឃាំង ដែលពួកគេភាគច្រើនជាស្ត្រីនិងក្មេងជំទង់។
បទឈប់បាញ់ត្រូវបានព្រមព្រៀងឡើងដំបូងដោយកំណត់ត្រឹមរយៈពេល ៤ ថ្ងៃ ប៉ុន្តែក៏ថ្ងៃត្រូវបានពន្យារពេល ៤៨ ម៉ោងបន្ថែមទៀតរហូតមកដល់ថ្ងៃទី ២៩ វិច្ឆិកា។
ដោយឡែកអ៊ីស្រាអែល បាននិយាយថាខ្លួនមានឆន្ទៈក្នុងការអូសបន្លាយកិច្ចព្រមព្រៀងបន្ថែមទៀតដរាបណាក្រុមហាម៉ាសព្រមដោះលែងចំណាប់ខ្មាំង ១០ នាក់ ក្នុងមួយថ្ងៃ។
យ៉ាងណាមិញ ការដោះលែងចុងក្រោយបំផុតកាលពីថ្ងៃទី២៨កន្លងទៅនេះ ត្រូវបានគេចាត់ទុកថាជាការដោះលែងចំណាប់ខ្មាំងលើកដំបូងដែលមានជាប់ពាក់ព័ន្ធនឹងក្រុមជីហាតអ៊ីស្លាមដែលជាក្រុមសម្ព័ន្ធមិត្តនឹងក្រុមហាម៉ាស៕