រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានឱ្យដឹងកាលពីថ្ងៃពុធថា លោក ប្រធានាធិបតី ចូកូ វីដូដូ បានអនុម័តលើផែនការបង្កើនការចំណាយផ្នែកយោធារហូតដល់ ២០ ភាគរយនៅឆ្នាំក្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យយោធា ជាការឆ្លើយតបទៅនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកស្រីរដ្ឋមន្ត្រី Sri Mulyani Indrawati បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ថា ការអនុម័តនេះសម្រេចឡើងក្នុងកិច្ចប្រជុំមួយដែលលោកស្រីបានចូលរួមជាមួយលោកប្រធានាធិបតី វីដូដូ និងរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី Prabowo Subianto។ លោកស្រី Sri Mulyani បាននិយាយថា ថវិកាការពារជាតិនឹងត្រូវបង្កើនពី ២០,៧៥ ពាន់លានដុល្លារ ដល់ ២៥ ពាន់លានដុល្លារ។
លោកស្រីបន្តថា៖«តម្រូវការថវិកាត្រូវបានដាក់ចេញដោយក្រសួងការពារជាតិ។ វាចាត់ទុកថាជាភាពចាំបាច់ដោយផ្អែកលើស្ថានភាពផ្នែករឹងយោធារបស់យើង ក៏ដូចជាការកើនឡើងការគំរាមកំហែងចំពេលភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងសន្តិសុខភូមិសាស្ត្រកើនឡើង»។
យ៉ាងណាមិញ រដ្ឋមន្រ្តីដដែលគូសបញ្ជាក់ថា ទោះបីជាចំនួននៃការចំណាយនេះកើនឡើងគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ថវិកាការពារជាតិសម្រាប់រយៈពេល៥ឆ្នាំៗ ចន្លោះឆ្នាំ ២០២០-២០៣៤ នឹងនៅតែមានចំនួន ៥៥ ពាន់លានដុល្លារ ដែលនេះស្របតាមផែនការសារពើពន្ធរយៈពេលមធ្យមទៅវែង។លោកស្រីបន្ថែមថា ប្រភពថវិកានឹងផ្អែកលើកម្ចីពីបរទេស។
ឥណ្ឌូនេស៊ីចង់ធ្វើទំនើបកម្មកងនាវាចាស់ៗរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលដឹកនាំដោយលោករដ្ឋមន្រ្តីការពារជាតិ Prabowo ដែលជាបេក្ខជននាំមុខគេក្នុងការបោះឆ្នោតប្រធានាធិបតីនាខែកុម្ភៈខាងមុខឈរឈ្មោះជាមួយកូនប្រុសរបស់លោក វីដូដូ។
ប៉ុន្តែយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) សម្រាប់រយៈពេល១ទសវត្សរ៍កន្លងមកនេះ ការចំណាយលើវិស័យការពារជាតិឥណ្ឌូនេស៊ីសម្រាប់មនុស្សម្នាក់ៗ និងគិតជាភាគរយធៀបនឹងផលិតផលក្នុងស្រុកសរុប មានកម្រិតទាបបំផុតក្នុងចំណោមប្រទេសទាំងប្រាំ៦ ដែលមានសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើនក្នុងតំបន់។
កិច្ចព្រមព្រៀងផ្សេងៗដែលលោក Prabowo បានចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានការទិញយន្តហោះចម្បាំង Dassault Rafale ចំនួន៤២ គ្រឿងក្នុងតម្លៃ ៨,១ ពាន់លានដុល្លារ ដ្រូនថ្មី ១២ គ្រឿងពីក្រុមហ៊ុនអាកាសចរណ៍តួកគីតម្លៃ ៣០០ លានដុល្លារ និងយន្តហោះចម្បាំងMirage 2000-5 ចំនួន ១២ គ្រឿងតម្លៃ ៨០០ លានដុល្លារ។
លោករដ្ឋមន្រ្តីដដែល ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រដឹកជញ្ជូនពីក្រុមហ៊ុនអាមេរិក Boeing និងក្រុមហ៊ុន Lockheed Martin កាលពីខែសីហា ឆ្នាំនេះផងដែរ។
ក្រៅពីនេះ ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញនាវាសង្គ្រោះនាវាមុជទឹកតម្លៃ១០០ លានដុល្លារពីចក្រភពអង់គ្លេសក្នុងខែកញ្ញា បន្ទាប់ពីនាវាមុជទឹករបស់ប្រទេសមួយនេះបានលិចនៅឆ្នាំ ២០២១អំឡុងពេលធ្វើសមយុទ្ធមួយ៕