ក្រសួង​សុខាភិបាល​​កោះ​តៃវ៉ាន់ ​​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ជំរុញ​ឱ្យ​​ប្រជាជន​​ចាស់​ៗ​​​​កូន​​ក្មេង​​តូច​ៗ​ ​និង​អ្នក​ងាយ​រង​គ្រោះ​ផ្សេង​ៗ​ ​​ចៀស​វាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ ដោយ​សារ​តែ​​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​ទីនោះ​កើន​ឡើង​ ​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ប្រ​ចាំ​សប្តាហ៍​ ក្រសួង​សុខាភិបាល​​តៃវ៉ាន់​ បាន​និយាយ​ថា​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​ក្នុង​ប្រទេស​ចិន ​មនុស្ស​ចាស់​ កុមារ​តូច​ៗ​ និង​​ក្រុម​មនុស្ស​ផ្សេង​ទៀត​ដែល​​មាន​ហានិភ័យ​សុខភាព​ ​មិន​គួរ​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដី​គោក​ ហុងកុង ​និង​ម៉ាកាវ ​នោះ​ទេ​ លើក​លែង​តែ​ករណី​​ចាំ​បាច់​។

​ក្រសួង​បន្ថែម​ថា​​ប្រសិន​បើ​ការ​ធ្វើ​ដំណើរ​​គឺ​ជា​ការ​ចាំ​បាច់ ​ប្រជាជន​គួរ​តែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្តាសាយ​ និង​កូវីដ១៩​ជា​មុន​សិន​ មុន​ទៅ​ចិន​។ ​

កាល​ពី​សប្ដាហ៍​មុន​ អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​​បាន​ស្នើ​ឱ្យ​​ប្រទេ​ស​ចិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​កើន​ឡើង​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ក្នុង​ប្រទេស​របស់​ខ្លួន​​​​ខណៈ​មន្ត្រី​ WHO ​​និយាយ​ថា​​ការ​កើន​ឡើងនេះ​​មិន​មាន​កម្រិត​ខ្ពស់​ដូច​មុន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​​១៩​ឡើយ​ ហើយ​ក៏​មិន​​ឃើញ​មេរោគ​ចម្លែក​ ឬ​ថ្មី​ណា​មួយ​ដែរ​។

 ​យ៉ាង​ណា​មិញ​ កន្លង​មក​ កោះ​តៃវ៉ាន់​មាន​ការ​​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ទុះ​ជំងឺ​នៅ​​ចិន​ ​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ (SARS) ​ក្នុង​ប្រទេស​នេះ​​ ​ហើយ​​រាល​ដាល​លើ​ពិភព​លោក​ដោយ​សម្លាប់​មនុស្ស​ជិត​ ៨០០ នាក់​ចន្លោះ​​ឆ្នាំ​ ២០០២-២០០៣។

 ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ពាក់​ព័ន្ធ​នឹង​​ស្ថានភាព​ចុង​ក្រោយ​នេះ​ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង​ យី​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​​ ការ​កើន​ឡើង​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​ក្នុង​ប្រទេស​ចិន​ គឺ​ជា​បញ្ហា​ទូទៅ​ដែល​ប្រទេស​ទាំង​អស់​ប្រឈម​មុខ​ ហើយ​អាជ្ញាធរ​ចិន​មាន​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​៕​