ប្អូនស្រីដ៏មានឥទ្ធិពលនៃមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យូជុង នាថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលសំណើចរចាគ្នាឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ បន្ថែមពីលើការច្រានចោលនេះ ផ្ទុយទៅវិញ មន្រ្តីកំពូលកូរ៉េខាងជើងដដែល បានប្ដេជ្ញាបាញ់បង្ហោះផ្កាយរណបបន្ថែមទៀត ទោះបីជាទង្វើនេះរំលោភលើបម្រាមអង្គការសហប្រជាជាតិក៏ដោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកស្រី គីម បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ យ៉ាងដូច្នេះថា៖ «គេមិនអាចយកអធិបតេយ្យភាពនៃរដ្ឋឯករាជ្យ ធ្វើជារបៀបវារៈ សម្រាប់ការចរចាបានទេ ដូច្នេះហើយ (កូរ៉េខាងជើង) នឹងមិនអង្គុយទល់មុខគ្នាជាមួយសហរដ្ឋអាមេរិក សម្រាប់គោលបំណងនោះឡើយ»។
លោកស្រីបន្តថា៖«កូរ៉េខាងជើងនឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍អ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន និងបន្តអនុវត្តសិទ្ធិអធិបតេយ្យភាព ដែលរដ្ឋជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិទទួលបានដោយសេចក្តីថ្លៃថ្នូរ ដោយមិនមានការរឹតត្បិតនាពេលអនាគតផងដែរ»។
ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ.ស.ប.លោកស្រី លីនដា ថូម៉ាស់-ហ្រ្គីនហ្វៀលដ៍បានថ្លែងក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប. កាលពីដើមសប្តាហ៍នេះថាការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីពេលថ្មីៗរបស់កូរ៉េខាងជើង គឺជាសកម្មភាព«មិនប្រុងប្រយ័ត្ន និងខុសច្បាប់» ដែលគំរាមកំហែងដល់ប្រទេសជិតខាងរបស់ខ្លួន។
យ៉ាងណាមិញ មន្រ្តីការទូតអាមេរិកដដែលបានបញ្ជាក់ជាថ្មីនាពេលនោះថា អាមេរិកនៅតែបន្តសំណើលើការចរចាគ្នាដោយគ្មានលក្ខខណ្ឌជាមុន ហើយកូរ៉េខាងជើង «អាចជ្រើសរើសពេលវេលា និងប្រធានបទបាន»។
សេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានហាមឃាត់ប្រទេសកូរ៉េខាងជើង ពីការបាញ់បង្ហោះណាមួយដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង ដូចជាការបាញ់បង្ហោះផ្កាយរណប និងការសាកល្បងមីស៊ីលជាដើម។
ប៉ុន្តែកូរ៉េខាងជើងបានអះអាងថា ខ្លួនមានសិទ្ធិជាអធិបតេយ្យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម និងការបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក។កូរ៉េខាងជើងចាត់ទុកសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងធំៗ ថាជាការហាត់សមដើម្បីឈ្លានពាន ហើយជារឿយៗធ្វើការប្រតិកម្មដោយការបាញ់សាកល្បងអាវុធរបស់ខ្លួន។
បន្ថែមពីលើបញ្ហានេះ លោកស្រី គីម បាននិយាយថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប. កាលពីថ្ងៃចន្ទសប្តាហ៍មុន ធ្វើឡើងស្របតាម «ការទាមទារដូចក្រុមជើងកាងរបស់អាមេរិក និងបក្ខពួក»។
លោកស្រីបន្តថា លោកស្រី ថូម៉ាស់-ហ្រ្គីនហ្វៀលដ៍ ត្រូវតែពន្យល់សិនអំពីមូលហេតុដែលធនធានយុទ្ធសាស្ត្ររបស់អាមេរិក មាននៅកំពង់ផែកូរ៉េខាងត្បូង មុននឹងនិយាយកោកៗថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងជាទង្វើខុសច្បាប់។
មន្រ្តីកំពូលកូរ៉េខាងជើងដដែលថ្លែងយ៉ាងដូច្នេះ ដោយសំដៅលើការបង្កើនការដាក់ពង្រាយជាបណ្ដោះអាសន្ននូវធនធានយោធាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិករួមមាននាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស្របតាមកិច្ចព្រមព្រៀងអាមេរិក-កូរ៉េខាងត្បូង ដើម្បីបង្កើនការការពារប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលអាចកើតមាន។
គេមើលឃើញថា ភាពតានតឹងរវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ពោលគឺសហរដ្ឋអាមេរិក នៅតែបន្តតានតឹងទៅៗ ជុំវិញសកម្មភាពយោធារបស់មហាអំណាចមួយនេះក្នុងតំបន់ និងសកម្មភាពយោធារបស់កូរ៉េខាងជើងផ្ទាល់ ខណៈកិច្ចចរចាស្វែងរកដំណោះស្រាយរួមនៅជាប់គាំង។
ក្នុងឆ្នាំ ២០១៨ មេដឹកនាំកូរ៉េខាង លោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមការចរចាការទូត ដែលសង្កត់ធ្ងន់លើអនាគតនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមមានទាំងការរំសាយអាវុធប្រល័យលោកនេះ។
ប៉ុន្តែកិច្ចប្រជុំកំពូលការទូតរបស់ប្រទេសទាំង២ បានធ្លាក់ចុះដាច់ពីគ្នាក្នុងឆ្នាំ ២០១៩ ដោយសារតែជម្លោះជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិលើកូរ៉េខាងជើង។ ចាប់តាំងពីពេលនោះមក លោក គីម បានផ្តោតលើការពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ហើយអ្នកជំនាញនិយាយថា សកម្មភាពបែបនេះនឹងផ្តល់ឱ្យកូរ៉េខាងជើងនូវអានុភាពកាន់តែច្រើន ដើម្បីឈ្នះសម្បទានពីសហរដ្ឋអាមេរិកក្នុងការចរចានាពេលអនាគត៕