ត្រឹមប៉ុន្មានសប្តាហ៍បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទផ្សព្វផ្សាយ «ព័ត៌មានប្រឌិត» នៅលើបណ្តាញសង្គមពាក់ព័ន្ធការបះបោរនិងញុះញង់ប្រឆាំងនឹងយោធា អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ាលោក Ye Htut ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំ។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីសន្តិសុខដែលបានឱ្យដឹងថា តុលាការរបបយោធាមីយ៉ាន់ម៉ាបានកាត់ទោស លោក Ye Htut ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ក្រោមច្បាប់ចំនួន ២ គឺពីបទឧក្រិដ្ឋកម្មញុះញង់ប្រឆាំងនឹងយោធា និងការបះបោរ បន្ទាប់ពីការចោទប្រកាន់ និងដាក់ពន្ធនាគារ Insein ពីទីក្រុង Yangon។
ក្រៅតែពីផ្តល់ព័ត៌មាននៃការកាត់ទោស ប្រភពដែលសុំមិនបញ្ចេញឈ្មោះខាងលើនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ព្រោះមិនមានសិទ្ធិនិយាយជាមួយអ្នកសារព័ត៌មាន។
លោក Ye Htut ត្រូវបានចាប់ខ្លួននៅក្នុងខែតុលាពោលគឺត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីរបបយោធាបានចោទប្រកាន់លោកពីបទលាតត្រដាងអាសយដ្ឋានរបស់មន្ត្រីយោធាចូលនិវត្តន៍។
លោក Ye Htut គឺជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ក្រោមរដ្ឋាភិបាលយោធារបស់លោក ថេន សេន ដែលបានប្រគល់អំណាចទៅឱ្យលោកស្រី អ៊ុងសាន ស៊ូជីក្នុងឆ្នាំ ២០១៥ បន្ទាប់ពីការបោះឆ្នោត។
រដ្ឋបាលរបស់លោក ថេន សេន ដែលកាន់អំណាចក្នុងអំឡុងពេលរលកនៃអំពើហិង្សាសាសនាបានប្រគល់អំណាចទៅឱ្យលោកស្រី អ៊ុងសាន ស៊ូជី នាគ្រានោះ អនុញ្ញាតឱ្យប្រទេសមីយ៉ាន់ម៉ាផ្តើមមានសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងសង្គម រយៈពេលខ្លីក៏ដូចជាការផ្តល់សិទ្ធិឱ្យគណបក្សប្រឆាំងរបស់លោកស្រី ស៊ូជី ចូលទៅកាន់ចរន្តនយោបាយ។ ក៏ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ទៅវិញដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១។
សម្រាប់លោក Ye Htut បើទោះបីជាចូលនិវត្តន៍តាំងតែពីរដ្ឋបាលលោក ថេន សេន ក្តីតែលោក នៅតែសកម្មនៅលើបណ្តាញសង្គម និងទទួលបានរហ័សនាម moniker ឬនាយករដ្ឋមន្ត្រីហ្វេសប៊ុក សម្រាប់ការបង្ហោះជាញឹកញាប់របស់លោកនៅលើបណ្តាញសង្គម ហើយក៏ទទួលបានការពេញនិយមបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែរ របបយោធាក៏បានឃុំខ្លួនមន្ត្រីពាណិជ្ជកម្មមួយចំនួន ខណៈកាលពីខែតុលាយោធាក៏បានកាត់ទោសសម្ព័ន្ធមិត្ត ២ រូបរបស់ប្រមុខរបបយោធាលោក Min Aung Hlaing ឱ្យជាប់ពន្ធនាគារម្នាក់ ២០ ឆ្នាំពីបទពុករលួយ និងការរំលោភអំណាចផងដែរ៕