តួកគីដែលជំទាស់ការចង់បានរបស់សមាជិកអង្គការណាតូក្នុងការនាំស៊ុយអែតចូលរួមជាមួយអង្គការប្រដាប់អាវុធមួយនេះតាំងពីពាក់កណ្តាលឆ្នាំ ២០២២ បានជូនដំណឹងដល់ប្រទេសស៊ុយអែតថា ខ្លួននឹងផ្ដល់សច្ចាប័នព្រមឱ្យស៊ុយអែតចូលជាសមាជិកនៃសម្ព័ន្ធភាពអង្គការណាតូនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសស៊ុយអែតកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។
កាលពីឆ្នាំមុនបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់បានខិតខំស្វះស្វែងរកការចូលជាសមាជិករបស់អង្គការណាតូភ្លាមៗ ប៉ុន្តែបានជោគជ័យតែប្រទេសហ្វាំងឡង់ប៉ុណ្ណោះ ដោយបានចូលជាសមាជិកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣។
ដំបូងឡើយ ប្រទេសតួកគីដែលជាសមាជិកអង្គការណាតូ និងដែលមាន លោក តៃយីប អេរដូហ្គែន (Tayyip Erdogan) ជាប្រធានាធិបតីបានជំទាស់នឹងសមាជិកភាពរបស់ប្រទេសទាំង ២ ដោយសារតែការព្រួយបារម្ភថាស៊ុយអែតនិងហ្វាំងឡង់កំពុងគាំទ្រក្រុមមនុស្សដែលត្រូវបានតួកគីចាត់ទុកថាជាក្រុមភេរវករ។ យ៉ាងណាក៏ដោយ តួកគីបានអនុម័តយល់ព្រមឱ្យហ្វាំងឡង់ចូលជាសមាជិកនៅដើមខែមេសា ហើយពន្យារពេលសម្រេចចិត្តលើសមាជិកភាពរបស់ប្រទេសស៊ុយអែត។
រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោក ថូប៊ា បៀលស្ត្រម (Tobias Billstrom) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគីក្រោយមកលោកបានលើកឡើងថា៖«រដ្ឋមន្ត្រីតួកគីបាននិយាយប្រាប់ខ្ញុំថាតួកគីនឹងធ្វើការអនុម័តយល់ព្រមចំពោះសមាជិកភាពស៊ុយអែតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
យ៉ាងណាមិញ ភាគីខាងតួកគីនៅមិនទាន់បានបញ្ជាក់ឬធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ ប៉ុន្តែតួកគីបានជំរុញប្រទេសស៊ុយអែតឱ្យចាត់វិធានការប្រឆាំងបន្ថែមទៀត ទៅនឹងសមាជិកក្នុងស្រុកនៃគណបក្សពលករឃឺដ (PKK) ដែលត្រូវបានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកចាត់ទុកថាជាអង្គការភេរវកម្មផងដែរ។
ជាការឆ្លើយតប ស៊ុយអែតបានដាក់ចេញនូវច្បាប់ប្រឆាំងភេរវកម្មនិងបានយល់ព្រមកាត់បន្ថយការរឹតបន្តឹងការនាំចេញអាវុធទៅកាន់ប្រទេសតួកគីដែលជាការបំពេញតាមការសន្យារបស់ខ្លួនដើម្បីអាចចូលជាសមាជិកអង្គការណាតូបាន។សមាជិកណាតូខ្លះបានសង្ឃឹមថាសមាជិកភាពរបស់ប្រទេសស៊ុយអែតនឹងទទួលបានជោគជ័យនាពេលឆាប់ៗខាងមុខនេះ។
ទោះយ៉ាងណា លោកបៀលស្ត្រម បាននិយាយថា រដ្ឋមន្ត្រីការបរទេសតួកគីមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។
កាលពីខែកក្កដា ប្រធានាធិបតីតួកគី លោក អេរដូហ្គែន ធ្លាប់បានភ្ជាប់សមាជិកភាពណាតូរបស់ប្រទេសស៊ុយអែតទៅនឹងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់តួកគីដែលបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប បូរ៉េល (Josep Borrell) បានលើកឡើងកាលពីថ្ងៃពុធថា៖«វានៅមានបញ្ហាមិនទាន់ដោះស្រាយជាច្រើនមុនពេលដែលតួកគីអាចចូលជាសមាជិកអឺរ៉ុបបាន»។
សហភាពអឺរ៉ុបបានប្រកាសថាខ្លួនអាចនឹងចាប់ផ្តើមការពិភាក្សាឡើងវិញជាមួយប្រទេសតួកគីដើម្បីធ្វើបច្ចុប្បន្នភាពសហជីពគយឱ្យបានយ៉ាងឆាប់រហ័សនិងស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យកម្មវិធីទិដ្ឋាការកាន់តែងាយស្រួល។ ដោយឡែក សមាជិកភាពអង្គការណាតូរបស់ស៊ុយអែត ក៏ត្រូវរង់ចាំផ្ដល់សច្ចាប័នពីប្រទេសសមាជិកណាតូមួយទៀត គឺប្រទេសហុងគ្រី។
ប៉ុន្តែ លោកបៀលស្ត្រម បាននិយាយថា នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកកូ អូបាន (Viktor Orban) ធ្លាប់បានបញ្ជាក់ថា ហុងគ្រីនឹងមិនមែនជាប្រទេសចុងក្រោយយល់ព្រមលើសមាជិកភាពរបស់ស៊ុយអែតទេ៕